(ភ្នំពេញ)៖ នៅក្នុងឱកាសសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ, លោក វង្សី វិស្សុត បានលើកឡើងថា អភិក្រម និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដ៏រឹងមាំ និងឈ្លាសវៃក្នុងការដោះស្រាយបញ្ហាសង្គម-សេដ្ឋកិច្ចកម្ពុជា នៅក្នុងបរិការណ៍កូវីដ-១៩ គឺជាការគិតថ្លឹងថ្លែងរកចំណុច Optimum រវាងសេដ្ឋកិច្ច-សង្គម និងជំងឺ ពោលគឺយើងមិនអាចគិតតែរឿងសេដ្ឋកិច្ច ហើយមិនអើពើខ្វល់ខ្វាយពីរឿងជំងឺ ដែលបណ្តាលឱ្យមនុស្សឆ្លងជំងឺ រាតត្បាត ហើយស្លាប់នោះទេ។
ក៏ប៉ុន្តែយើងក៏មិនអាចគិតតែពីរឿងជំងឺជ្រុលពេក រហូតបណ្តោយឱ្យសេដ្ឋកិច្ចស្លាប់នោះដែរ។ លោក វង្សី វិស្សុត បានលើកឡើងទៀតថា ពិតណាស់នៅពេលមានហានិភ័យខ្ពស់ ហើយប្រព័ន្ធទប់ស្កាត់ និងគ្រប់គ្រងការរាតត្បាតនៅមិនទាន់រឹងមាំ យើងមានការចាំបាច់ក្នុងការបិទ ឬរិតបន្តឹងលើសកម្មភាព ឬអនុវត្តវិធានការអនាម័យ និងគំលាតសង្គមបាំបាច់នានា ដើម្បីការពារសុវត្ថិភាព និងសុខភាពរបស់ប្រជាជន។ ប៉ុន្តែតែនៅពេលយើងគ្រប់គ្រងសភាពការណ៍បានល្អគួរសម ហើយសមត្ថភាពទប់ស្កាត់និងគ្រប់គ្រងរបស់យើងកាន់តែមាំហើយ យើងក៏ត្រូវចាប់ផ្តើមបើកឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ចជាបណ្តើរៗ ដោយនៅប្រកាន់ខ្ជាប់នូវគោលការណ៍បង្ការ និងទប់ស្កាត់ និងវិធានការអនាម័យនៅតាមច្រកចេញចូលតាមព្រំដែន ក៏ដូចជានៅតាមទីកន្លែងធ្វើការ និងទីប្រជុំគ្នាផ្សេងៗ។ ការរកឃើញនូវចំណុច Optimum នេះ នឹងជួយឱ្យសំពាធ និងទំងន់នៃឥទ្ធិពលនៃជំងឺ មានភាពធូរស្រាលខ្លះ ហើយអាចឱ្យយើងគិតគូរ និងធ្វើសកម្មភាពជាបណ្តើរៗក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។
លោកក៏បានបន្តថា ការកើតឡើង និងការអូសបន្លាយនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យយើងត្រូវកែសម្រួលក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០២០ ដែលត្រូវបានរៀបចំឡើង ក្នុងយុទ្ធសាស្រ្តវាយលុក (Offensive strategy) សម្រាប់ទប់ទល់ និងឆ្លើយតបទៅនឹងការបាត់បង់ EBA ផង និងជំរុញកំំណើនសេដ្ឋកិច្ចផង ក្នុងស្មារតីនៃការប្រើប្រាស់ការគំរាមកំហែងនេះ ឱ្យក្លាយទៅជាឱកាសនៃការកែទម្រង់ស៊ីជំរៅ ដើម្បីធ្វើឱ្យកម្ពុជាអាចឈរជើងបានដោយខ្លួនឯង ឱ្យប្តូរមកជាយុទ្ធសាស្រ្តដើម្បីទប់ទល់ (Defensive strategy) វិញ ក្នុងសេណារីយ៉ូមួយដែលរំពឹងថា ជំងឺកូវីដ-១៩ នឹងត្រូវផុតរលុតត្រឹមរយៈពេល ៦ខែ។
