(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ បានជំរុញលើកទឹកចិត្ដដល់សមាជិកបក្សទាំងអស់ ត្រូវបន្ដសាមគ្គីភាពគ្នា និងបំពេញការងារប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ការថ្លែងបែបនេះក្នុងឱកាសលោកបណ្ឌិត អញ្ជើញក្នុងពិធីប្រកាសសេចក្ដីសម្រេចស្ដីពី ការកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារថ្នាក់កណ្ដាលចុះជួយ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ដែលប្រព្រឹត្ដទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ ដែលមានការអញ្ជើញចូលរួមពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណបក្សខេត្ត, លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ជាអនុប្រធានអចិន្តៃ្រយ៍គណៈបក្សខេត្តផងដែរ។
តំណាងរាស្ដ្រ ម៉ា ឈឿន បានថ្លែងថា «ដើម្បីបន្ដការកសាង គ្រប់គ្រងតាមឃុំភូមិស្រុកជើងព្រៃយើង ឱ្យកាន់តែមានការអភិវឌ្ឍ ប្រជាជនបន្ដទទួលបាននូវភាពសុខសាន្ដ សុំស្នើដល់មន្ដ្រីក្រុមការងារ ទាំងអស់សហការគ្នា កុំបង្កើតទំនាស់ផ្ទៃក្នុង ជាពិសេសសភាពក្រុមការងារថ្មី ត្រូវបញ្ចេញស្នាដៃឱ្យអស់ពីលទ្ធភាព បំពេញការងារដោយជោគជ័យ»។
លើសពីនោះ មន្ដ្រីក្រុមការងារទាំង១០ឃុំ ដែលតែងតែខិតខំប្រឹងប្រែងកន្លងមកនេះ សូមបន្ដការងារឱ្យកាន់តែសកម្មបន្ថែមទៀត ហើយសូមកុំសន្ដិភាពនិយម កុំស្កប់ស្កល់និយម ហើយក៏កុំមោទនភាពនឹងជ័យជម្នះ ត្រូវបន្ដយកចិត្ដទុកដាក់ទប់ស្កាត់ទាន់ពេលវេលា ដោះស្រាយរាល់ពេលមានបញ្ហាដែលអាចកើតមានឡើង លើសពីនោះ គឺសុខទុក្ខរបស់ប្រជាពលរដ្ឋ ត្រូវជួយដោះស្រាយសម្រាលការលំបាក ជាពិសេសក្នុងអំឡុងពេលជួបវិបត្ដិជំងឺកូវីដ១៩នេះ។
តំណាងរាស្រ្ដ ម៉ា ឈឿន បានក្រើនរំលឹកថា «ក្នុងស្ថានភាពជំងឺកូវីដ១៩នេះ សូមសមាជិកបក្ស ត្រូវបន្ដពង្រឹងកិច្ចការពារ និងអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ឱ្យអនុវត្ដតាមគោលការណ៍ របស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ពីវិធានការការពារជំងឺកូវីដ១៩ ចៀសវាងកុំឱ្យមានករណីជំងឺនេះ ចូលមកស្រុកជើងព្រៃយើង ជាពិសេស ត្រូវចងចាំថា យើងអាចភ្លេចជំងឺកូវីដ១៩ តែវាមិនភ្លេចយើងនោះទេ ឱ្យតែធ្វេសប្រហែស វានឹងអាចចម្លងមកយើងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង»។
សូមបញ្ជាក់ថា រហូតដល់ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩សរុប ១៥៦នាក់។ ក្នុងនោះ ១៣៣នាក់ បានព្យាបាលជាសះស្បើយ ហើយ ២៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមជ្ឈមណ្ឌលចាក់អង្រែ៕