(ភ្នំពេញ) ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកែសម្រួលប្រព័ន្ធចរាចរណ៍នៅស្តុបចំនួនពីរ គឺស្តុបច្រមុះជ្រូកក្បាលថ្នល់ និងស្តុបវត្តនាគវ័ន្ត ដើម្បីឲ្យចរាចរណ៍មានភាពល្អប្រសើរជាងមុន ខណៈដែលស្តុបទាំង២នេះ តែងតែកកស្ទះចរាចរណ៍រាល់ថ្ងៃនោះ។
ការបញ្ជាក់ពីការប្ដូរប្រព័ន្ធចរាចរណ៍នៅស្តុបទាំងពីរនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីជំនាញ និងនគរបាលស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រព័ន្ធចរាចរណ៍នៅច្រមុះជ្រូកក្បាលថ្នល់ មានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ ដោយមើលឃើញពីបញ្ហាខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង បានសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីសូមយកស្ថានីយប្រេងសូគីមិច ចេញពីច្រមុះជ្រូកក្បាលថ្នល់ ដោយប្តូរទៅកាន់ទីតាំងផ្សេង ដើម្បីសម្រួលប្រព័ន្ធចរាចរណ៍នៅតំបន់នេះ ឱ្យកាន់តែប្រសើរឡើងជាងមុន។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងការកែប្រពន្ធលំហូរចរាចរណ៍នៅស្តុបច្រមុះជ្រូកក្បាលថ្នល់នេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងពង្រីកផ្លូវព្រះមន្នីវង្សឲ្យបានបីគន្លង និងផ្លូវលេខ២៧១ បីគន្លង ជាមួយនឹងការយកការ៉ាស់សាំងសូគីមិច នៅច្រមុះជ្រូកនេះចេញផងដែរ ។
ដោយឡែកនៅស្តុបវត្តនាគវ័ន្តវិញ ក៏មានការកែសំរួលប្រព័ន្ធចរាចរណ៍ផងដែរ ដោយនឹងធ្វើការបើកផ្លូវ២២១ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ដែលបច្ចុប្បន្ននេះបិទមិនឲ្យធ្វើចរាចរណ៍ឡើងមកលើផ្លូវសហព័ន្ធរុស្ស៊ី និងកាត់ផ្លូវហព័ន្ធរុស្ស៊ី ចូលទៅវត្តនាគវ័ន្តឲ្យដំណើរការចរាចរណ៍ តែមិនអនុញ្ញាតិឲ្យបត់ឆ្វេង បត់ស្ដាំចុះពីផ្លូវសហព័ន្ធរុស្ស៊ីទៅលើកំណាត់ផ្លូវលេខ២២១នេះឡើយ។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានឯកភាព ទៅនឹងការកែសម្រួលប្រព័ន្ធចរាចរណ៍ នៅស្តុបទាំងពីរខាងលើ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបានធ្វើការណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ពិសេសលោក សាំ ពិសិដ្ឋ មុននៃការបើកឲ្យធ្វើចរាចរណ៍នៅស្តុបទាំង២នេះ ត្រូវតែធ្វើបទបង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយឲ្យទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋប្រជាពលរដ្ឋ បានយល់ដឹងអំពីការកែសម្រួលប្រព័ន្ធចរាចរណ៍នៃស្តុបទាំងពីរខាងលើនេះ។
ដោយឡែកការបើកការដ្ឋានស្ថាបនាប្រឡាយលូ ដូចជាបើកការដ្ឋានស្ថាបនាផ្លូវ ក្នុងនាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គួរត្រូវតែធ្វើបទបង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងផងដែរ៕