ក្នុងសេណារីយ៉ូនេះ កំណើនសេដ្ឋកិច្ចនឹងមានឡើងវិញ ក្នុងទម្រង់ដូចអក្សរ V គឺការងើបឡើងវិញដោយឆាប់រហ័ស។ ទន្ទឹមនឹងនេះ យើងក៏បានគិតគូរបណ្តើរៗអំពីសេណារីយ៉ូដែលជំងឺកូវីដ-១៩ អាចអូសបន្លាយលើពី ៦ខែ។ ឥឡូវនេះ ការរីករាលនៃជំងឺនេះ បានអូសបន្លាយលើសពី ៦ខែមែន ដោយនៅមិនទាន់ដឹងថា ជំងឺនេះនឹងអាចប់នៅពេលណា ក្នុងខណៈដែលការប្រកាសបិទប្រទេស (Lockdown) របស់ប្រទេសនីមួយៗ បានធ្វើខ្សែសង្វាក់តម្លៃរបស់សេដ្ឋកិច្ចពិភពលោកត្រូវដួលរលំទាំងផ្ទាំង ទាំងផ្នែកផ្គត់ផ្គង់ និងទាំងផ្នែកតម្រូវការ។ ដូចប្រទេសនានាដែរ ជំងឺនេះបានបង្កឱ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាស្ទើរតែគ្រប់វិស័យ ទាំងវិស័យផ្លូវការ និងទាំងវិស័យមិនមែនផ្លូវការ។
ប្រការនេះបានធ្វើឱ្យយើងត្រូវបន្តប្តូរក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០២០ ពីការទប់ទល់ (Defensive strategy) មកជាយុទ្ធសាស្រ្តដើម្បីរស់សិន (Survival strategy) វិញ សំដៅទប់កុំឱ្យសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង និងរក្សាលំនឹងសង្គមផង និងដើម្បីប្រយុទ្ធនឹងជំងឺផង ដោយយកកត្តាមនុស្សជាធំ ពោលគឺមិនឱ្យប្រជាពលរដ្ឋណាម្នាក់អត់បាយដាច់ពោះស្លាប់ ឬស្លាប់ដោយសារជំងឺឆ្លងនេះ។
លោកបានគូសបញ្ជាក់ថា ការខិតខំដើម្បីរស់សិនខាងសេដ្ឋកិច្ចខាងលើនេះ មិនមែនជាការរស់សម្រាប់តែរង់ចាំថ្ងៃស្លាប់នោះទេ ហើយជំងឺនេះក៏មិនអាចធ្វើឱ្យកម្ពុជាយើងដួលរលំនោះដែរ ពោលគឺយើងខិតខំរស់ សម្រាប់រង់ចាំពេលដើម្បីងើបឡើងវិញ ដោយជំហានដំបូងគឺក្រោកឡើងដើរ ដើម្បីកែតម្រូវ និងតៀមលក្ខណៈក្នុងរយៈពេលពី ១ឆ្នាំ ទៅ២ឆ្នាំ ហើយបន្ទាប់មកចាប់ផ្តើមរត់ទៅមុខទៀត ក្នុងការអភិវឌ្ឍ និងដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញបានកាន់តែខ្លាំជាងមុន។
លោក វង្សី វិស្សុត បានលើកឡើងថា នៅក្នុងក្របខណ្ឌយុទ្ធសាស្រ្តដើម្បីរស់ខាងលើនេះ គឺយើងត្រូវ៖
