(ស្ទឹងត្រែង)៖ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ បានសហការជាមួយរដ្ឋបាលស្រុកបូរីអូរស្វាយសែនជ័យ និងស្រុកសៀមបូកបាន រៀបចំវេទិកាស្តីពី កិច្ចសហប្រតិបត្តិការលុបបំបាត់បទល្មើសជលផលក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងស្រុកនីមួយៗ ក្នុងនោះរួមមាន អាជ្ញាធរស្រុក ឃុំ ប៉ុស្តិ៍រដ្ឋបាលនគរបាល អាវុធហត្ថ ឆ្មាំទន្លេ បរិស្ថានុរក្ស សហគមន៍នេសាទ និងជំនាញជលផល។
តាមរយៈវេទិកានេះគ្រប់តួអង្គពាក់ព័ន្ធទាំងអស់បានប្តេជ្ញាចិត្តបន្ថែមទៀត ក្នុងការស្ម័គ្រចិត្តចូលរួមថែរក្សា ការពារធនធានជលផល ដោយបង្កើនការអបរំណែនាំដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗ ឲ្យពួកគាត់ស្ម័គ្រចិត្តប្រគល់នូវឧបករណ៍ល្មើសច្បាប់ឲ្យមកអាជ្ញាធរ។
សូមបញ្ជាក់ថា ក្នុងរយៈពេលពីរ បីឆ្នាំចុងក្រោយនេះជំនាញជលផលខេត្តស្ទឹងត្រែង បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីកាត់បន្ថយបទល្មើសជលផលជាពិសេសការ ប្រើឧបករណ៍ឆក់ត្រី និងគ្រឿងផ្ទុះ និងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់សាធារណៈជន និងប្រជានេសាទនៅគ្រប់មូលដ្ឋាន។ ក្រោមកិច្ចខិតខំប្រឹងប្រែងនេះ ឧបករណ៍ល្មើសច្បាប់ជាច្រើនប្រភេទត្រូវបានដកហូត និងរឹបអូសយកមករក្សាទុក និងបំផ្លាញចោល។
លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានឱ្យដឹងថា បន្ទាប់ពីការរឹតបន្តឹងនូវការអនុវត្តវិធានការច្បាប់តាំងពីឆ្នាំ២០១៨មក បទល្មើសជលផលគ្រប់ប្រភេទ នៅភូមិសាស្រ្តខេត្តស្ទឹងត្រែង គឺមានការថយចុះមិនតិចជាង ៩០%នោះទេ ដោយបច្ចុប្បន្ននេះការប្រព្រឹត្តិបទល្មើសគឺមានសភាពលួចលាក់ជាទីបំផុត។
អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ ក៏បានលើកឡើងផងដែរថាបទល្មើសជលផលគឺពិតជាមានការថយចុះខ្លាំងបើប្រៀបធៀបកាលពីបួនដប់ឆ្នាំមុន។ សូមបញ្ជាក់ថា ភូមិសាស្រ្តខេត្តស្ទឹងត្រែង គឺជាជំរកត្រីមេពូជយ៉ាងសំខាន់បំផុតនៅប្រទេសកម្ពុជា ដែលមានត្រីធំៗដូជជា ត្រីរាជ ត្រីគល់រំាង ត្រីត្រសក់ ត្រីប៉ាស៊ីអ៊ី ត្រីប៉ាវ៉ា បបែលយក្ស និងសត្វផ្សោតទឹកសាប និងមានត្រីផ្សេងៗទៀតផងដែរ ។
ជាចុងក្រោយ ជំនាញជលផល ទាំងសហគមន៍មូលដ្ឋាន សូមអំពាវនាវយ៉ាងទទូចចំពោះបងប្អូនប្រជានេសាទទាំងអស់សូមមេត្តាបញ្ឈប់ជាបន្ទាន់នូវការធ្វើនេសាទ ដែលនាំឲ្យមហន្តរាយដល់ធនធានជលផលហើយរួមគ្នាថែរក្សា ការពារនូវធនធានដ៏កម្រទាំងនេះដើម្បីធានាបាននូវចិរភាពដល់កូនចៅជំនាន់ក្រោយៗទៀតផងដែរ៕