(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ បាននាំថវិកា២ម៉ឺនដុល្លារ ប្រគេនទានវស្សា និងបញ្ចុះបឋមសីលាសាងសង់ព្រះវិហារ វត្តសិលារង្សី ហៅវត្តត្រពាំងថ្កូវ ស្ថិតនៅក្នុងភូមិត្រពាំងឬស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

នៅក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួម លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាម ច័ន្ទសោភ័ណ និងនាយកមូលនិធិជនពិការ ប្រធាន/អនុប្រធានមន្ទីរជំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

ថ្លែងសំណេះសំណាលនាឱកាសនោះ លោក វង សូត បានលើកឡើងថា «ប្រទេសជាតិយើងសព្វថ្ងៃនេះ កំពុងតែមានរីកចម្រើនជាលំដាប់ កំពុងកសាងលើគ្រប់វិស័យពិសេសវិស័យពុទ្ធចក្រ ក៏ដោយសារតែប្រទេសមានសុខសន្ដិភាព ដែលបានមកពីក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងរឹងមាំពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា»។

ជាមួយគ្នានោះរដ្ឋមន្ត្រី វង សូត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋក្រីក្រ ដែលទទួលបានថវិកាពីកម្មវិធីរបស់រាជរដ្ឋាភិបាល ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រនេះ មេត្តាយកថវិកានោះ ទៅប្រើប្រាស់ឱ្យបានជាប្រយោជន៍ដល់គ្រួសារ ចៀសវាងយកថវិកាទាំងនោះ ទៅប្រើប្រាស់ខុស។

រដ្ឋមន្ត្រី វង សូត ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩ ដោយបង្កើនការធ្វើអនាម័យ ដើម្បីសុខភាពរស់នៅឱ្យបានល្អ ជាពិសេសត្រូវពាក់ម៉ាសឬក្រម៉ា និងត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំ ជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគ ត្រូវរក្សាគម្លាតពីគ្នា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ នៅកម្ពុជា។

សូមបញ្ជាក់ថា ចំពោះទេយ្យទានសម្រាប់ប្រគេនព្រះសង្ឃ ក្នុងមួយវត្តទទួលបាន ទៀនវស្សា, អង្ករ, មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកក្រូច, ទឹកសុទ្ធ, តែ, ស្ករស, សាដក់ ព្រមទាំងប្រគេនបច្ច័យប្រមាណជាង២៥.០០០$ សម្រាប់កសាងព្រះវិហារវត្តសិលារង្សី ហៅវត្តត្រពាំងថ្កូវ ផងដែរ។

ចប់ប្រសាសន៍សំណេះសំណាល រដ្ឋមន្ត្រី វង សូត និងលោកជំទាវ ដឹកនាំប្រតិភូ អញ្ជើញប្រគល់ផ្ទះថ្មី១ខ្នង ទំហំ៤x៦ម៉ែត្រ ធ្វើអំពីថ្មប្រកស័ង្កសី ជូនដល់លោក ថែ ម៉ុង អាយុ៥៨ឆ្នាំ ពិការស្វិតអវយវៈមួយកំណាត់ខ្លួនចុះក្រោមពីកំណើត មានទីលំនៅក្នុងភូមិដឹកពរ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលចំណាយអស់ថវិកាចំនួន១៦,០០៨,០០០រៀល ជាថវិកាបានមកពីអំណោយសប្បុរសធម៌ ដែលសប្បុរសជនបានបរិច្ចាគចូលហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ៕