*ទី១៖ ជំរុញ និងជួយទ្រទ្រង់ដល់វិស័យកសិកម្ម និងវិស័យផ្សេងៗទៀត ឱ្យដើរឱ្យអស់សក្កានុពល សំដៅទ្រទ្រង់ដង្ហើមសេដ្ឋកិច្ចយើងឱ្យអាចរស់បានសិន។ លោកបានបន្តថា វិស័យកសិកម្មកម្ពុជារងផលប៉ះតិចតួចពីជំងឺកូវីដ-១៩ និងមានលទ្ធភាពអាចចិញ្ចឹមប្រទេសកម្ពុជាបាន ដែលនេះក៏ជាសំណាងរបស់កម្ពុជាផងដែរ ព្រោះវិស័យកសិកម្មនៅមានចំណែកធំ ក្នុងផលិតផលក្នុងស្រុកសរុប (ផសស) នៅឡើយ និងម្យ៉ាងវិញទៀត កម្លាំងពលកម្មភាគច្រើនក៏សិ្ថតនៅក្នុងវិស័យនេះ ហើយកម្មករដែលធ្វើការក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មមួយចំនួនធំក៏នៅមានទំនាក់ទំនងជាមួយជនបទនៅឡើយ ដោយសារពួកគាត់ទើបតែជាកម្មករជំនាន់ដំបូង (First Generation)។ ដូចនេះ ក្នុងករណីពួកគាត់បាត់បង់ ការងារក្នុងវិស័យឧស្សាហកម្ម ពួកគាត់ក៏នៅអាចត្រឡប់ទៅមូលដ្ឋានភូមិឃុំរបស់ពួកគាត់ ដើម្បីប្រឡូកក្នុងវិស័យកសិកម្មវិញ ឬក៏អាចប្រកបមុខរបរ និងការងារផ្សេងៗទៀត។ លើសពីនេះទៀត ដោយសារប្រទេសនីមួយៗ ចាប់ផ្តើមបង្កើនសន្តិស្បៀង ក្នុងកំឡុងពេលកូវីដ-១៩ បានធ្វើឱ្យកម្ពុជាមានឱកាសក្នុងការនាំចេញផលិតផលកសិកម្មទៅក្រៅប្រទេសបានច្រើនជាងមុនដែរ។ ការផលិតដើម្បីបម្រើឱ្យទីផ្សារក្នុងស្រុក ដើម្បីជំនួសឱ្យការនាំចូល ពិសេសក្នុងផ្នែកម្ហូបអាហារ ដូចជា ត្រី សាច់ និងបន្លែជាដើម ក៏ជាសក្តានុពលមួយធំគួរសមដែរ។ គូសបញ្ជាក់ផងដែរថា គួរជៀសវាងការវិនិយោគហួសលើវិស័យកសិកម្ម ដែលជាហេតុឱ្យយើងផលិតបានហួសពីតម្រូវការ ហើយរកទីផ្សារលក់មិនបាន ដែលអាចបង្កជាបញ្ហាធំដល់សេដ្ឋកិច្ចទៅថ្ងៃមុខ។ ម្យ៉ាងទៀត ផលិតភាពក្នុង វិស័យកសិកម្មតែងតែមានកម្រិតទាបជាងវិស័យឧស្សាហកម្ម និងសេវាកម្ម ហើយរួមចំណែកនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ច មិនបានខ្លាំងដូចវិស័យទាំងពីរខាងក្រោយនេះទេ។ ដូចនេះ ការរៀបចំផែនការ និងយុទ្ធសាស្រ្តឱ្យបានហ្មតចត់ល្អិតល្អន់ គឺជាការចាំបាច់។
*ទី២៖ ជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកផ្សេងទៀតឱ្យដើរកាន់តែខ្លាំង ទាំងការផលិត និងទាំងការប្រើប្រាស់ក្នុងស្រុកសំដៅធ្វើយ៉ាងណាដើម្បីជំរុញតម្រូវការក្នុងស្រុក និងឱ្យលុយវិលកាន់តែច្រើនក្នុងសេដ្ឋកិច្ច ដើម្បីបង្កើនតម្លៃបន្ថែម។ ពិតណាស់ថា សកម្មភាពសេដ្ឋកិច្ចក្នុងស្រុករបស់កម្ពុជាបច្ចុប្បន្ន មិនអាចធានាជួយឱ្យយើងសម្រេចបានកំណើន ៧% ក្នុងមួយឆ្នាំនោះទេ ប៉ុន្តែតែអាចជួយសេដ្ឋកិច្ចកម្ពុជាឱ្យអាចរស់បាន។
