(ភ្នំពេញ)៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅលើសំណង់មិនរៀបរយលើផ្លូវសាធារណៈ តំបន់តំបន់អតីតបន្ទាយស្លឹក ចំនួន ៨៧ខ្នងផ្ទះ ស្ម័គ្រចិត្តរុះរើចេញ និងទទួលយកដីកម្មសិទ្ធិស្របច្បាប់ នៅតំបន់អភិវឌ្ឍន៍ថ្មីនៅវិហារសួគ៌ ។
លោកបានបញ្ជាក់ថា បន្ទាប់ពីទទួលបានការយល់ព្រមផ្តល់ជូនដីឡូតិ៍ទំហំ ៤ម៉ែត្រ គុណ ១៥ម៉ែត្រ ក្នុងមួយខ្នងផ្ទះ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈសំណើរបស់ប្រជាពលរដ្ឋសហគមន៍បន្ទាយស្លឹកចំនួន ៨៧ខ្នងផ្ទះ រស់នៅលើផ្លូវសាធារណៈលេខ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងរួចមក នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ម្ចាស់ផ្ទះទាំងអស់បានស្ម័គ្រចិត្តចូលរួមរុះរើសំណង់របស់ខ្លួន ជាមួយអាជ្ញាធរដោយស្មារតីសហការ និងសប្បាយរីករាយ ដើម្បីរៀបចំសម្ភារ និងដឹកជញ្ជូនទៅទីតាំងដីឡូតិ៍ថ្មី ដែលអាជ្ញាធររាជធានីភ្នំពេញបានរៀបចំផ្តល់ជូន ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយស្នាក់នៅបណ្តោះអាសន្នមួយរយៈក្នុងផ្ទះដែលបានរៀបចំទុកជូន។
លោក ម៉េត មាសភក្តី បានបញ្ជាក់បន្តថា ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច ក្នុងការផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំរៀបចំចាត់ចែងការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ តាំងពីដំណាក់កាលចាប់ផ្តើមរៀបចំនីតិវិធី រហូតឈានដល់ការរុះរើដោយស្ម័គ្រចិត្ត ដែលប្រជាពលរដ្ឋពេញចិត្តទទួលយក។
សូមបញ្ជាក់ថា អនុវត្តតាមការណែនាំរបស់លោកអភិបាលរាជធានីភ្នំពេញ, លោក ម៉េត មាស ភក្តី ក៏ បានដឹកនាំសម្របសម្រួលដោះស្រាយដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋរស់នៅលើផ្លូវសាធារណៈតំបន់បឹងកេងកងនេះ រហូតឈានដល់ការសម្រេចចិត្តចាកចេញ៕