(ហ្សឺណែវ, ស្វីស)៖ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិ លោក អាន សុខខឿន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់បំផុតក្នុងកិច្ចការពារសិទ្ធិរបស់អ្នកជាប់ឃុំ។
លោក អាន សុខខឿន បានរំលេចបែបនេះក្នុងបទអន្តរាគមន៍របស់លោកនៅក្នុងសម័យប្រជុំលើកទី៤៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។
បទអន្តរាគមន៍ក្រោមប្រធានបទ «កិច្ចការពារសិទ្ធិទណ្ឌិត រួមទាំងទណ្ឌិត និងជនល្មើសជាស្ត្រី» លោក អាន សុខខឿន បានរំលេចជាច្រើនពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់សិទ្ធិរបស់អ្នកជាប់ឃុំ។ លោក អាន សុខខឿន បានលើកឡើងថា កម្ពុជាទទួលស្គាល់នូវតួនាទីរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងការផ្តល់ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ដែលជួយពង្រឹងស្ថាប័នជាតិ ក្នុងការបំពេញកាតព្វកិច្ចសិទ្ធិមនុស្ស រួមទាំងកម្មវិធីគាំទ្រពន្ធនាគាររបស់ការិយាល័យនេះ។
តំណាងរបស់កម្ពុជានៅអង្គការសហប្រជាជាតិរូបនេះបន្ថែមថា នៅប្រទេសកម្ពុជា ការឃុំខ្លួនបណ្តោះអាសន្នដែលមានរយៈពេលវែង និងភាពចង្អៀតណែនក្នុងពន្ធនាគារ គឺបណ្តាលមកពីបរិមាណសំណុំរឿងច្រើន ហើយគួបផ្សំនឹងចំនួនចៅក្រម ព្រះរាជអាជ្ញា និងមេធាវីការពារក្តីមានកំណត់។ ទោះបីជាមានការលំបាកផ្នែកធនធានក៏ដោយ ប្រទេសកម្ពុជាបានដាក់ចេញនូវដំណោះស្រាយជាក់ស្តែង និងគំនិតផ្តួចផ្តើមជាច្រើន អនុលោមតាមច្បាប់ ដើម្បីដោះស្រាយការប្រឈមខាងលើ។
លោកបន្តថា ថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មីរបស់កម្ពុជា បានប្រកាសដាក់ចេញនូវយុទ្ធនាការរយៈពេល៦ខែ ដោយចាប់ផ្តើមពីខែឧសភា ឆ្នាំ២០២០ ដើម្បីដោះស្រាយបញ្ហាកកស្ទះសំណុំរឿងតាមតុលាការ និងស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារ។ ក្រសួងយុត្តិធម៌ក៏បានរៀបចំផែនការនិងយុទ្ធសាស្ត្រ រយៈពេលវែង ដែលមានចែងនៅក្នុងកម្មវិធីកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធផ្សេងៗទៀត ដូចជា ការបង្កើតយន្តការអនុវត្តទោសផ្សេងជំនួសពន្ធនាគារ ការធ្វើទំនើបកម្មនិងការចុះបញ្ជីនិងគ្រប់គ្រងសំណុំរឿងតាមប្រព័ន្ធឌីជីថល ការដាក់អោយដំណើរការនូវតុលាការជំនាញនិងសាលាឧទ្ធរណ៍តាមតំបន់ និងការបង្កើនកញ្ចប់ថវិកាជំនួយផ្នែកច្បាប់។
លោក អាន សុខខឿន បន្ថែមថា ក្នុងចំណោមវិធានការដែលបានដាក់ចេញកន្លងមក រួមមាន ការបង្កើតសាលាឧទ្ធរណ៍តាមតំបន់ចំនួន៣ ការបង្កើនថវិកាសម្រាប់ការគាំទ្រដល់ស្ត្រីនិងកុមារីរងគ្រោះ និងការបង្កើនគម្រោងជំនួយផ្នែកច្បាប់។
លោកបានបញ្ជាក់ទៀថា កាលពីឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្កើតក្រុមមេធាវីស្ម័គ្រចិត្ត ដើម្បីជួយការពារស្ត្រីក្រីក្រទូទាំងប្រទេស ដែលពុំមានលទ្ធភាពស្វែងរកអ្នកតំណាងការពារសិទ្ធិរបស់គាត់តាមផ្លូវច្បាប់។ មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី ក៏ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ២០១៩។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្កើតបណ្តាញទូរស័ព្ទសម្រាប់ការប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃ ដើម្បីបង្កើនលទ្ធភាពក្នុងការទទួលបានយុត្តិធម៌ ជូនចំពោះប្រជាជនងាយរងគ្រោះ៕