*ទី៣៖ ជំរុញការនាំចេញផលិតផលផ្សេងទៀត ដែលនៅមានទីផ្សារទៅខាងក្រៅនៅឡើយ ដូចជា កង់ជាដើម និងផលិតផលផ្សេងៗដែលអាចនាំចេញបាន ឱ្យអស់សក្តានុពេល តាមរយៈការកែលំអរបន្ថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម និងការគាំទ្រចាំបាច់នានាបន្ថែមទៀត។
*ទី៤៖ ជំរុញសកម្មភាពវិនិយោគក្នុងស្រុក ដើម្បីជំនួសនិងបំពេញបន្ថែមការវិនិយោគពីក្រៅប្រទេស ដែលធ្លាក់ចុះ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យហ៊ានប្រើប្រាស់លុយសន្សំ យកមកធ្វើការវិនិយោគក្នុងវិស័យផលិតកម្មឱ្យបានកាន់តែច្រើន ដើម្បីលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ជាជាងការប្រើប្រាស់លុយនេះទៅទិញដីទុក ហើយរង់ចាំឱកាសលក់ចេញវិញយកចំណេញ (Speculation)។ ទន្ទឹមគ្នានេះ ក៏ត្រូវខិតខំបន្ថែមទៀត ក្នុងការទាក់ទាញ និងទទួលការវិនិយោគពីក្រៅប្រទេស ដែលមានសក្តានុពលចូលមកកម្ពុជា ដោយសារចរន្តនៃការបង្វែរទិសការវិនិយោគ និងពាណិជ្ជកម្ម (Trade & Investment Diversion)ក្នុងតំបន់។
*ទី៥៖ គួរបន្តជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងគ្រប់វិស័យទាំងអស់ ដោយផ្អែកលើផែនការ និងយុទ្ធសាស្រ្តជាក់លាក់។
លោកក៏បានលើកឡើងបន្តថា នៅក្នុងយុទ្ធសាស្រ្តដើម្បីរស់នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ចំនួន៤ជុំរួចមកហើយ ក្នុងការជួយកាត់បន្ថយនូវផលប៉ះពាល់ ទៅលើវិស័យមួយចំនួន ដូចជា៖ វិស័យកាត់ដេរ, វិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍, កម្មករ-និយោជិតដែលទទួលរងផលប៉ះពាល់, ក្រុមជនដែលងាយរងគ្រោះដូចជា ក្រីក្រ១ និង ក្រីក្រ២ ព្រមទាំងវិធានការប្រទាក់ក្រឡាផ្សេងៗ ដើម្បីទ្រទ្រង់កំណើន។ ជាងនេះទៅទៀត ដើម្បីធានាឱ្យបាននូវសន្តិសុខ និងសុវត្ថិភាពដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានវាយតម្លៃលើស្ថានភាព និងធានាបាននូវការផ្គត់ផ្គង់របស់ទំនិញយុទ្ធសាស្ត្រដូចជា៖ អាល់កុល, ស្រូវ-អង្ករ, ម៉ាស់, សម្ភារបរិក្ខារ, សម្លៀកបំពាក់ពេទ្យ, មី, ទឹកសុទ្ធ, អំបិល, សាប៊ូ, ទឹកត្រី, ទឹកស៊ីអ៊ីវ, បន្លែ, ត្រី និងសាច់។
