(ភ្នំពេញ)៖ ក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យ វឌ្ឍនភាពនៃការសាងផ្លូវក្រវាត់ក្រុងខ្សែទី៣ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនដំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា គិតមកដល់ពេលនេះផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ដំណើរការសាងសង់បានសម្រេចប្រមាណ៤០%ហើយ។
លោក លឹម ស៊ីដេនីន បានឱ្យដឹងទៀតថា តាមរយ:ការចុះត្រួតពិនិត្យគុណភាព ដោយមិនបានឱ្យក្រុមហ៊ុនដឹងមុននេះ បានមើលឃើញថា សម្រាប់គុណភាពនៅកន្លែងធ្វើស្ពាន គឺនៅមានការខ្វះខាតបន្តិចបន្តួច តែមិនមែនជាបញ្ហាចោទនោះទេ ដោយក្រុមហ៊ុនសន្យានឹងធ្វើឱ្យបានរឹងមាំ និងត្រឹមត្រូវបានលក្ខណ:បច្ចេកទេស ហើយសម្រាប់គ្រឹះនៃការសាងសង់ផ្លូវនេះវិញ គឺបានត្រឹមត្រូវតាមស្ទង់ដារបច្ចេកទេស ដែលក្រសួងបានកំណត់ត្រឹមត្រូវ។
លោក លឹម ស៊ីដេនីន បានឱ្យដឹងទៀតថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ប្រវែងសរុបជិត៥៣គីឡូម៉ែត្រ ក្នុងនោះឆ្លងកាត់ភូមិសាស្រ្ត រាជធានីភ្នំពេញជាង១៥គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១។
លោកបានឱ្យដឹងទៀតថា ផ្លូវក្រវាត់ក្រុងទី៣នេះ មានទំហំទទឹងផ្លូវរហូតដល់ទៅ ២៧ម៉ែត្រសម្រាប់ទីប្រជុំជន សម្រាប់ក្រៅទីប្រជុំជនវិញមានទំហំទទឹងផ្លូវ ២៥ម៉ែត្រ។ ផ្លូវនេះនឹងមានដាក់អំពូលបំភ្លឺផ្លូវសម្រាប់កំណាត់ផ្លូវក្នុងក្រុង និងដើមឈើលម្អសម្រាប់កំណាត់ផ្លូវក្រៅក្រុង។ ផ្លូវក្រវាត់ក្រុងខ្សែទី៣ គឺផ្លូវដ៏សំខាន់មួយជួយកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរដែលធ្លាប់មានកន្លងមក និងជួយសម្រួលដល់ការធ្វើដំណើរ និងចរាចរណ៍ក្នុងរាជធានីបន្ថែមទៀត។
សូមបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣នេះ នឹងមានសាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន០៤កន្លែង (ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ប្រវែងសរុប ១,០០០ម៉ែត្រ។ សាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ០២កន្លែង ត្រង់កោះអន្លង់ចិន ប្រវែងសរុប ៩៩៦ម៉ែត្រ (ក្នុងនោះស្ពានបាសាក់ខាងកើតប្រវែង ៦៣០ម៉ែត្រ និងស្ពានបាសាក់ខាងលិច ប្រវែង៣៦៦ម៉ែត្រ)។ សាងសង់ស្ពានមធ្យម និងខ្លីចំនួន០៦កន្លែង និងលូគ្រប់ប្រភេទ១១៣កន្លែង។
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ គ្រោងចំណាយថវិកាសរុបប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ហើយរាជរដ្ឋាភិបាលកម្ពុជាចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ពន្ធ និងសួយសារអាករ។
ផ្លូវមួយខ្សែនេះ សាងសង់តដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប ខូអិលធីឌី (Shanghai Construction Group Co., Ltd.) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ៕