(ព្រះវិហារ)៖ ឈើប្រភេទលេខ២ជិត១០ម៉ែត្រគូប ដែលឈ្មួញលាក់ទុក២ទីតាំងផ្សេងគ្នា ក្នុងស្រុកឆែបខេត្តព្រះវិហារ ត្រូវបានគណៈបញ្ជាការឯកភាពស្រុក ចុះបង្រ្កាបបានជាបន្តបន្ទាប់ ក្នុងរយៈពេល២ថ្ងៃជាប់គ្នា។
លោក សុក សាន្តតារ៉ា អភិបាលស្រុកឆែប បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះថា ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មាធិការបង្រ្កាបបទល្មើសធនធានធម្មជាតិ និងបទបញ្ជាលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ស្តីពីការបង្រ្កាប និងទប់ស្កាត់ការកាប់បំផ្លាញ ការដឹកជញ្ជូនឈើដោយខុសច្បាប់ឲ្យមានប្រសិទ្ធិភាពខ្ពស់នោះ អាជ្ញាធរស្រុកឆែបជានិច្ចជាកាល បានដឹកនាំកម្លាំងចម្រុះរបស់ស្រុកចុះបង្រ្កាបបានជាបន្តបន្ទាប់។
លោកអភិបាលស្រុកបានបន្តថា ជាក់ស្តែងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានចុះបង្ក្រាបនិងរឹបអូសឈើចំនួន៣,១២៧ម៉ែត្រគូប ដែលជាឈើសន្និធិដោយគ្មានលិខិតអនុញ្ញាត ហើយឈ្មួញលាក់ទុកនៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរបានចុះបង្រ្កាប និងដកហូតឈើសរុប ៥,៣៨១១ម៉ែត្រគូប ដែលញ្មួញលាក់ទុកក្នុងព្រៃ ស្ថិតនៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប។
ជាមួយគ្នានេះលោកអភិបាលស្រុកឆែប បានថ្លែងកោតសរសើរដល់កម្លាំងចម្រុះរបស់ស្រុក ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ តែងតែខិតខំបំពេញតួនាទីភារកិច្ចបានល្អប្រសើរ ក្នុងការបង្រ្កាប និងទប់ស្កាត់បាននូវបទល្មើសធនធានធម្មជាតិ បានជាបន្តបន្ទាប់ស្របតាមទិសដៅរបស់ថ្នាក់ដឹកនាំ៕