(ភ្នំពេញ)៖ ថ្ងៃសុក្រទី១០ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំប្រចាំខែមិថុនា និងទិសដៅការងារសម្រាប់ខែកក្កដា ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងតំណាងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកស្នងការរង អធិការរងទទួលការងារព័ត៌មាន និងប្រតិកម្មរហ័ស និងសមាជិកជាច្រើនរូបទៀត។
ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ បានធ្វើការបង្ហាញអំពីលទ្ធផល ដំណោះស្រាយ វិធានការណ៍ ដែលក្រុមការងារបានខិតខំធ្វើ ក្នុងគោលបំណងផ្តល់សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាពិសេសតាមដាន ឆ្លើយតប បកស្រាយ ដោះស្រាយ និងមានវិធានការណ៍ភ្លាមៗជូនប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាផ្សេងៗ។
ម្យ៉ាងវិញទៀតក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តែងតែធ្វើការឆ្លើយតប បកស្រាយ បដិសេធទាន់ហេតុការណ៍ភ្លាមៗ ទាក់ទងទៅនឹងជនមួយចំនួន ដែលចុះផ្សាយព័ត៌មានមិនពិត ដែលមានបំណងបង្ខូចកិត្តិយស បំពុលបរិយាកាសសង្គម ឬក្នុងគោលបំណងបង្កភាពចលាចល និងបង្កឲ្យមានអសន្តិសុខក្នុងសង្គមជាដើម។
ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមមតិពីសំណាក់ក្រុមការងារតាមបណ្តាខណ្ឌទាំង១៤ រួមទាំងលើកឡើងនៅបញ្ហាប្រឈមមួយចំនួន ដំណោះស្រាយ វិធានការណ៍ និងមានផែនដើម្បីអនុវត្តបន្ត។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ហ៊ួត ចាន់យ៉ារ៉ាន់ ក៏បានចូលរួមមតិល្អៗជាច្រើនដល់អង្គប្រជុំ ក៏ដូចជាធ្វើការកោតសរសើរដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សទាំងអស់ ដែលបានខិតខំធ្វើការងារបម្រើអង្គភាព និងប្រជាពលរដ្ឋបានយ៉ាងល្អ។
ជាកិច្ចបញ្ចប់លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម បានចូលរួមមតិយោបល់មួយចំនួន ដល់អង្គប្រជុំ និងសរសើរដល់ក្រុមការងារ ជាពិសេសសូមឲ្យក្រុមការងារពង្រឹងការងារបន្ថែមឲ្យបានកាន់តែល្អ ជាពិសេសធ្វើយ៉ាងណាត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អបំផុត៕