(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តបន្ទាយមានជ័យ បានទទួលម៉ាស់១០ម៉ឺនបន្ទះ ពីសមាគមមូលនិធិ «ស្តារឡៃ ឆាយណា» សម្រាប់ការពារសុខភាពប្រឆាំងជំងឺកូវីដ-១៩។
ពិធីប្រគល់ និងទទួលម៉ាសចំនួន១០ម៉ឺនបន្ទះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី និងតំណាងសមាគមមូលនិធិ «ស្តារឡៃ ឆាយណា» ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរង ខេត្តបន្ទាយមានជ័យ និងប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យផងដែរ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ទទួលបានការកោតសរសើរពីអង្គការសុខភាពពិភព (WHO) ថាទទួលបានជោគជ័យក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហើយជំងឺកូវីដ-១៩ ជាបញ្ហារួមរបស់យើងទាំងអស់គ្នា និងបង្កគ្រោះថ្នាក់ដល់យើងគ្រប់ពេលវេលាប្រសិនបើមិនបង្ការទប់ស្កាត់។
តាមរយៈជំនួបនេះដែរ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សម្រាប់ប្រទេសកម្ពុជា កើតមានជំងឺកូវីដ-១៩នេះ គឺសុទ្ធតែជាករណីនាំចូលតែប៉ុណ្ណោះ។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសម្តែងនូវអំណរគុណដល់សមាគមមូលនិធិ «ស្តារឡៃ ឆាយណា» ដែលបានផ្តល់ម៉ាសការពារសុខភាពប្រឆាំងកូវីដ-១៩នាពេលនេះ គឺស្របពេលដែលកម្ពុជារួម ជាមួយប្រទេសក្នុងតំបន់ និងពិភពលោកមមារញឹកក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ជាពិសេសបង្ការជំងឺកូវីដ-១៩ រលកទី២ និងបានសំណូមពរភាគីចិន មកបណ្តាក់ទុនវិនិយោគលើផ្នែកកសិកម្ម នៅក្នុងប្រទេសកម្ពុជា។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយរក្សាគំលាតសុវត្ថិភាព ប្រើប្រាស់ម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាង សម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ។ ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានកម្រិតតិច ក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើន របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ដោយឡែកចំពោះម៉ាសទាំង១០ម៉ឺនបន្ទះនេះ ក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តបន្ទាយមានជ័យ លោកនឹងបែងចែកម៉ាសចំនួន៨ម៉ឺនបន្ទះ ទៅដល់ខេត្តបន្ទាយមានជ័យ ដើម្បីប្រើប្រាស់ ព្រោះថាខេត្តបន្ទាយមានជ័យ ជាខេត្តមួយនៅជាប់បន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ សំបូរដោយពលករខ្មែរ ឆ្លងកាត់ជាដើម។ សម្រាប់ម៉ាស២ម៉ឺនបន្ទះទៀត នឹងត្រូវបែងចែកប្រើប្រាស់នៅតាមមណ្ឌលបន្សាបគ្រឿងញៀនផងដែរ។
គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១៧ ខែកក្កដានេះ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ទាំងអស់ នៅទូទាំងប្រទេស សរុបចំនួន១៧១នាក់ (ស្ត្រី ៤២នាក់ និងបុរស ១២៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ១៣៣នាក់ (ស្រី ៣៩នាក់ និងបុរស ៩៤នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន៣៦នាក់ និងសម្រាកព្យាបាលនៅបន្ទប់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា៖ ជនជាតិអាមេរិក០២នាក់៕