(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ បុរសវិកលចរិតឈ្មោះ អែម បញ្ញា អាយុ២៨ឆ្នាំ មានទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានយកផ្គាក់ភ្ជង់ និងគំរាមអាករសម្លាប់មីងបង្កើតឈ្មោះ អែម ចន្ទ័សូឡី អាយុ៤៧ឆ្នាំ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ក្រោយមកមីងបង្កើតក៏បានរត់គេចខ្លួនបាន ហើយឈ្មោះ អែម បញ្ញា បានបន្តសកម្មភាពយកផ្គាក់ដេញកាប់ឡាន តាមដងផ្លូវ រហូតដល់ចំណុចលក់ដែកស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជននេះបានកាប់ឡានមួយគ្រឿងប្រភេទ Morning ពណ៌ក្រហម ចំនួនពីរកាំបិតបណ្ដាលឲ្យ បែកកញ្ចក់ឡានខាងមុខ ធ្វើឲ្យម្ចាស់រថយន្តភ័យខ្លាំង ក៏រត់គេចខ្លួនបាត់ទៅ។

បន្ទាប់មកជនសង្ស័យក៏បានបន្តសកម្មភាពដើររហូតដល់ចំណុចកន្លែងកាត់សក់ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ក៏បានឃើញរថយន្តម៉ាក Mazda ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BG-4431 ក៏បានយកផ្គាក់កាប់មកលើកញ្ចក់ឡានចំនួនមួយកាំបិត បណ្ដាលឱ្យបែកកញ្ចក់ឡានខាងមុខ ហើយគំរាមម្ចាស់ឡានឲ្យចុះពីលើឡាន រួចក៏យកឡានរបស់ជនរងគ្រោះជិះចេញបាត់ទៅ។

ក្រោយកើតហេតុ ជនរងគ្រោះបានមកប្តឹងនៅប៉ុស្តិ៍ដើម្បីរាយការណ៍ដល់សមត្ថកិច្ច។ ម្ចាស់រថយន្តបានបញ្ជាក់ថា នៅក្នុងរថយន្តមានលុយជិត ៧ពាន់ដុល្លារ, ទូរស័ព្ទមួយគ្រឿងម៉ាក Oppo ពណ៌ខ្មៅ និងកាតគ្រីម៉ូតូមួយសន្លឹក។

អធិការនគរបាលស្រុកប្រាសាទបាគង លោក លឹម សម្បត្តិ បានឲ្យដឹងថា ជននេះបានយករថយន្តមួយគ្រឿងនេះទៅប្លុងចោលនៅភូមិថ្នល់បាក់ ឃុំអំពិល ស្រុកប្រាសាទបាគង ហើយត្រូវបាន សមត្ថកិច្ចរកឃើញហើយ តែជនសង្ស័យបានរត់គេចខ្លួនបាត់ ខណៈកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន៕