(ភ្នំពេញ)៖ លោក ឈឹម រិទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញដីការបង្គាប់ឲ្យឃុំខ្លួនស្ត្រីជាប់ចោទឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ ឲ្យយកទៅដាក់ពន្ធនាគារព្រៃសរ ដើម្បីរង់ចាំការជំនុំជម្រះទោសតាមកំណត់នីតិវិធីច្បាប់។
សូមបញ្ជាក់់ថា កាលពីព្រឹកមិញ លោក សុខ កែវបំណ្ឌិត ព្រះរាជអាជ្ញារងអមដាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកានលើស្ត្រីរូបនេះ ពីបទ «ប្រព្រឹត្តអំពើរឃោឃៅ និងទារុណកម្ម តាមបញ្ញត្តិមាត្រា២១១ នៃក្រមព្រហ្មទណ្ឌ»។ នេះបើតាមលោក គុជ គឹមឡុង អ្នកនាំពាក្យស្ថានប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សូមរំលឹកថា ស្ដ្រីចិត្តឆៅ ដែលយកកាំបិតវះមុខក្មេងស្រីអាយុ៥ឆ្នាំ ដោយសារតែក្មេងៗឈ្លោះគ្នានោះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។ ស្ដ្រីដៃដល់រូបនេះ បានសារភាពថា ខ្លួនពិតជាបានយកកាំបិត ទៅវះមុខក្មេងស្រីរងគ្រោះពិតមែន ដោយសារតែខឹងក្មេងនោះ គប់ដុំថ្មបណ្ដាលឲ្យបែកក្បាលកូនប្រុសខ្លួន ដែលមានអាយុជាង២ឆ្នាំ។
ស្រ្តីដៃដល់ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួននាំយកទៅសាកសួរ ក្រោយពេលគាត់ធ្វើសកម្មភាព យកកាំបិតប៉ុនប៉ងអារ-ក សម្លាប់ក្មេងស្រីម្នាក់ ព្រោះតែខឹង ក្មេងស្រីរូបនោះយកដុំថ្មគប់កូនប្រុសគាត់ បែកក្បាលកាលពី២ថ្ងៃមុន។ ប៉ុន្តែការប៉ុនប៉ងសម្លាប់ក្មេងស្រីរងគ្រោះខាងលើ មិនបានសម្រេចទេ ដោយសារតែនាង ស្រែកយំខ្លាំងៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ហើយស្រ្តីដៃដល់បានយក កាំបិតឆូតផ្ទៃមុខ និងច្រមុះ ព្រមទាំងដៃក្មេងស្រីរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនចូលទៅក្នុងផ្ទះ មុននឹងនគរបាលឃាត់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣៖១៥នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