(ស្ទឹងត្រែង)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបង្ក្រាបរថយន្ដអត់ពន្ធនាំចូល និងពាក់ផ្លាកលេខខេមរភូមិន្ទក្លែងក្លាយ គ្មានក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចំនួន១៩គ្រឿងជាបន្ដបន្ទាប់។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ប្រគល់ជូនអគ្គនាយកដ្ឋានគយ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

ប្រតិបត្តិការនេះធ្វើឡើងក្រោម ដោយមានការចង្អុលបង្ហាញពី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមានការបញ្ជាផ្ទាល់ ពីប្រធាននាយកដ្ឋាន បង្ការ និងបង្រ្កាបបទល្មើស, លោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធ តំបន់៦ ខណៈកម្លាំងកងរាជអាវុធហត្ថ ក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍ សៅ សុខា និងដឹកនាំប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។

ក្នុងការបង្ក្រាបបទល្មើសផ្សេងៗ របស់មន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលមានមធ្យោបាយដឹកជញ្ជូនជា រថយន្តពាក់ស្លាកលេខក្លែងក្លាយ គ្មានបង្កាន់ដៃបង់ពន្ធនាំចូល និងពាក់ស្លាកលេខខេមរភូមិន្ទ គ្មានក្នុងបញ្ជីទ្រព្យរដ្ឋនោះ អង្គភាពអាវុធហត្ថខេត្ត បានចាប់ឃាត់រថយន្តទាំងនេះ រួចប្រគល់
ជូនអង្គភាពគយ ជាបន្តបន្ទាប់ចំនួន១៩គ្រឿង ដើម្បីធ្វើការបង់ពន្ធ និងពិន័យទៅតាមនីតិវិធីច្បាប់។

តំណាងឲ្យអង្គភាពគយទាំងមូល លោក ព្រាប គារ៉ាត បានកោតសរសើរ និងថ្លែងអំណរអរគុណ ចំពោះថ្នាក់ដឹកនាំ នៃអង្គភាពកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលតែងតែមានកិច្ចសហប្រតិបត្តិការល្អ ជាមួយអង្គភាពគយក្នុងការបង្រ្កាបបទល្មើស។

រថយន្ដទាំងអស់នោះ បានប្រគល់ជូនអគ្គនាយកដ្ឋានគយជាបន្ដបន្ទាប់ពោល កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ចំនួន៣គ្រឿង, ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ចំនួន៩គ្រឿង និងប្រគល់នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ ប្រគល់ចំនួន៧គ្រឿង សរុបចំនួន១៩គ្រឿង៕