លោកបានគូសបញ្ជាក់ថា គិតមកទល់ពេលនេះ រាជរដ្ឋាភិបាលបានគ្រោងចំណាយអន្តរាគមន៍ប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ទាំងផ្នែកសុខាភិបាល និងសង្គម និងទាំងផ្នែកសេដ្ឋកិច្ច) ប្រមាណ ១១៦៤ លានដុល្លារអាមេរិក ដែលជាកញ្ចប់ថវិកាអន្តរាគមន៍មួយមិនធ្លាប់មានពីមុនមក សម្រាប់ប្រទេសកម្ពុជា ក្នុងនោះទឹកប្រាក់ចំនួន ៥៦៤លានដុល្លារអាមេរិក តាមរយៈចំណាយ ទៅលើគម្រោងកម្មវិធីផ្សេងៗ ដើម្បីទប់ទល់នឹងជំងឺផង និងដោះស្រាយផលប៉ះពាល់សង្គមផង ហើយទឹកប្រាក់ប្រមាណ ៦០០លានដុល្លារអាមេរិកទៀត សម្រាប់ជួយដល់វិស័យឯកជន ក្នុងរូបភាពជាឥណទានមានការប្រាក់ទាប និងការធានាឥណទាន។ កញ្ចប់ថវិកាអន្តរាគមន៍នេះ មិនទាន់រាប់បញ្ចូលនូវទំហំទ្រឹកប្រាក់នៃការលើកលែងពន្ធ និងការអនុគ្រោះបន្ធូរបន្ថយពន្ធរបស់រដ្ឋ ដែលបន្តធ្វើជាហូរហែរនៅឡើយ។ ឯកឧត្តមបានបញ្ជាក់ថា កញ្ចប់ថវិកាអន្តរាគមន៍នេះ បានមកពីប្រភពចំនួន ០៣គឺ៖
*ទី១៖ ការខិតខំទប់កុំឱ្យការប្រមូលចំណូលគ្រប់ប្រភេទធ្លាក់ចុះខ្លាំង ធៀបទៅនឹងច្បាប់ថវិកាដែលគ្រោងដើមឆ្នាំ ទាំងចំណូលសារពើពន្ធ និងទាំងចំណូលមិនមែនសារពើ។
*ទី២៖ ធ្វើការវិភាជថវិកាឡើងវិញ តាមរយៈការធ្វើវិចារណកម្មចំណាយថវិកាចំនួន ២លើក ដើម្បីកាត់មុខសញ្ញាចំណាយណា ដែលមិនសូវចាំបាច់ និងលែងចាំបាច់ ដើម្បីយកទៅបម្រើឱ្យមុខសញ្ញាចំណាយដែលចំាបាច់ និងបន្ថែមថវិកាលើមុខសញ្ញាចំណាយដែលចាំបាច់ទាំងនោះបន្ថែមទៀត ។ ដូចនេះ ការធ្វើវិចារណកម្មចំណាយខាងលើនេះ មិនមែនជាការកាត់ចំណាយទេ ប៉ុន្តែជាការបន្ថែមថវិកាឱ្យមុខសញ្ញាចំណាយដែលចាំបាច់ទៅវិញ។ និង
*ទី៣៖ ប្រើប្រាស់ថវិកាសន្សំរបស់រាជរដ្ឋាភិបាល ដែលជាលទ្ធផលបានមកពីកិច្ចខិតខំប្រឹងប្រែងក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងពេលកន្លងមក ពិសេសនៅក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ។
ដោយឡែក ពាក់ព័ន្ធនឹងកម្មវិធីជំនួយសង្គម, លោកបានលើកឡើងថា អភិក្រម និងគោលការណ៍របស់យើង គឺជួយដល់អ្នកក្រីក្រឱ្យដល់កន្លែងមូលដ្ឋានភូមិឃុំដែលពួកគាត់រស់នៅផ្ទាល់តែម្តង ដោយមិនផ្តោតតែទៅលើ វិស័យណាមួយជាក់លាក់នោះទេ ព្រោះថាជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់សឹងគ្រប់វិស័យ និងម្យ៉ាងទៀត យើងមានប្រព័ន្ធពីមុននៅមូលដ្ឋានស្រាប់ ដើម្បីអនុវត្តកិច្ចការនេះ។ ដូចនេះ យើងបានរៀបចំ និងបង្កើតគម្រោងកម្មវិធីជំនួយសង្គម ដោយយកគោលនយោបាយគាំពារសង្គម ដែលយើងមានស្រាប់ មកធ្វើជាមូលដ្ឋាន ហើយបន្ថែមកម្មវិធីជំនួយសង្គម និងកម្មវិធីបង្កើតការងារសាច់ប្រាក់ពលកម្ម (Cash