(ស្វាយរៀង)៖ លោក សៅ សុវណ្ណី អនុប្រធានការងារថ្នាក់កណ្ដាលចុះជួយស្រុករំដួល ខេត្តស្វាយរៀង បានថ្លែងអំពាវនាវពលរដ្ឋឲ្យចេះថែរក្សាការពារសន្តិភាព ឲ្យបានគង់វង្ស ព្រមទាំងត្រូវរួមគ្នាបង្ការទប់ស្កាត់ និងប្រុងប្រយត្ន័នៅការរីករាលដាលរលកទី២នៃជំងឺកូវីដ១៩ផងដែរ។
ការអំពាវនាវបែបនេះខណៈលោក សៅ សុវណ្ណី ដង្ហែរទៀនព្រះវស្សា និងទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃគង់ចាំព្រះចំនួន១០វត្ត នៅឃុំបុសមន និងឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀងនៅថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២០ ដែលពិធីនេះបានប្រព្រឹត្តិទៅនៅវត្តបុសផ្លាំង ឃុំបុសមន។
លោក សៅ សុវណ្ណី ក៏បានពាំនាំការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកស្រីបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទាំងអស់ ទីណាមានទុក្ខលំបាកទីនោះពិតជាមាន វត្តមាន សម្ដេចទាំងទ្វេរ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឲ្យបានទាន់ ពេលវេលា។
លោកបញ្ជាក់ថា ការប្រារព្ធធ្វើពិធីនេះបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គោរពស្រលាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនានេះ ឲ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់៥ពាន់ព្រះវស្សាតាមពុទ្ធិបញ្ញាត្តិ។
លោក សៅ សុវណ្ណី ក៏បានអំពាវនាវដល់គ្រប់ព្រះអង្គ ពុទ្ធបរិស័ទចំណុះជើងវត្ត និងប្រជាពរដ្ឋទាំងអស់ ត្រូវតែចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលផងដែរ។ ពីព្រោះនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោក មិនទាន់រកថ្នាំព្យាបាលបាននៅឡើយទេ ហើយបើតាមក្រសួងសុខាភិបាលបានបញ្ជាក់ថា រហូតដល់ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩សរុប ១៥៦នាក់។ ក្នុងនោះ ១៣៣នាក់ បានព្យាបាលជាសះស្បើយ ហើយ ២៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមជ្ឈមណ្ឌលចាក់អង្រែ។
លោកបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈការដាំដុះ ការចិញ្ចឹមសត្វជាដើម ចំណែកឯអាជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
សូមបញ្ជាក់ថា ទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១០វត្ត ក្នុងមួយវត្តទទួលបានទៀនព្រះវស្សា ១គូរ និងទ័យទានជាគ្រឿងឧបភោគបរិភោគព្រមទាំងបច្ច័យចំនួន ២០ម៉ឺនរៀល ក្នុងនោះលោក សៅ សុវណ្ណី ក៏បានប្រគល់ថវិកាចំនួន ២០០ដុល្លារ ដើម្បីចាក់ដីនៅសាលាឃុំបុសមន ដែលសរុបថវិការទាំងអស់ប្រមាណ ៣ពាន់ដុល្លារនៅក្នុងពិធីនេះ បន្ទាប់លោកក៏បានចុះពិនិត្យមើលអគារសិក្សានៅសាលាអនុវិទ្យាល័យសៅយ៉ាត ដែលកសាងឡើងដោយលោកឪពុករបស់លោកផងដែរ៕