(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអំពាវនាវជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវភ្លេចឡើយ ក្នុងការការពារខ្លួនពីជម្ងឺកូវីត១៩ ពោលគឺត្រូវពាក់ម៉ាស់ និងមានអនាម័យជាប់ជាប្រចាំ ព្រោះការពាក់ម៉ាស់ និងទម្លាប់មានអនាម័យនេះ យើងនឹងការពារខ្លួនឯងផង ក្រុមគ្រួសារផង និងការពារសង្គមជាតិទាំងមូលផង ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការអនុវត្តវិធានការ បង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩។
លោកបានថ្លែងបែបនេះ ក្នុងឱកាសដឹកនាំ ថ្នាក់ដឹកនាំ មន្ត្រីជំនាញ ក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បន្តចុះសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីវិធានការបង្ការ និង ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ព្រមទាំងបាន ឧបត្ថម្ភ ស្បៀង ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន ៤០គ្រួសារ បន្ទាប់ ពីពួកគាត់រងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺCovid-19។
លោក ផាន់ ចាន់ធុល បានបន្តថា ការផ្តើមការពារខ្លួន និងមានការយល់ ដឹងពី របៀបការពារពីជម្ងឺកូវីដ១៩ ពីសំណាក់បងប្អូនប្រជាពលរដ្ឋម្នាក់ៗឡើងទៅ វានឹងធ្វើឱ្យសហគមន៍របស់យើង និងពីភូមិ១ទៅភូមិ១ នឹងពីស្រុកទៅខេត្តរហូតទូទាំងប្រទេស មិនមានការរីករាលដាលជម្ងឺកូវីត១៩នេះទេ ព្រោះតែពលរដ្ឋម្នាក់ៗ មានការយល់ដឹងកាន់តែទូលាយអំពីវិធានការនៃការពារខ្លួន។
អភិបាលខេត្ត បានបញ្ជាក់ថា ការធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងជាប្រចាំ សូមបងប្អូនអនុវត្តន៍ឲ្យបាន ជាប់ជារៀងរហូត ដោយអនុវត្តន៍មិនចំពោះតែជម្ងឺកូវីដ១៩នោះទេ តែជាការទម្លាប់ឲ្យបងប្អូនប្រជាពលរដ្ឋមានអនាម័យ ព្រោះការមានអនាម័យ គឺទប់ស្កាត់មិនឲ្យយើងមានជម្ងឺផ្សេងៗទៀតបាន។
នៅក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រសិនមានសាច់ញាតិទើបត្រលប់មកពីក្រៅប្រទេស ត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ព្រមទាំងដាក់ខ្លួន នៅដាច់ ដោយឡែក រយះពេល១៤ថ្ងៃសិន ចាំចូលមកស្និតស្នាលជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅសហគមន៍ ហើយបើមានអាការៈ សង្ស័យ ណាមួយត្រូវប្រញាប់មកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ឬទំនាក់ទំនងសាកសួរព័ត៌មាន បន្ថែមមកលេខ ១១៥។
សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលបានទទួលអំណោយ ស្បៀងពីអាជ្ញាធរ ខេត្ត មានចំនួន ៤០គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ និងទឹកអាលកុល សម្រាប់លាងសម្អាតដៃ ១ដប ផងដែរ៕