(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៤៣,២២០,៩៤៤,០៦៦រៀល (ប្រមាណ១០.៥លានដុល្លារ) និង ៤,៦០៤,០៥០ ដុល្លារអាមេរិក ដោយរួមទាំងថវិកាបរិច្ចាគចំនួន ៦៦២ ៤៨១ ដុល្លារអាមេរិក ដែលសប្បុរសជនបានបរិច្ចាគផ្ទាល់ នៅមន្ទីពេទ្យគន្ធបុប្ផាភ្នំពេញ និង ១១៣ ៥៥២ ដុល្លារអាមេរិក នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ឬមន្ទីរពេទ្យគន្ធបុប្ផា-ខេត្តសៀមរាប)។
មូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ទៀតថា ក្នុងឆមាសទី១ ឆ្នាំ២០២០នេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជាក៏បានផ្ទេរថវិកាចំនួន ៤,៦២៩,៦៦៦ ដុល្លារអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណាយលើការសាងសង់ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្របែបទំនើបនៅបន្ទប់សង្គ្រោះបន្ទាន់កុមារ (PICU) និងបន្ទប់សង្គ្រោះបន្ទាន់ទារកក្រោយពេលសម្រាល (NICU) នៅមន្ទីរ-ពេទ្យជ័យវរ្ម័នទី៧ និងដើម្បរក្សានិរន្តរភាពនៃកិច្ចដំណើរការ ក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺដល់កុមារនៅកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។
ដោយឡែកសម្រាប់ខែមិថុនា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគចំនួន ៤១,២៤២,៣០៤,០៨០ រៀល និង ៤២៣ ៩៥៤ ដុល្លារអាមេរិក ក្នុងនោះមានវិភាគទានប្រចាំឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលចំនួន ៤០,០០០,០០០,០០០ (សែសិបប៊ីលាន) រៀល និងថវិកាបរិច្ចាគពីសប្បុរសជនចំនួន ៤ ៧១៤រូប ដែលរួមមានសមាជិកកិត្តិយសចំនួន ៦ រូប, សមាជិកគាំទ្រចំនួន ៣ ៦៩០ រូប និងសប្បុរសជនផ្សេងៗ ចំនួន ១ ០១៨ រូប ព្រមទាំងថវិកាចំនួន ២ ៣៦៨ ០០០ រៀល និង ១៨៥ ដុល្លារអាមេរិក ដែលបានមកពីហិបមូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមគោលដៅនានាផងដែរ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់សប្បុរសជនទាំងអស់ ចំពោះការបន្តគាំទ្រ និងបរិច្ចាគថវិកា ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងធានាឱ្យបាននូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង 0៥ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពកុមារ និងទារក នៅកម្ពុជា ដែលជាអាទិភាពមួយ នៅក្នុងក្របខណ្ឌគោកនយោបាយជាតិ-គាំពារសង្គម ជាពិសេសក្នុងពេលដែលពិភពលោកទាំងមូល រួមទាំងកម្ពុជា កំពុងទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩៕