(កំពង់ឆ្នាំង)៖ ការដែលជ្រើសយកទីតាំងចាក់សំរាមនៅក្បែរភូមិឋានរបស់ប្រជាពលរដ្ឋ វានាំឱ្យមានការប៉ះពាល់ដល់ការរស់នៅក៏ដូចជា ប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ផងដែរ។ ជាក់ស្ដែងនៅពេលថ្មីៗនេះ ប្រជាពលរដ្ឋរស់នៅជិតអន្លង់សំរាម ក្បែរជើងភ្នំត្រោក ស្ថិតក្នុងភូមិសន្ទូច ភូមិត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ បានត្អូញត្អែរថា ពួកគាត់ពិតជាពិបាកទ្រាំ នៅពេលខ្យល់បក់មកចំភូមិពួកគាត់ម្តងៗ ក្លិនសំរាមស្អុយរលួយ បូកនិងក្លិនឆេះឆ្ងៀម ធ្វើឲ្យកូនចៅគាត់ឈឺក្បាលវិលមុខប៉ះពាល់ដល់សុខភាព ព្រោះតែក្រុមហ៊ុនសំរាមបានដឹកសម្រាមមកចាក់មួយថ្ងៃៗរាប់តោន និងដុតសំរាមនៅក្នុងអន្លុងសំរាមនេះឆេះហុយជាប់ទាំងយប់ទាំងថ្ងៃ ករណីនេះពួកគាត់ស្នើសុំអាជ្ញាធរស្រុកក្រុង និងខេត្តមេត្តាជួយមានវិធានការ ទប់ស្កាត់ដោះស្រាយអោយពួកគាត់ផង។
ទាក់ទងនិងផលប៉ះពាល់ នៃសំរាមខាងលើនេះនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ លោក សុខ សម្បត្តិ ប្រធានក្រុមហ៊ុនអនាម័យក្រុងកំពង់ឆ្នាំង ដែលជាអ្នកដឹកជញ្ជូនសំរាមយកមកចាក់ចោលនៅចំណុចខាងលើនេះ បានឱ្យដឹងថា រណ្តៅសំរាមនៅចំណុចនេះ គឺអាជ្ញាធរក្រុងកំពង់ឆ្នាំងជាអ្នកជួលពីឈ្មោះ ហេង ដែលជាម្ចាស់រណ្តៅដី ដើម្បីឲ្យក្រុមហ៊ុនអនាម័យក្រុង ដឹកសំរាមក្នុង១ថ្ងៃៗមានប្រមាណពី២០ ទៅ២៥តោន នៅក្នុងក្រុងកំពង់ឆ្នាំង យកមកបោះចោលនៅក្នុងរណ្តៅដ៏ធំមួយនេះ។
លោកបន្តថា ចំពោះការដុតសំរាមវិញនោះ មិនមែនក្រុមហ៊ុនជាអ្នកដុតទេ គឺសំរាមនេះឆេះដោយខ្លួនឯង ព្រោះក្នុងសំរាមមានដែកកេះហ្គាស់ចាស់ៗ ពេលត្រូវថ្ងៃក្តៅវាបានផ្ទុះឆេះ សំរាមទាំងនេះរហូតមក ទោះបីជាមានភ្លៀងធ្លាក់ប៉ុន្មានមេមុននេះក៏ដោយ ក៏ភ្លើងសំរាមនេះ ដែលឆេះនៅខាងក្នុងវាមិនបានរលត់នោះឡើយ។ កន្លងមកក្រុមហ៊ុនក៏ធ្លាប់ជួលឡានទឹក មកបាញ់ពន្លត់ផងដែរ តែវារលត់តែខាងលើទេ ក្រោយមកឃើញមានភ្លើងឆាបឆេះដដែល រឿងនេះលោកក៏មិនដឹងធ្វើយ៉ាងម៉េចនោះដែរ។
ជុំវិញបញ្ហាខាងលើនេះ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរសព្ទ័នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះថា រណ្តៅចាក់ សំរាមនេះគឺអាជ្ញាធរក្រុងកំពង់ឆ្នាំង ជាអ្នកចេញលុយរបស់ក្រុងជួលគេ ដោយក្នុង១ឆ្នាំ ថ្លៃ២២០០ដុល្លារ គឺមានកុងត្រាតែ១ឆ្នាំកន្លះទេ ព្រោះថាខេត្តយើងគ្មានដីរដ្ឋ ឬរណ្តៅសំរាប់ឲ្យក្រុមហ៊ុនដឹកសំរាម យកសំរាមមកចាក់ចោលឡើយ ។
តែឥឡូវនេះធនាគារអភិវឌ្ឍន៍អាស៊ី ដែលហៅកាត់ថា ADB ជាអ្នកជួយរៀបចំផ្នែកបរិស្ថានបាន និងកំពុងតែមមាញឹកធ្វើកន្លែងចាក់សំរាមថ្មី ឲ្យខេត្តកំពង់ឆ្នាំងយើង ដែលមានទីតាំងស្ថិតនៅភ្នំតូច ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរនោះ គឺកំពុងតែធ្វើបានប្រមាណជា១០ភាគរយហើយ និងមិនយូរប៉ុន្មាននោះទេ យើងបានទីតាំងថ្មីសម្រាប់ចាក់សំរាមដែលស្ថិតឆ្ងាយពីភូមិឋានរបស់ប្រជាពលរដ្ឋផងដែរ។
ទាក់ទងនឹងរឿងសំរាមឆេះប៉ះពាល់សុខភាពប្រជាពលរដ្ឋនោះ កន្លងមកគឺជាញឹកញាប់អាជ្ញាធរក្រុង និងក្រុមហ៊ុនតែងជួលឡានទឹកទៅបាញ់ពន្លត់ជាញឹកញាប់ដែរ តែរលត់បាន តែខាងលើៗទេ ចំណែកភ្លើងដែលឆេះងុំនៅខាងក្រោមមិនរលត់ឡើយ។ រឿងនេះអាជ្ញាធរក្រុង សូមការយោគយល់ពីប្រជាពលរដ្ឋផងដែរ បើមានភ្លើងសំរាមឆេះខ្លាំងនោះ យើងនឹងជួលឡានទឹកទៅបាញ់ ពន្លត់បន្ថែមទៀត ទំរាំតែយើងបានទីតាំងថ្មី៕