(ភ្នំពេញ)៖ អគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្លាប់មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។ នេះបើតាមការឲ្យដឹងពី លោកវរេសេនីយ៍ឯក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ត បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ មានកូនម្ចាស់ផ្ទះ២នាក់ និងកម្មករ២នាក់។ ជនរងគ្រោះទី១៖ឈ្មោះ ឡាំ សេងហាវ អាយុ២៧ឆ្នាំ ភេទប្រុស (កូនម្ចាស់ផ្ទះ), ទី២៖ឈ្មោះ ឡាំ គីមឡាង អាយុ៨ឆ្នាំ ភេទស្រី (កូនម្ចាស់ផ្ទះ), ទី៣៖ឈ្មោះ ម៉ៅ ស៊ីណាត អាយុ២២ឆ្នាំ ភេទប្រុស (កម្មករ) និងទី៤៖ឈ្មោះ មុន មករា អាយុ១៨ឆ្នាំ ភេទប្រុស (កម្មករ)។
ដោយឡែក អ្នករងរបួសរួមមាន ទី១៖ឈ្មោះ ប្រាក់ ឡាំហុង អាយុ៦៩ឆ្នាំ ភេទប្រុស (ម្ចាស់ផ្ទះ) របួសស្រាល, ទី២៖ឈ្មោះ លី សឿង អាយុ៤៩ឆ្នាំ ប្រពន្ធ (របួសធ្ងន់), ទី៣៖ឈ្មោះ ឡាំ សេងតាយ អាយុ១៩ឆ្នាំ ភេទប្រុស (កូន), ទី៤៖ឈ្មោះ ឡាំ គីមជូ ១៣ឆ្នាំ ភេទស្រី (កូន) និងទី៥៖ឈ្មោះ ប្រាក់ សេងគា អាយុ៣២ឆ្នាំ ភេទប្រុស (ប្អូនម្ចាស់ផ្ទះ) របួសស្រាល។
នាយការិយាល័យរូបនេះ បានឲ្យដឹងទៀតថា សាកសពអ្នកស្លាប់ទាំង៤នាក់ ត្រូវបានយកចេញពីគំនរផេះ ហើយយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ខណៈអ្នករបួសទាំង៥នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
គួរជម្រាបថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ឡានទឹកជាច្រើន រួមមាន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ក្រសួងមហាផ្ទៃ, កងរាជអាវុធហត្ថ, កងពលតូចលេខ៧០ និងរថយន្ដជំនួយជាច្រើនទៀតផងដែរ៕