(ភ្នំពេញ)៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញមកទាត់ចោល ទាំងស្រុង ចំពោះព័ត៌មានប្រឌិត ដែលអះអាងថា ជំងឺកូវីដ១៩ កំពុងមានការចម្លងចូលទៅក្នុងសហគមន៍ទ្រង់ទ្រាយធំ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមអំពាវនាវឲ្យអាជ្ញាធរ និងសមត្ថកិច្ច ចាត់វិធានការ និងផ្តន្ទាទោសចំពោះជនអគតិទាំងនោះដែលបំផ្លើសព័ត៌មានតាមផ្លូវច្បាប់ជាធរមាន។
ប្រតិកម្មខ្លាំងៗ និងការឆ្លើយតបភ្លាមៗ របស់លោកស្រី ឱ វណ្ណឌីន បន្ទាប់ពីមានការចុះផ្សាយនៅលើគេហទំព័រ Youtube មួយពីជនអគតិដោយប្រកាសដំណឹងបន្ទាន់ថា «កម្ពុជា ប្រឈមនឹងការចម្លងជាទ្រង់ទ្រាយធំ នៅក្នុងសហគមន៍»។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា «នេះជាព័ត៌មានប្រឌិតក្លែងក្លាយ ខ្ញុំសូមច្រានចោលទាំងស្រុង និងសូមផ្តន្ទោសទោសតាមផ្លូវច្បាប់។ ការពិត និងរហូតមកដល់ពេលនេះ កម្ពុជា មិនទាន់មានការចម្លងចូលក្នុងសហគមន៍ ទ្រង់ទ្រាយធំនោះទេ»។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ទាំងអស់ នៅទូទាំងប្រទេស សរុបចំនួន ១៧១នាក់ (ស្ត្រី ៤២នាក់ និងបុរស ១២៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ១៣៣នាក់ (ស្រី ៣៩នាក់ និងបុរស ៩៤នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន៣៦នាក់ និងសម្រាកព្យាបាលនៅបន្ទប់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា៖ ជនជាតិអាមេរិក០២នាក់៕