(កណ្តាល)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្ហើយការសាងសង់ទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា។
ការប្រកាសឧបត្ថម្ភរបស់លោក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំងសមាសភាពថ្នាក់ដឹកនាំ និងសំណេះសំណាលជាមួយសមាជិក សមាជិកាសមាគមនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ។
នៅក្នុងពិធីនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានសម្រេចផ្តល់ដីអតីតមជ្ឈមណ្ឌលបំប៉នសុខភាពយោធិនពិការ៣១៧ ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល សាងសង់ជាទីស្នាក់ការកណ្តាលរបស់សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីសម្រួលដល់ការងារបម្រើអតីតយុទ្ធជន។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា ការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនានានៅទីស្នាក់ការកណ្តាលសមាគមនេះបានចំណាយថវិកាអស់ជាង ១លានដុល្លារ ហើយនៅជំពាក់ថ្លៃសាងសង់ប្រមាណ ២០ម៉ឺនដុល្លារទៀត។
ក្រោយឮពីការខ្វះខាត់ និងការជំពាក់ថ្លៃសាងសង់អគារនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្រេចផ្តល់ថវិកា ២០ម៉ឺនដុល្លារ ដើម្បីសងថ្លៃសាងសង់អគារដែលនៅជំពាក់គេនោះ។
ជួសមុខឱ្យសមាគមអតីតយុទ្ធជនកម្ពុជា លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រៅចំពោះការបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់លោក ហ៊ុន ម៉ាណែត ដើម្បីសងថ្លៃជំពាក់ការសាងសង់អគារនេះ។ លោក គន់ គីម បានចាត់ទុកការផ្តល់ថវិការបស់លោក ហ៊ុន ម៉ាណែត ជាការចូលរួមចំណែកដ៏សំខាន់ក្នុងបុព្វហេតុជាឧត្តមប្រយោជន៍របស់អតីតយុទ្ធជន៕