(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អ៊ូចា បានថ្លែងឲ្យដឹងនៅថ្ងៃព្រហស្បត្តិម្សិលមិញនេះថា មានជនសង្ស័យ ៣នាក់ ទំនងជា​សមាជិកក្រុម ISIS បានមកទំនាក់ទំនងជាមួយមេដឹកនាំសាសនា​ម៉ូស្លីម​នៅ​ខេត្ត Narathiwat ជាប់ព្រំដែនម៉ាឡេស៊ី នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍ នៅថ្ងៃទី២២ ខែមករា។

លោកនាយករដ្ឋមន្ត្រីថៃរូបនេះ បានបញ្ជាក់ថាទៀតថា ជនសង្ស័យទាំង៣នាក់នោះ មានសញ្ជាតិឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និង​សិង្ហបុរី ដោយពួកគេបានជួបជាមេដឹកនាំម៉ូស្លីម ព្រមទាំងបានផ្ដត់ផ្គង់ថវិកាមួយចំនួន​ដល់​វិហារ​ម៉ូស្លីម ​និងបានស្នើសុំទៅកាន់ជនម៉ូស្លីម ដែលរស់នៅតំបន់នោះឲ្យចូលរួមជាមួយក្រុម ISIS ប៉ុន្តែគេមិនបានដឹងថា មានអ្នក​ព្រមចូលរួម ឬអត់នោះទេ។

មានសេចក្ដីរាយការណ៍ក្រៅផ្លូវការថា ជនសង្ស័យទាំង ៣នាក់នោះ ត្រូវបាន​អាជ្ញាធរថៃចាប់ខ្លួន ប៉ុន្តែលោក​ ប្រាយុទ្ធ ចាន់អ៊ូចា បានច្រានចោលថា អាជ្ញាធរថៃមិនបានចាប់ខ្លួន​ជនទាំង៣នាក់នោះទេ ហើយប៉ូលិសប្រចាំ​ខេត្ត Narathiwat ក៏បានបញ្ជាក់ថា ពុំមានជនសង្ស័យពាក់ព័ន្ធក្រុម ISIS ផងដែរ៕