(កំពង់ស្ពឺ)៖ ក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជន និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៧ ទិវាកងរាជអាវុធហត្ថ! ថ្ងៃកំណើតកងរាជអាវុធហត្ថ១៤ កក្កដា ឆ្នាំ១៩៩៣-១៤ កក្កដា ឆ្នាំ២០២០ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងថា ជានិច្ចជាកាលនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែបានផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះនិវត្តន៍ជនរបស់កងរាជអាវុធហត្ថទាំងអស់។
ជាក់ស្តែងក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៧ ថ្ងៃបង្កើតកងរាជអាវុធ នាយឧត្តមសេនីយ៍ បានអនុញ្ញាតឲ្យមេបញ្ជាការរាជធានី-ខេត្ត ធ្វើពិធីសំណេះសំណាលជាមួយបងប្អូននិវត្តនជន អតីតកងរាជអាវុធហត្ថដើម្បីបានស្វែងយល់អំពីសុខទុក្ខ និងជួបការលំបាកនៅក្នុងសង្គមគ្រួសាររបស់ពួកគាត់។
នៅក្នុងពិធីនេះដែរ លោកក៏បានចាក់បញ្ចាំងស្លាយ អំពីប្រវត្តិ និងវឌ្ឍនភាពការងាររបស់កងរាជអាវុធហត្ថ ជូននិវត្តន៍ជនបានទស្សនាអំពីវឌ្ឍនភាព ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថទាំងអស់ ត្រូវចាត់ទុកនិវត្តន៍ជន (ចូលនិវត្តន៍) ជារាមច្បង ជាអតីតអ្នកប្រយុទ្ធលើសមភូមិ ការពារជាតិ ការពារបូរណភាពទឹកដី និងការពារសន្តិភាពមុនយើង ហើយអ្វីដែលយើងមោទនភាពជាងនេះ និវត្តន៍ជននៃយើងម្នាក់ៗនៅមានកម្លាំងពលំ ស្មារតីរឹងមាំគួរឲ្យកោតសសើរ។
លោកមេបញ្ជាការបានបន្តថា ដោយផ្តើមចេញពីឆន្ទៈមោះមុត ក្លាហាន អង់អាចស្មារតីស្រឡាញ់ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ដែលជាគំរូវីរភាពដ៏ល្អក្នុងបុព្វហេតុការពារជាតិ ធ្វើឲ្យយើងជាកម្លាំងបន្តវេនជំនាន់ក្រោយមិនអាចបំភ្លេចបាន នៅវីរភាពដ៏អង់អាចនេះ ហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ទោះក្នុងរូភាពណាក៏ដោយ ពិសេសជាងនេះគឺការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត។
នៅក្នុងពិធីសំណេះសំណាលនេះដែរ លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានជួបជាមួយនិវត្តន៍ជនចំនួន២៧នាក់ ដោយបានផ្តល់ថវិកា និងសម្ភារម្នាក់ៗ ចំនួន១៥០,០០០រៀល, អង្ករចំនួន០២បាវ, អាវរងារចំនួន០១អាវ, អាវភ្លៀងចំនួន០១អាវ, ទឹកក្រូចចំនួន០១កេស, ទឹកសុទ្ធចំនួន០១កេស, មីម៉ាម៉ាចំនួន០១កេស។ អង្គភាពបានចំណាយថវិការសរុបចំនួន ៧,៣៧៦,៤០០រៀល៕