(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាងថា នៅក្នុងមួយឆ្នាំ កម្ពុជាបានបង្កើតសំរាមប្រមាណជិត ៤លានតោន ពោលគឺនៅទូទាំងប្រទេសមានសំរាមជាង ១ម៉ឺននតោន ក្នុងមួយថ្ងៃ។ ដោយឡែកនៅរាជធានីភ្នំពេញ សំរាមដែលបង្កើតឡើងមានចន្លោះពី ២៧០០ ទៅ៣០០០តោន ក្នុងមួយថ្ងៃ។
ការអះអាងបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញ នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋនៅក្នុងពិធីសំណេះសំណាល និងប្រគល់ធុងសំរាមជូនប្រជាពលរដ្ឋរស់នៅក្នុងគម្រោងទី១ បុរី ប៉េង ហួត នៅក្នុងបរិវេណសួនច្បារក្នុងបុរីប៉េង ហួត បឹងស្នោរ។
លោកបានអះអាងយ៉ាងដូច្នេះថា៖ «នៅក្នុងមួយឆ្នាំ កម្ពុជាបានបង្កើតសំរាមប្រមាណជិត ៤លានតោន ពោលគឺនៅទូទាំងប្រទេសមានសំរាមជាង ១ម៉ឺននតោន ក្នុងមួយថ្ងៃ។ ដោយឡែកនៅរាជធានីភ្នំពេញសំរាមដែលបង្កើតឡើងមានចន្លោះពី ២៧០០ ទៅ ៣០០០តោន ក្នុងមួយថ្ងៃក្នុងនោះសំណល់ម្ហូបអាហារមានចំនួន ៥៧,៤០% សំណល់ថង់ប្លាសស្ទិក មានប្រមាណ ១៨,១០% សំណល់ក្រដាស ៦% កៅស៊ូ និងស្បែក ០,២% សំណល់ស្មៅ ឈើ ក្រណាត់ ថ្ម និងផ្សេងៗមានចំនួន ១៨,៣០%»។
លោក នេត្រ ភក្ត្រា បានបន្ថែមយ៉ាងដូច្នេះថា៖ «ក្រសួងបរិស្ថាន សូមអរគុណបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមប្រតិបត្តិមេត្រីភាពក្នុងការរស់នៅប្រចាំថ្ងៃជាពិសេសចូលរួមញែកសំរាមតាមបច្ចេកទេសដោយទុកដាក់វេចខ្ចប់សំរាមតាមប្រភេទ គឺសំណល់សរីរាង្គ សំណល់ដែលអាចកែច្នៃនិងប្រើប្រាស់ឡើងវិញបាន និងសំណល់ដែលគ្រោះថ្នាក់»។
ការអនុវត្តគោលការណ៍ញែកសំរាមតាមប្រភេទនេះ ត្រូវបានអនុវត្តដោយក្រុមការងារ «ផ្តើមពីយើង» ដឹកនាំដោយលោក គួច វែងស្រ៊ុន និងយុវជនស្ម័គ្រចិត្ត និងចូលរួមអនុវត្តដោយក្រុមហ៊ុនបុរី ប៉េងហួត ហើយគម្រោងនេះទទួលបានការគាំទ្រដោយក្រសួងបរិស្ថានក្នុងគោលបំណងបណ្តុះស្មារតីស្រឡាញ់បរិស្ថាន និងបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋញែកសំរាមតាមបច្ចេកទេស និងវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីបរិស្ថានស្អាត និងមានផាសុកភាពល្អ។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ «ផ្តើមពីយើង» ក្រុមហ៊ុនបុរី ប៉េងហួត ដែលបានសហការគ្នារៀបចំអនុវត្តគម្រោងនេះរហូតបាន ទទួលជោគជ័យនិងមានការចូលរួមគាំទ្រអនុវត្តពីសំណាក់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា លោករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន តែងតែគិតគូរជានិច្ចពីការថែរក្សា ការពារ និងលើកកម្ពស់បរិស្ថាននៅកម្ពុជា និងបានជំរុញឱ្យមានប្រតិបត្តិមេត្រីបរិស្ថាន។ ជាមួយនេះ លោកក៏បានលើកឡើង ពីផលប្រយោជន៍នៃការរៀបចំទុកដាក់ និងបែងចែកសំរាមឱ្យបានត្រឹមត្រូវ និងផលប៉ះពាល់ដែលកើតចេញពីការបោះសំរាម ចោលផ្តេសផ្តាស។
ក្នុងនាមរដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក នេត្រ ភក្ត្រា មានជំនឿថាគម្រោងផ្តើមពីយើងនេះនឹងទទួលបានជោគជ័យហើយក្លាយជាគំរូសម្រាប់កាអនុវត្តនៅតាមបណ្តាបុរីនានាក្នុងរាជធានីភ្នំពេញ និងជំរុញចលនាញែកសំរាមតាមបច្ចេកទេស និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅទូទាំងប្រទសកម្ពុជា ដោយលោកបានគូសបញ្ជាក់ថា សំរាមមានតម្លៃជាសេដ្ឋកិច្ច ប្រសិនបើយើងចូលរួមញែកសំរាមឱ្យបានត្រឹម ហើយបរិមាណសំរាមដែលដឹកយកទៅចាក់ចោលនៅលើទីលានចាក់សំរាមនឹងត្រូវបានកាត់បន្ថយដោយសំរាមខ្លះអាចយកទៅកែច្នៃ និងប្រើប្រាស់ឡើងវិញ សំណល់សរីរាង្គដែលជាសំណល់ម្ហូបអាហារអាចកែច្នៃជាជីកំប៉ុស្តិ៍ដាក់លើដំណាំ ឬរុក្ខជាតិផ្សេងទៀតបាន។
នាឱកាសនោះដែរ ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីនេះ មានក្ដីរំភើប និងពេញចិត្តក្នុងការចូលរួមបែងចែកសំរាមឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមការងារ ដើម្បីជាការចូលរួមចំណែកលើកកម្ពស់បរិស្ថានឱ្យកាន់តែល្អ ស្អាតបន្ថែមទៀត។ ទាំងលោក គួច វែងស្រ៊ុន ប្រធានគម្រោង «ផ្តើមពីយើង» និងលោកស្រី ជាវ សម្បត្តិ តំណាងក្រុមហ៊ុនបុរី ប៉េង ហួត បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានគាំទ្រគម្រោងដ៏មានសារៈសំខាន់នេះ និងបានថ្លែងអំណរគុណប្រជាពលរ្ឋដែលបានចូលរួមអនុវត្តគម្រោង។
សូមបញ្ជាក់ថា គម្រោងផ្ដើមពីយើងបានប្រគល់ធុងសំរាមចំនួន ២០០ឈុត ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីនេះ ដែលពលរដ្ឋអាចទុកដាក់សំរាមតាមប្រភេទ ហើយនៅលើធុងសំរាមនោះមានការរចនាជាកន្លែង សម្រាប់ដាំដំណាំរួមផ្សំផ្សេងទៀត ឬផ្កាលម្អជាដើម៕