(ព្រៃវែង)៖ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយអ្នកបច្ចេកទេសរបស់ក្រសួង-មន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង និងលោកស្រីអភិបាលស្រុកពាមរក៍ បានចុះអនុវត្តការងារជីកស្រះ ក្នុងភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។
ការងារនេះបានអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសដែលសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនប្រជាកសិករនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម ស្ថិតក្នុងស្រុកពាមរក៍ខេត្តព្រៃវែង។
នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានឲ្យក្រសួងធនធានទឹក និងឧតុនិយម ធ្វើការជីកស្រះ និងចុះសិក្សាទាញយកទឹកទន្លេជំនួសឲ្យការប្រើប្រាស់ទឹកក្រោមដីមកបម្រើឲ្យការចិញ្ចឹមត្រី របស់ប្រជាកសិករ។
អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់នេះ ក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់ពីរដ្ឋមន្ត្រី, ក្រុមបច្ចេកទេសរបស់ក្រសួង រួមជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះធ្វើការសិក្សា និងឈានទៅអនុវត្តនាពេលនេះតែម្តង។
ក្នុងការចុះដឹកនាំបញ្ជាផ្ទាល់នៅលើទីតាំងជីកស្រះនេះ លោករដ្ឋមន្រ្តី បានទិញដីពីប្រជាកសិករចំនួន ១,៨ ហិកតា សម្រាប់ធ្វើការជីកស្រះថ្មី, ជួយស្តារស្រះចាស់របស់កសិករទំហំ ១,៦ ហិកតា និងធ្វើការស្តារប្រឡាយដើម្បីបង្ហូរទឹកចូលស្រះប្រវែង៦០០ ម៉ែត្របន្ថែមទៀត។
ដោយមានសំណូមពរពីលោកស្រីអភិបាលស្រុក ក៏ដូចជាប្រជាកសិករ លោករដ្ឋមន្រ្តី បានសន្យាជាមួយពួកគាត់ នឹងជួយស្តារដៃទន្លេតូចប្រវែង ៥ Km ដោយមានទ្វារទឹកបិតបើក និងសាងសង់ស្ពានតូចៗ ឆ្លងកាត់ព្រែកមួយចំនួនទៀត នៅពេលរដូវទឹកសម្រកខាងមុននេះ។
ទំហំការងារដែលបាន និងកំពុងអនុវត្ត រួមមាន៖
*ជីកស្រះថ្មី ទំហំ ១,៨ ហិកតា មានជម្រៅ ៣,៥ ម៉ែត្រ ចំនួន១កន្លែង (សម្រាប់តម្កល់ទឹកទុកបែងចែកទៅបណ្ដាស្រះផ្សេងៗ)
*ស្តារស្រះចាស់ ទំហំ ១,៦ ហិកតា មានជម្រៅ ២,០ ម៉ែត្រ ចំនួន១កន្លែង
*ស្តារប្រឡាយប្រវែង ៦០០ ម៉ែត្រ (សម្រាប់បង្ហូរទឹកចូលស្រះ និងការងារបង្កបង្កើនផល)។
សូមបញ្ជាក់ថា ក្រោយពីការងារជីកស្រះថ្មី ស្តារស្រះចាស់ និងស្តារប្រឡាយរួចរាល់ ប្រជាកសិករចំនួន ២៧គ្រួសារ រស់នៅក្នុងភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមានស្រះចំនួន ៤៣ កន្លែងនៅក្បែរៗនេះ អាចបង្ហូរ និងបូមទឹកយកទៅប្រើប្រាស់សម្រាប់ការងារបង្កបង្កើន និងការចិញ្ចឹមត្រី បានទាំងរដូវប្រាំង និងរដូវវស្សា។ ចំពោះសមិទ្ធផលស្រះថ្មីនេះ បងប្អូនប្រជាកសិករ សូមប្រសិទ្ធនាមថា «ស្រះសម្ដេចតេជោ ហ៊ុន សែន»៕