(កំពង់ចាម)៖ ប្រជាពលរដ្ឋក្នុងឃុំអំពិល តំណាងដោយអាជ្ញាធរភូមិឃុំ នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២០នេះ បានថ្លែងអំណរគុណអាជ្ញាធរខេត្តកំពង់ចាម ជាពិសេសលោក អ៊ុន ចាន់ដា អភិបាលខេត្ត ដែលបានផ្ដួចផ្ដើមស្ថាបនាផ្លូវបេតុងមួយខ្សែ រួចរាល់ជាស្ថាពរ មានប្រវែងជិត២០០០ម៉ែត្រ ព័ទ្ធជុំវិញប្រាសាទនគរបាជ័យ ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បើតាមលោក ឆាយ ស៊ីផន អនុភូមិជង្ហុក តំណាងឲ្យប្រជាពលរដ្ឋ បានថ្លែងឲ្យដឹងថា ក្នុងនាមប្រជាពលរដ្ឋក្នុងភូមិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរខេត្តកំពង់ចាម ជាពិសេសលោក អ៊ុន ចាន់ដា ដែលលោកបានយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ។
ជាងនេះទៅទៀត អាជ្ញាធរបានស្ថាបនាផ្លូវបេតុងយ៉ាងរឹងមាំព័ទ្ធជុំវិញប្រាសាទនគរបាយជ័យ ដែលប្រការនេះបានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរក៏ដូចជាការដឹកទំនិញ ឬកសិផលផ្សេងៗយកទៅលក់ដូរនៅក្នុងទីផ្សារ។
លោក ឆាយ ស៊ីផន បានថ្លែងប្ដេជ្ញាចិត្ត និងធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យចូលរួមថែរក្សា នូវសមិទ្ធផលដ៏ថ្លៃថ្លានេះដើម្បីបានប្រើប្រាស់ លើផ្លូវនេះយូរអង្វែងផងដែរ។ សូមបញ្ជាក់ថា ផ្លូវបេតុង ប្រវែង ១.៧០០ម៉ែត្រនេះ ទទឹងប្រវែង៦ម៉ែត្រ សាងសង់ជុំវិញប្រាសាទនគរបាជ័យ ដែលផ្លូវ១ខ្សែនេះ ប្រើប្រាស់ថវិការដ្ឋបាលខេត្តឆ្នាំ២០២០។
បច្ចុប្បន្នផ្លូវមួយខ្សែនេះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ។ ក្នុងនោះដែរ អាជ្ញាធរខេត្តមានគម្រោង និងដាំដើមក្ងោក អមសងខាងផ្លូវបេតុងនោះ នៅពេលឆាប់ៗខាងមុខនេះ ផងដែរ៕