for Work)។ យើងបានរៀបចំប្រព័ន្ធជំនួយសង្គមមួយដែលមានស្ថាប័នចម្រុះចូលរួម ដោយក្នុងនោះ អ្នកដែលកំណត់អត្តសញ្ញាណកម្មជនក្រីក្រ (ID Poor) គឺនៅកម្រិតភូមិ ដែលមានក្រុមជនបង្គោលនៅតាមភូមិឃុំ ដោយមានកម្រងសំណួរ និងចំលើយ រួចបូកពិន្ទុ ហើយឱ្យក្រុមប្រឹក្សាឃុំពិនិត្យ និងធ្វើការបញ្ជាក់ មុនផ្ញើរទៅក្រសួងផែនការបញ្ចូលជាទិន្នន័យចុងក្រោយ។ យន្តការនេះ មានការធ្វើបច្ចុប្បន្នភាពជារៀងរាល់ខែ។ ចំពោះស្ថាប័នដែលទទួលបន្ទុកបើកផ្តល់ គឺក្រសួងសង្គមកិច្ច ដោយអនុវត្តាមប្រព័ន្ធ IT តាមរយៈប្រព័ន្ធ WING។ ក្នុងករណីមានបញ្ហាប្រឈម ឬបាតុភាពណាមួយ ឬ ការតវ៉ាណាមួយ គឺក្រុមការងារថ្នាក់ជាតិមានតួនាទីដោះស្រាយ បញ្ហានេះនៅក្នុងកម្រិតភូមិឃុំផ្ទាល់តែម្តង។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកទម្លាក់ថវិកា ហើយក្រុមប្រឹក្សាគាំពារសង្គម ជាអ្នកតាមដាន និងវាយតម្លៃការអនុវត្ត។ ដូចនេះ យើងបានរៀបចំប្រព័ន្ធមួយដែលប្រតិតុល្យភាពល្អ (Check & Balance) ពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដោយមានការចូលរួមពីដៃគូរអភិវឌ្ឍន៍ផងដែរ។ ថ្វីត្បិតថា នៅមានសេសល់បញ្ហាប្រឈមជាក់ស្តែងមួយចំនួន ទាំងនៅក្នុងការកំណត់អត្តសញ្ញាណកម្ម និងទាំងនៅក្នុងការបើកផ្តល់ក្តី ក៏ប៉ុន្តែប្រព័ន្ធនេះ នៅតែជាជម្រើសមួយដ៏ល្អ និងត្រឹមត្រូវបំផុត សម្រាប់បរិការណ៍កម្ពុជាបច្ចុប្បន្ន។
លោក វង្សី វិស្សុត បានបន្តថា ក្រៅពីការដាក់ចេញនូវវិធានការខាងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច និងវិធានការខាងផ្នែកគោលនយោបាយរូបិយវត្ថុ ពិសេសការផ្តល់ឥណទាន បន្ថែមដល់សហគ្រាសធុនតូច និងមធ្យម, រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការមិនមែនពាក់ព័ន្ធលុយកាក (Non-Monetary Measure) មួយចំនួនទៀត ដូចជាចុះបញ្ជីពាណិជ្ជកម្មអនឡាញ ដែលទើបត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលថ្មីៗនេះជាដើម ក៏ដូចជាវិធានការដទៃទៀត ដែលកំពុងរៀបចំ និងដាក់ចុះ ដើម្បីអនុវត្ត។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកំពុងសិក្សាគិតគូររៀបចំផែនការ និងយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ចឡើងវិញ ដែលនឹងត្រូវអនុម័ត និងដាក់ឱ្យអនុវត្តនៅពេលខាងមុខ៕