(កំពង់ចាម)៖ ព្រះតេជគុណ ប៊ត តាំងឆេង មេគណខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីសង្ឃ នាំយកអំណោយមានគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនលោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម ដើម្បីបន្តចូលរួមក្នុងកិច្ចការមនុស្សធម៌ជួយដល់ប្រជា ពលរដ្ឋរងគ្រោះបន្តទៀត។
ព្រះតេជគុណ ប៊ត តាំងឆេង មានសង្ឃដីកាថា អំណោយសប្បុរសធម៌ទាំងនេះមានការចូលរួមចែករំលែកពីមន្ដ្រីសង្ឃ ក្នុងខេត្ដកំពង់ចាម មានព្រះអនុគណ និងសហការី ទាំង១០ ក្រុង/ស្រុក ក្នុងខេត្តកំពង់ចាមតែម្តង ដែលអំណោយរួមមាន អង្ករ ១០០បាវ (១បាវ ស្មើនឹង ៥០គីឡូក្រាម), ឃីត (បន្លុង) ១០០កញ្ចប់ និងថវិកា ៦លានរៀល។
ព្រះអង្គ ប៊ត តាំងឆេង មានសង្ឃដីកាទៀតថា អំណោយទាំងអស់ត្រូវបានប្រគល់ជូនសាខាកាកបាទក្រហមខេត្ត ទុកសម្រាប់ជាអំណោយមនុស្សធម៌ ជួយសង្គ្រោះ ដល់ជនរងគ្រោះ និងជនងាយរងគ្រោះ តាមការចាត់ចែងរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។
លោកអ៊ុន ចាន់ដា បានសំដែងការគួរសម និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះអង្គមេគណខេត្ត និងមន្ដ្រីសង្ឃសាលាគណខេត្ដកំពង់ចាម ព្រះអនុគណ ព្រមទាំងសហការី ទាំង១០ ក្រុង/ស្រុក ដែលមានសទ្ធាជ្រះថ្លា បានចូលរួមក្នុងកិច្ចការមនុស្សធម៌នេះ។ ទន្ទឹមនឹងនោះលោកអភិបាលខេត្ត ក៏បានប្រគេននូវលិខិតថ្លែង អំណរគុណ ប្រគេនគ្រប់វត្តទាំង ៣៧៦វត្តផងដែរ៕