(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ចំនួន២០គ្រួសារ មកពី៦ភូមិ ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល សម្តេច តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺ ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។
មិនតែប៉ុណ្ណោះ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានបន្ថែមទៀតថា សូមបងប្អូនមេត្តាប្រកាន់ខ្ជាប់នូវសារគន្លឹះសុខភាព ហូបស្អាត អនាម័យស្អាត និងរស់នៅស្អាត ដើម្បីបង្ការជំងឺឆ្លងនានា ជាពិសេសវីរុសថ្មី កូវីដ-១៩ ដែលរាជរដ្ឋាភិបាល និងពិភពលោក កំពុងតែមានការព្រួយបារម្ភជាខ្លាំង លើបញ្ហានេះ ថែមទាំងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋជា កម្មករ-កម្មការនី ទាំងអស់មេត្តាទៅពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញ ឬមណ្ឌលសុខភាព ដែលនៅជិតលោកអ្នក។
យ៉ាងណាមិញ សូមបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ កុំឲ្យជួបជុំហូបចុកគ្រឿងស្រវឹង ក្នុងពិធីផ្សេងៗ បើនៅក្នុងមន្ទិលសង្ស័យបងប្អូន អាចទំនាក់ទៅលេខ១១៥ ដោយឥតគិតថ្លៃ និងត្រូវអនុវត្តនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ (Covid-19) កំពុងតែកើតមានទ្បើង នៅក្នុងប្រទេសយើង។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត១៤លាននាក់ ស្លាប់ជាង ៥៩ម៉ឺននាក់ និងជាសះស្បើយជាង៨លាននាក់ ហើយកម្ពុជាសព្វថ្ងៃ ចំនួនអ្នកឆ្លង១៧១នាក់ ជាសះស្បើយ ចំនួន១៣៣នាក់ បើគិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នេះដែលជាការប្រកាស របស់ក្រសួងសុខាភិបាល ។
លោក ឌី រ័ត្នខេមរុណ ក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម៖
* ១៖ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុល ជែល
* ២៖ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
* ៣៖ ជៀសវាងប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
* ៤៖ ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
* ៥៖ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
* ៦៖ ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។
សូមជម្រាបថា អំណោយដែលទទួលបាន ពីអនុសាខាខណ្ឌមានជ័យ ក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ១ប៉ាវ៣០គីឡូ, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ១កេស, ត្រីខ១យួរ រួមទាំងថវិកាចំនួន២០,០០០រៀល ក្នុងមួយគ្រួសារផងដែរ៕