(កំពង់ឆ្នាំង)៖ ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង, កម្លាំងជំនាញបានចុះបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន រហូតតាមចាប់បក្ខពួក ដល់ខេត្តពោធិ៍សាត់ទៀតផង។
ការចុះបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង កម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រុងកំពង់ឆ្នាំងចំនួន៧នាក់ ដឹកនាំដោយលោកវរសេនីយ៌ត្រី យ៉ាង លឿន នាយការិយាល័យ ប្រឆាំងការជួញដូរគ្រឿងញៀន បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ កូ គីឡាប( ហៅអូន)ភេទប្រុស អាយុ២៥ ឆ្នាំ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ចំណុចឃាត់ខ្លួនគឺធ្វើឡើងនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ពីបទចែកចាយ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
លោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ឲ្យដឹងថា ក្នុងកិច្ចបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅក្រាមពណ៌សថ្លា (សង្ស័យម៉ាទឹកកក )ចំនួន០១ កញ្ចប់ធំ មាន៤២កញ្ចប់តូច ទម្ងន់ ៣៦.៩៤ក្រាម (ដោយថ្លឹងទាំងថង់វេចខ្ចប់), ម៉ូតូម៉ាក VINER ពណ៏ខ្មៅ០១គ្រឿង (គ្មានស្លាកលេខ), ទូរស័ព្ទដៃ០២គ្រឿង, នាឡិកាដៃមួយគ្រឿងពណ៌ខ្មៅ, និងកាបូបលុយចំនួន០១ (គ្មានលុយ)។
ក្រោយសួរនាំជនសង្ស័យ កម្លាំងជំនាញបានធ្វើការសុំពន្លាតដែនសមត្ថកិច្ច ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តទាំងពីរ នៅថ្ងៃដដែល កម្លាំងក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ជនសង្ស័យមានឈ្មោះ ចាប វុទ្ធី អាយុ៣៦ឆ្នាំ មានទីលំ នៅភូមិ-ឃុំ កើតហេតុខាងលើ។
ក្នុងនោះ កម្លាំងកងរាជអាវុធហត្ថខេត្តក៏បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក)ចំនួន០២កញ្ចប់ទម្ងន់ ១៦.២៧ក្រាម, ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AQ -8752, ទូរស័ព្ទដៃ០២គ្រឿង និងកូនជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿងបន្ថែមទៀតផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