(កណ្ដាល)៖ ដោយមើលឃើញពីភាពលំបាកខ្វះខាតក្នុងជីវភាពប្រចាំរបស់ប្រជាពលរដ្ឋ នៅឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ជាពិសេសស្ថិតក្នុងដំណាក់កាលនៃជំងឺកូវីដ១៩, សប្បុរសជនជាច្រើនបាន ចំណាយថវិកាផ្ទាល់ខ្លួន តាមរយៈរបស់លោក ជិន ស៉ីសុវុត្ថា និងមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាននៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ បាននាំយកអំណោយមនុស្សធម៌មួយចំនួន ចុះប្រគល់ជូនពលរដ្ឋក្រីក្រចំនួន០៦គ្រួសារ ដើម្បីជួយសម្រួលដល់ការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។
សប្បុរសជន ដែលបានបរិច្ចាគអំណោយទាំងនេះ រួមមាន៖ លោក ឯក ផល្លា ថវិកា១៥ម៉ឺនរៀល, លោក ហេង ចាន់ត្រា និងក្រុមគ្រួសារម្ចាស់ហាងលក់ទូរស័ព្ទដៃផ្លូវជាតិលេខ៦ អា មី ៦កេស, ម្ចាស់ហាង គុនខ្មែរ លក់ទូរស័ព្ទដៃខាជើរបងវត្តចុងព្រែក និងក្រុមគ្រួសារ ថវិកា ៦ម៉ឺនរៀល, លោក អនុសេនីយ៍ឯក ស្ដើង សញ្ជាតិ ថវិកា ៥ម៉ឺនរៀល។
លោក ជិន ស៉ីសុវុត្ថា បានឱ្យដឹងថា ដោយមើលឃើញប្រជាពលរដ្ឋ ដែលគ្រួសារខ្លះគ្មានផ្ទះសំបែង រស់នៅខ្លះដើរបេះបន្លែតាមព្រៃ យកមកលក់ដើម្បីចិញ្ចឹមជីវិត និងដោយមើលឃើញពីការរស់នៅ យ៉ាងលំបាករបស់ពួកគាត់ លោកក៏បានខិតខំអំពាវនាវរកសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជួយផ្ដល់ជាគ្រឿងបរិភោគ និងថវិកា មួយចំនួនដល់ពួកគាត់០៦គ្រួសារ ដែលកំពង់ជួបការលំបាក ខ្វះខាត ជាពិសេសស្ថិតក្នុងដំណាក់កាលនៃជំងឺ១៩ ដែលកំពុងតែរាតត្បាត ពាសពេញសាកលលោក។
លោក ជិន ស៉ីសុវុត្ថា បានបន្ថែមថា «អំណោយទាំងនេះជាការចូលរួមកាត់បន្ថយនូវភាពក្រីក្រ របស់បងប្អូនប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ»។
លោកបានបញ្ជាក់ថា ការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ នៅតែជាក្តីព្រួយបារម្ភរបស់ពិភពលោកទាំងមូល ប៉ុន្តែប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បានសម្រេចនូវជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ដោយមិនឲ្យមានអ្នកណាម្នាក់ស្លាប់ និងបានគ្រប់គ្រងមិនឲ្យមានការឆ្លងក្នុងសហគមន៍ តាមរយៈការដាក់ចេញនូវវិធានការច្បាស់លាស់ និងទប់ស្កាត់បានទាន់ពេលវេលា។
លោកក៏ជំរុញឱ្យប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាពជាចម្បង ត្រូវមានអនាម័យស្អាតជានិច្ច ជាពិសេសបន្តចូលរួមអនុវត្តតាមការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់រលកទី២នៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជានិងបានប្រាប់ប្រជាពលរដ្ឋទាំងអស់ បន្តខិតខំប្រឹងប្រែងប្រកបរបរបង្កបង្កើនផល ដើម្បីជីវភាពគ្រួសារ ត្រូវគោរពច្បាប់ចរាចរណ៍ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀនផងដែរ។
សូមបញ្ជាក់ថា ក្រុមគ្រួសារដែលទទួលអំណោយពីសប្បុរសជនតាមរយ:លោក ជិន ស៉ីសុវុត្ថា មាន៣គ្រួសារ មកពីភូមិ ពោធិរលំ និង៣គ្រួសារទៀតមកពីភូមិស្ពានថ្មី ឃុំ រកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលទទួលបានអំណោយរួមមានអង្ករ១បេ, មី១កេស និងថវិកាមួយចំនួនផងដែរ៕