(ភ្នំពេញ)៖ ស្រ្តីម្នាក់បានចូលខ្លួនមកសារភាព និងចេញវីដេអូសុំទោសជាសាធារណៈ ក្រោយពេលដែលខ្លួនបានបង្ហោះព័ត៌មានមិនពិតដោយអះអាងថា មានករណីចាប់ជំរិត តែតាមការពិត ជាការចាប់ខ្លួនមនុស្សតាមដីការបស់តុលាការ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកបកស្រាយ និងធ្វើការបដិសេធទាំងស្រុងចំពោះគណនីហ្វេសបុកមួយឈ្មោះថា Sovan Borith និង Khmer Shear ដែលបានចុះផ្សាយថា «ម្ចាស់ឡាន RX300 ត្រូវគេចាប់ជំរិត ផ្លាកលេខ2AL-4977»។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការសហការណ៍ជាមួយការរិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្វែងរក និងកោះហៅបុគ្គល ដែលបានប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Sovan Borith ឡាយ និងផុសព័ត៌មានមិនពិតថា មានករណីចាប់ជំរិតមនុស្ស។
បើតាមសមត្ថកិច្ច តាមពិតមិនមែនជាករណីចាប់ជំរិតឡើយ ជាការចាប់ខ្លួនមនុស្សតាមដីកាតុលាការ ហើយបុគ្គលដែលឡាយ និងផុសព័ត៌មានមិនពិតនោះ ក៏ស្ថិតនៅកន្លែងនោះផងដែរ តែបែរជាធ្វើជាមិនដឹងហើយព្យាយាមឡាយឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ប្រឡំ ជាពិសេសក្នុងគោលបំណងបង្កឲ្យមានការចលាចល និងអសន្តិសុខនៅក្នុងសង្គម។
ដោយដឹងថាព័ត៌មានដែលខ្លួនបានឡាយ និងផុស ជាព័ត៌មានមិនពិត បុគ្គលរូបនេះបានយល់ព្រមទទួលកំហុស ហើយចូលខ្លួនមកសារភាពកំហុសតាមការកោះហៅរបស់សមត្ថកិច្ច ដោយបានធ្វើកិច្ចសន្យា និងថតវីដេអូសុំទោសជាសាធារណៈ ដើម្បីសុំទោសសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋផងដែរចំពោះទង្វើដែលសង្គមស្អប់ខ្ពើមនេះផងដែរ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់សាធារណជន ជាពិសេសបណ្ដាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម រិះគន់ក្នុងន័យស្ថាបនា និងទទួលយកជាមូលដ្ឋានធ្វើការកែលម្អ ហើយក៏សូមអំពាវនាវដល់សាធារណជន និងបណ្ដាញសង្គមចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲ្យមានភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមានផងដែរ៕