(ភ្នំពេញ)៖ ក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារពិភពលោក នៅថ្ងៃទី១៧ ខែកក្កដានេះ បានអនុម័តផ្តល់ឥណទាន១០០លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ជួយគាំទ្រគម្រោងកែលម្អ បណ្តាញផ្លូវគមនាគមន៍នៅប្រទេសកម្ពុជា (Cambodia Road Connectivity Improvement Project)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ។
គម្រោងនេះ នឹងពង្រីកលទ្ធភាពសម្រាប់សហគមន៍ជនបទ ឲ្យទទួលបានសេវាចាំបាច់នានា ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សាលារៀន និង ទីផ្សារ តាមរយៈការកែលម្អផ្លូវជនបទ ឲ្យកាន់តែមានភាពធន់ទៅនឹងកត្តាប្រែប្រួលរបស់អាកាសធាតុ។ ការកែលម្អនឹងត្រូវធ្វើទៅលើផ្នែកជាច្រើន នៃតាមផ្លូវជាតិនិងផ្លូវខេត្ត ដែលជាលទ្ធផលជួយកាត់បន្ថយថ្លៃចំណាយ លើការដឹកជញ្ជូន និងហានិភ័យគ្រោះថ្នាក់ដោយសារតែផ្លូវខូច និងជួយសម្រួលដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។
ការចំណាយលើការដឹកជញ្ជូននៅប្រទេសកម្ពុជា នៅតែមានកម្រិតខ្ពស់នៅឡើយ ទោះបីជាមានភាពប្រសើរច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះហើយក្តី។ ផ្លូវថ្នល់គឺជាមធ្យោបាយ ដឹកជញ្ជូននាំមុខគេនៅក្នុងប្រទេស ហើយចាំបាច់ត្រូវមានការវិនិយោគច្រើន ជាពិសេសនៅតាមតំបន់ជនបទ។ ផ្លូវជនបទមានជាង៧៥ភាគរយ នៃបណ្តាញផ្លូវសរុបទូទាំងប្រទេស ប៉ុន្តែមានតែ៥ភាគរយប៉ុណ្ណោះដែលជាផ្លូវក្រាលកៅស៊ូ។ ការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យមានភ្លៀងនិងទឹកជំនន់ធំៗ បង្កហានិភ័យខូចខាត កាន់តែខ្លាំងដល់ប្រព័ន្ធផ្លូវនៅជនបទ។
ការវិភាគអំពីស្ថានភាពប្រើប្រាស់របស់ផ្លូវជនបទ ដែលត្រូវបានធ្វើឡើងជាផ្នែកមួយ នៃការរៀបចំគម្រោងនេះ បង្ហាញថា ក្នុងរដូវទឹកជំនន់ជាង២៦ភាគរយ នៃប្រជាជនរស់នៅក្នុងតំបន់របស់គម្រោង ប្រឈមនឹងហានិភ័យគ្មានផ្លូវប្រើសម្រាប់ទៅរកសេវាបន្ទាន់ផ្នែកសុខភិបាល និងសាលារៀន។ ក្រៅពីនោះ ១៨ភាគរយទៀត ត្រូវចំណាយពេល ៣០នាទី ឬច្រើនជាងនេះ សម្រាប់ធ្វើដំណើរទម្រាំទៅដល់មន្ទីរពេទ្យ ដែលជាស្ថានប្រឈមនឹងភាពស្លាប់រស់មួយ។
ការជ្រើសរើសផ្លូវសម្រាប់ការវិនិយោគនៃគម្រោងនេះ ផ្តល់អាទិភាពដល់ផ្លូវទាំងឡាយណាដែលតភ្ជាប់ផ្ទះអ្នកស្រុកជាមួយមន្ទីរពេទ្យ សាលារៀន និងទីផ្សារ។ តំបន់គោលដៅរបស់គម្រោងនេះមាន ផ្លូវនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ ដែលគ្របដណ្តប់លើប្រជាជនជាង ២លាននាក់ ក្នុងនោះ ៨០ភាគរយ រស់នៅតាមទីជនបទដាច់ស្រយាល។
លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា «កង្វះលទ្ធភាពសម្រាប់ទទួលបានសេវាមន្ទីរពេទ្យ សាលារៀន និងសម្រាប់ដឹកទំនិញទៅកាន់ទីផ្សារ ជាពិសេសក្នុងរដូវវស្សា នៅតែចោទជាបញ្ហាប្រឈមធំមួយសម្រាប់ប្រជាជនកម្ពុជា នៅតាមតំបន់ជនបទ»។
លោកស្រីបន្ដថា «គម្រោងថ្មីនេះ គឺជាការបន្តការប្តេជ្ញាចិត្តរបស់យើង ក្នុងការជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវរបស់កម្ពុជា។ វានឹងតភ្ជាប់កាន់តែប្រសើរជាងមុន ដោយបានភ្ជាប់ប្រជាជនទៅនឹងការទទួលបានសេវា កាត់បន្ថយការដាច់ផ្លូវ និងបង្កើតការងារសម្រាប់សហគមន៍មូលដ្ឋានក្នុងពេលសាងសង់ផ្លូវ ដែលរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញ ទៀតផង»។
គម្រោងនេះ ក៏នឹងជួយក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ (ដែលក្រសួងទាំងពីរនេះ ជាភ្នាក់ងារអនុវត្តគម្រោង) ក្នុងការអភិវឌ្ឍផ្នែក ស្ថាប័នផងដែរ។ ក្នុងនោះមាន ការរៀបចំយុទ្ធសាស្ត្រហិរញ្ញប្បទានផ្លូវធន់នឹងអាកាសធាតុ ការជួយដល់ក្រសួងទាំងពីរ ក្នុងការអនុវត្តផែនការសកម្មភាពបញ្ជ្រាបយេនឌ័រ របស់ក្រសួងទាំងពីរ និងការគ្រប់គ្រងកិច្ចសន្យាផ្អែកលើលទ្ធផលការងារ សម្រាប់ការថែទាំផ្លូវ ធ្វើឲ្យហេដ្ឋារចនាសម្ព័នកាន់តែមានចីរភាពល្អប្រសើរ៕