(កំពត)៖ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានអះអាងថា ការចុះអនុស្សារណយោគយល់គ្នា ស្តីពីកិច្ចសហការបញ្ចូន និងទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ រវាងក្រុមហ៊ុនទេសចរណ៍ និងសហគមន៍ទេសចរនៅខេត្តកំពត នឹងជួយទាក់ទាញភ្ញៀវទេសបន្ថែមទៀត មកខេត្តកំពត ហើយការអភិវឌ្ឍន៍គម្រោងវីឡាលំហែកាយរបស់ក្រុមហ៊ុន Forest Harmony នឹងជួយទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត មកកម្សាន្ត និងស្នាក់នៅខេត្តកំពត ឱ្យបានយូរជាងមុន។
ការអះអាងបែបនេះ របស់លោក សយ ស៊ីណុល បានធ្វើឡើងនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ នៅទីតាំងគម្រោងវីឡាលម្ហែកាយ Forest Harmony ដែលជាគម្រោងអភិវឌ្ឍន៍វីឡាលម្ហែកាយបែបធម្មជាតិ ៩០វីឡា លើផ្ទៃដី ១៣ហិកតា នៅតាមបណ្តោយផ្លូវជាតិលេខ៣ ចម្ងាយប្រមាណ ១៨គីឡូម៉ែត្រពីទីរួមខេត្តកំពត ស្ថិតក្នុងភូមិទ្វាថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូរ ខេត្តកំពត។
ការចុះអនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើងខណៈខេត្តកំពត កំពុងវិវត្តន៍ខ្លួនជាគោលដៅទេសចរណ៍ កាន់តែទាក់ទាញ ជាពិសេសទេសចរណ៍ដែលផ្សាភ្ជាប់នឹងសម្រស់ឆ្នេរ និងធម្មជាតិ ស្របពេលក្រុមហ៊ុនទេសចរណ៍១ បានចុះកិច្ចសហការជាមួយសហគមន៍អេកូទេសចរណ៍សំខាន់ៗ៣ ដើម្បីនាំយកភ្ញៀវទេសចរទៅតំបន់នោះកាន់តែច្រើន។
ក្រុមហ៊ុនទេសចរណ៍ និងសហគមន៍ទេសចរណ៍ ចំនួន៣ ដែលបានចុះអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហការបញ្ចូន និងទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ នាឱកាសនោះរួមមាន៖ ក្រុមហ៊ុនទេសចរណ៍ ឆាមមីង ខេមបូឌា ធួរ (Cambodia Charming Tours Col., Ltd) ជាមួយសហគមន៍អេកូទេសចរណ៍ ត្រពាំងសង្កែ, ចម្ការម្រេច La Plantation និងក្រុមហ៊ុនសមា គមន៍ស្រែអំបិលធម្មជាតិ នៅខេត្តកំពត។
លោក សយ ស៊ីណុល បានឱ្យដឹងថា ខេត្តកំពត ទទួលបានភ្ញៀវទេសចរសរុបជាង ១លាន ៦សែននាក់ កាលពីឆ្នាំ២០១៩ ដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានជាង ១៧ម៉ឺននាក់។
លោក សយ សុីណុល បញ្ជាក់ថា ភ្ញៀវទេសចរក្នុងស្រុកម្នាក់ បានចំណាយជាមធ្យម ៥០ដុល្លារ ក្នុងដំណើរកម្សាន្តមួយលើក ស្របពេលភ្ញៀវទេសចរបរទេសចំណាយជាមធ្យម ១០០ដុល្លារ ដែលបានធ្វើឱ្យចំណូលពីវិស័យទេសចរនៅខេត្តកំពត កាលពីឆ្នាំមុនមានប្រហែល ១០០លានដុល្លារ។
លោក ឱម ផារិន អគ្គនាយកក្រុមហ៊ុនទេសចរណ៍ ឆាមមីង ខេមបូឌាធួរ បានលើកឡើងដោយក្តីរំពឹងថា កិច្ចសហការនៅថ្ងៃនេះនឹងរួមចំណែកដល់ការអភិវឌ្ឍន៍សហគមទាំង៣ ហើយនឹងជួយបង្កើនចំណូលនិងជីវភាពបងប្អូននៅតំបន់នោះឱ្យកាន់តែល្អប្រសើរ។
លោកបន្តទៀតថា៖ «យើងនឹងបន្តរៀបចំកញ្ចប់ទេសចរថ្មីៗ ប្លែកៗបន្ថែមទៀត ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ មកកាន់តំបន់ទាំងនេះឲ្យបានកាន់តែច្រើន»។ សក្តានុពលខេត្តកំពតមិនត្រឹមតែជាតំបន់សម្រាប់ទេសចរប៉ុណ្ណោះទេ តែថែមទាំងមានសក្តានុពលខ្ពស់ ក្នុងវិនិយោគលើវិស័យអចលនទ្រព្យផងដែរ។ ជាក់ស្តែង ក្រុមហ៊ុន Forest Harmony កំពុងមានគម្រោងអភិវឌ្ឍន៍វីឡាលំហែកាយបែបធម្មជាតិ ៩០វីឡាលើផ្ទៃដី ១៣ហិកតា»។
លោក អុីន ស៊ីថា អគ្គនាយកក្រុមហ៊ុន Forest Harmony ថ្លែងថា៖ «គម្រោងរបស់យើងមានវីឡាលម្ហែកាយបែបធម្មជាតិ មានទេសភាពព្រៃភ្នំ និងព្រៃព្រឹក្សាស្រស់ស្អាត ដែលធ្វើឱ្យបងប្អូន ទាំងក្នុងប្រទេស និងក្រៅប្រទេសពីអាស៊ី និងអ៊ឺរ៉ុប មានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានទស្សនាទីនោះជាប្រចាំ»៕