(ប៉ៃលិន)៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តរតនសោភ័ណ ហៅវត្តកោងកាង ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន រដ្ឋបាលខេត្តប៉ៃលិន អាជ្ញាធរខេត្តប៉ៃលិន បានប្រារព្ធពិធី អបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២០ ក្រោមប្រធានបទ «ការយល់ដឹងច្បាស់លាស់នាំច្បាស់លាស់ នាំឱ្យការថែទាំមានប្រសិទ្ធិភាព»។
ពិធីនេះស្ថិតក្រោមអធិបតីលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងលោកលោកស្រីថ្នាក់ដឹកនាំ មន្ទីរជំនាញស្ថាប័នជុំវិញខេត្ត អភិបាលក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។
លោក ធូ ភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានត្រួតពិត្យគ្រឿងញៀនខេត្ត បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានឆ្លុះបញ្ចាំងចំពោះការ ប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានដាក់ចេញនូវវិធានការជាយុទ្ធសាស្ត្រសំខាន់ៗ ដូចជា៖ ការបង្ការ ទប់ស្កាត់ បទល្មើសគ្រឿងញៀន នៅតាម ច្រករបៀង តាមព្រំដែនឲ្យបានដាច់ខាត ការពារជនរងគ្រោះ ដែលជាប់សារធាតុញៀន និងការពង្រឹងកិច្ចសហការ ក្នុងការជំរុញការអនុវត្ត ច្បាប់អំពីការពាក់ព័ន្ធ និងគ្រឿងញៀន ជាដើម ជាពិសេសត្រូវយកចិត្តទុកដាក់ និងអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធិភាពនូវទិសស្លោកប្រយុទ្ធ ប្រឆាំងគ្រឿងញៀន «កុំបី មួយរាយការណ៍» ក្នុងនោះរួមមាន ទី១ កុំពាក់ព័ន្ធ ទី២ កុំអន្តរាគមន៍ និងទី៣ កុំលើកលែង ឯមួយ ត្រូវរាយការណ៍ផងដែរ។
អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ ការប្រារព្ធ ទិវា ប្រយុទ្ធប្រឆាំងគ្រឿងញៀននេះធ្វើឡើង គឺដើម្បីផ្សព្វផ្សាយអោយមានការយល់ដឹងទូលំទូលាយ ពីផលប៉ះ ពាល់នៃការគ្រោះថ្នាក់គ្រឿងញៀន និងបំផុសអោយមានការចូលរួម ពីគ្រប់មជ្ឈដ្ឋាន ក្នុងការបង្ការ និងកាទប់ ស្កាត់រាល់បញ្ហាដែលពាក់ព័ន្ធនិងគ្រឿងញៀន ព្រមទាំងចូលរួមចំណែកការអនុវត្តនយោបាយ ភូមិឃុំមាន សុវត្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ អ្នកប្រព្រឹត្ត និងប្រើប្រាស់គ្រឿងញៀន គឺបានធ្វើអោយប៉ះពាល់ អន្តរាយដល់សុខភាព ខូចខាតទ្រព្យសម្បត្តិ ងាយឆ្លង មេរោគអេដស៌ និងកើតមានអំពើហិង្សាផ្សេងៗ នៅក្នុងសង្គមគ្រួសារ ជាពិសេស គ្រួសារអ្នកប្រើប្រាស់ គ្រឿង ញៀនផ្ទាល់តែម្តង ហើយសកម្មភាពការចរាចរចែកចាយជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅខេត្តប៉ៃលិន គឺនៅតែកើតមានឡើង មិនទាន់មានការថមថយនៅឡើយ ជាពិសេសយុវវ័យ ដែលឈានទៅដល់ការ បាត់ បង់ ធនធានមនុស្ស ប៉ះពាល់ ធ្ងន់ធ្ងរដល់ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច រាំងស្ទះដល់ដំណើរការអភិវឌ្ឍ ប្រទេស ជាតិ ដូច្នេះកាប្រើប្រាស់គ្រឿងញៀន បានបន្សល់ទុកនូវក្តីកង្វល់ ដល់សហគមន៍ គ្រួសារ អាណាព្យាបាល ដែលមានកូន ចៅរងគ្រោះដោយសារគ្រឿងញៀន ដែលទាមទាឱ្យមានចំណាត់ការយ៉ាងហ្មត់ចត់ សម ស្រប និងច្បាស់លាស់ របស់ស្ថាប័នពាក់ព័ន្ធ និងសមត្ថកិច្ចជំនាញ។
នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល បានអំពាវនាវដល់កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដី គ្រប់ លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួម ដើម្បី ចាត់ វិធានការទប់ស្កាត់ និងបញ្ចៀសគ្រឿងញៀនអោយផុតពីសហគមន៍យើង ដោយធ្វើការផ្សព្វផ្សាយឱ្យ បានទូលំទូលាយ និងលើកកំពស់ការយល់ ដឹងជាសាធារណៈអំពីស្ថានភាពគ្រោះថ្នាក់នៃគ្រឿងញៀន។
សូមបញ្ជាក់ថា៖ សម្រាប់ឆមាសទី១ ឆ្នាំ២០២០នេះ ការបង្ក្រាបបទល្មើសជាក់ស្តែង មានចំនួន៤៨ករណី ក្នុងនោះ ករណីជួញដូរ រក្សារទុក និងប្រើប្រាស់ចំនួន ២១ករណី និងករណីប្រើប្រាស់គ្រឿងញៀន ចំនួន ២៦ករណី ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៤៦នាក់ ស្រីចំនួន ១១នាក់ រួមជាមួយវត្ថុតាង និងសម្ភារៈ រឹបអូសបាន រួមមាន៖ ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកកICE) ចំនួន ១៦៥កញ្ចប់តូច ទម្ងន់៥៧៥,៦០ក្រាម ប្រភេទគ្រាប់អក្សរWY ទម្ងន់០,៩២ក្រាម ប្ដឹងទាំងទុយោច្រក ម៉ូតូចំនួន ០៣គ្រឿង ទូរសព្ទ ចំនួន ១៥គ្រឿង ជញ្ជីងថ្លឹង ចំនួន ០២គ្រឿង ដែកកេះ ថងវិចខ្ចប់ និងសម្ភារៈ សម្រាប់ជក់មួយចំនួនទៀតផងដែរ៕