(កំពត)៖ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោក ជាវ តាយ អភិបាលខេត្ត ព្រមទាំងមន្ត្រីជំនាញនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ ពីជីវភាពរស់នៅ និងស្វែងយល់ការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិព្រៃចេក ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ក្នុងរដូវវស្សានេះ។
ក្នុងឱកាសនោះលោក ជាវ តាយ បានថ្លែថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងបានអនុវត្តនូវនយោបាយទឹកសម្រាប់ក្នុងវិស័យកសិកម្មជាអាទិភាពចម្បង។ ក្នុងនោះ រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត មានការរីកចម្រើនជាបន្តបន្ទាប់នៅក្នុងក្របខ័ណ្ឌទូទំាងប្រទេស។ ដោយឡែក សម្រាប់ខេត្តកំពត ក៏បាននិងកំពុងកសាងប្រព័ន្ធធារាសាស្ត្រ នៅក្នុងមូលដ្ឋានមួយចំនួន មានការរីកចម្រើនជាបន្តបន្ទាប់ផងដែរ។ ជាក់ស្ដែងប្រព័ន្ធធារាសាស្រ្ត ទ្វារទាក់ទឹកព្រែកទូកមាស ដែលក្រសួងធនធានទឹក និងឧត្តុនិយម បាននឹងកំពុងដំណើរការសាងសង់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះតែម្ដង។
លោកអភិបាលខេត្ត បានបន្តថា ដោយផ្អែកតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា នៅក្នុងរយៈពេលពាក់កណ្ដាលខែកក្កដានេះ ទឹកភ្លៀងអាចមានភាពរាំងស្ងួត អូសបន្លាយដែលបញ្ហានេះអាចធ្វើឱ្យប្រជាកសិករ ជួបបញ្ហាការខ្វះខាតទឹក ដែលនាំឱ្យប៉ះពាល់ ស្រូវវស្សារ ឬដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ។ ដូច្នេះសូមឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ រក្សាប្រភពទឹកឱ្យបានល្អ ហើយបើមានជួបប្រទះបញ្ហាប៉ះពាល់លើដំណាំស្រូវ ដោយសារការខ្វះខាតទឹក និងមិនមានប្រភពទឹកគ្រប់គ្រាន់ សម្រាប់បូមជួយសង្គ្រោះដំណាំស្រូវបាន សូមបងប្អូនរាយការណ៍ឱ្យបានជាបន្ទាន់ មកអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលខេត្តបានដឹង ដើម្បីចាត់វិធានការ ចុះជួយអន្តរាគមន៍បូមទឹកឱ្យបានទាន់ពេលវេលា ដោយមិនត្រូវព្រងើយកន្តើយ ទុកចោលឱ្យមានការប៉ះពាល់ខូចខាតធ្ងន់ធ្ងរលើដំណាំស្រូវ របស់បងប្អូនបានឡើយ។
ជាមួយឱកាសនោះដែរ លោក ជាវ តាយ ក៏បានលើកទឹកចិត្ត និងស្នើឱ្យប្រជាពលរដ្ឋនៅពេលមានទឹកគ្រប់គ្រាន់ ត្រូវបង្កើនការសាបព្រួស ដកស្ទូងស្រូវ និងដាំដុះដំណាំរួមផ្សំ ឱ្យអស់លទ្ធភាពផ្ទៃដីដែលមាន។ ហើយបើមានបញ្ហាកង្វល់ បញ្ហាប្រឈម ឬតម្រូវការផ្សេងៗ ក៏សូមឱ្យប្រញាប់រាយការណ៍ មកអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ដើម្បីសហការគ្នាចូលរួមជួយដោះស្រាយ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សជាបន្ទាន់ផងដែរ។
ក្នុងឱកាសនោះដែរ លោកប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត ក៏បានជូនក្រមា និងថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋ កម្មករ កងកម្លាំង ដែលបានចូលរួមក្នុងពិធីនោះ ក្នុងម្នាក់ៗ ១០,០០០រៀល អស់ថវិកាសរុបចំនួន ៣,២០០,០០០រៀល និងបានបន្តចុះស្វែងយល់សំណង់ទ្វារទឹក កាត់ស្ទឹងទូកមាស ដែលស្ទឹងនោះ មានកម្ពស់ ៨,១ម៉ែត្រ មុខកាត់ ៣៦ម៉ែត្រ បណ្តោយ ៩៥ម៉ែត្រ គ្របដណ្តប់ឃុំចំនួនពីរ គឺឃុំទូកមាសខាងលិច និងឃុំទូកមាសខាងកើត នៃស្រុកបន្ទាយមាស បានសាងសង់រួចប្រមាណ ៧០% ហើយនឹងត្រូវរួចរាល់នៅពាក់កណ្តាល ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម មានគម្រោងសាងសង់ទ្វារទឹក ចំនួន៤កន្លែង ក្នុងភូមិសាស្ត្រខេត្តកំពត រួមមានទី១៖ ប្រឡាយមេដើមពោធិ៍ ក្នុងស្រុកអង្គរជ័យ, ទី២៖ សំណង់ទំនប់បង្ហៀរទឹកកូនសត្វ ក្នុងស្រុកទឹកឈូ, ទី៣៖ ប្រឡាយមេ អូរកាចែត ក្នុងស្រុកកំពង់ត្រាច និងទី៤៖ សំណង់ទ្វារទឹកកាត់ស្ទឹងទូកមាស ក្នុងស្រុកបន្ទាយមាស៕