(ភ្នំពេញ)៖ នៅក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន តាមរយៈវីដេអូពីចម្ងាយទាក់ទងនឹងវិធានការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ ក្នុងវិស័យដឹកជញ្ជូន នៅទីស្ដីការក្រសួង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទៅរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន ថា ទោះបីជាមានឥទ្ធិពលអវិជ្ជមានពីមេរោគកូវីដ១៩ ទៅលើសេដ្ឋកិច្ចរបស់កម្ពុជាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មផងដែរ។
កិច្ចប្រជុំនេះធ្វេីឡេីងនាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះដែលដឹកនាំដោយសហប្រធានលោក Dato Abdul Mutalib Yusof រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព័ត៌មាននិងដឹកជញ្ជូននៃប្រទេសព្រុយណេ និងលោក Li Xiaopeng រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោតជាសំខាន់លើវិធានការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ក្នុងវិស័យដឹកជញ្ជូន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់បន្ថែមថា កម្ពុជាបានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ លើកដំបូងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ជាករណីនាំចូល គិតរហូតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងមេរោគនេះចំនួន១៦៦ករណី ក្នុងនោះអ្នកជំងឺចំនួន ១៣៣នាក់ត្រូវបានជាសះស្បើយ៣៣នាក់កំពុងទទួលការព្យាបាល។ ដោយឡែកអ្នកស្លាប់ដោយសារមេរោគនេះមិនទាន់កើតមាននៅឡើយទេ។
លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីវិធានការបិទច្រកទ្វារឆ្លងកាត់ព្រំដែនជាបណ្ដោះអាសន្ន ដោយមានការឯកភាពរវាងប្រទេសជិតខាង ក្នុងនោះមានការអនុវត្តតាមគោលការណ៍ចំនួន៣ចំណុច ទី១៖ ត្រូវផ្ទេរទំនិញពីរថយន្តដឹកទំនិញរបស់ប្រទេសនាំចេញទៅកាន់រថយន្តដឹកទំនិញរបស់ប្រទេសនាំចូលនៅត្រង់ទីតាំងកំណត់មួយ ទី២៖ ត្រូវប្ដូររ៉ឺម៉កសណ្ដោងនៅត្រង់ទីតាំងកំណត់នោះ និងទី៣៖ កំណត់ចំនួនរថយន្តចេញចូលច្បាស់លាស់តាមពេលម៉ោងជាក់លាក់ និងការកំណត់ចំនួនមនុស្សច្រើន បំផុតក្នុងមួយរថយន្តចំនួនពីរនាក់ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគនេះ។
លោកទេសរដ្ឋមន្ត្រី ស៊ន ចាន់ថុល បានបញ្ជាក់ទៀតថា មេរោគកូវីដ១៩ បានជះឥទ្ធិពលអវិជ្ជមានដល់វិស័យដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសនៅទូទាំងពិភពលោករួមទាំងកម្ពុជាផងដែរ និងធ្វើឱ្យវិស័យនេះមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ពោលគឺនៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០នេះ កម្ពុជាទទួលបានអ្នកដំណើរចំនួន១.៩៥ លាននាក់ ធ្លាក់ចុះ៦៨% និងទំនិញចំនួន២៥,០០០តោន ធ្លាក់ចុះ៣០% ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាត្រូវបានគេប៉ាន់ ប្រមាណថាមានកំណើនអវិជ្ជមាន៥.៥% នៅឆ្នាំនេះធៀបនឹងកំណើនវិជ្ជមានជាមធ្យម៧% ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ហើយវិស័យដែលរងផលប៉ះពាល់ច្រើនជាងគេគឺវិស័យទេសចរណ៍ និងវិស័យកាត់ដេរ។
ស្របពេលជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការមួយចំនួនដើម្បីជំរុញសេដ្ឋកិច្ច និងគាំទ្រដល់វិស័យឯកជនក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ ក្នុងនោះរួមមានការបង្កើតកម្មវិធីសង្គម ផ្សេងៗជាច្រើនដើម្បីចូលរួមកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ហើយរំពឹងថាអត្រាកំណើនផលិតផលក្នុងស្រុកសរុបនឹងកើនឡើងដល់ប្រហែល៥% នៅឆ្នាំក្រោយ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានបន្តសាងសង់ផ្លូវ និងស្ពានជាច្រើនខ្សែ និងផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញទៅ កំពង់ផែសមុទ្រក្រុងព្រះសីហនុផងដែរ៕