(កំពង់ធំ)៖ លោក សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ចុះជួបសំណេះសំណាល និងប្រគល់ផ្ទះថ្មីមួយខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនពិការដោយសារសង្គ្រាម រស់នៅភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក សោម ស៊ុន បានឱ្យដឹងថា ផ្ទះថ្មីដែលត្រូវប្រគល់ជូនអតីតយុទ្ធជនពិការនៅពេលនេះមានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ជញ្ជាំងនិង ដំបូលប្រក់ស័ង្កសីកិនភ្លី រនាបក្រាលក្តារ ជណ្ដើរកាច់ ត្រូវប្រគល់ជូនលោកតា ច្រឹង ញ៉ាញ់ អាយុ ៥៨ឆ្នាំ និងភរិយាឈ្មោះ ដួង រៀម អាយុ ៥៨ឆ្នាំ ដែលមានកូនក្នុងបន្ទុក ចំនួន ០៤នាក់ សរុបសមាជិកនៅក្នុងគ្រួសារមានចំនួន០៦នាក់ ។
លោក សោម ស៊ុន ក៏បានបញ្ជាក់ផងដែរថា អតីតយុទ្ធជនពិការឈ្មោះ ច្រឹង ញ៉ាញ់ បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៥ មានឋានន្តរសក្កិអនុសេនីយ៍ទោនៅអង្គភាព កងពលធំ ១៧៩ និងបានត្រូវរបួសពិការដោយសាជាន់មីនថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៩២ នៅសមរភូមិស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោក សោម ស៊ុន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ចំពោះអតីតយុទ្ធជននិងប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្តេចតែងតែ គិតគូយកចិត្តទុក្ខដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា និងបានជម្រុញឲ្យបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ខិតខំអនុវត្តន៍ការងារ បង្កបង្កើនផល និងចិញ្ចឹមសត្វដើម្បីដោះស្រាយបង្កើនជីវភាពរស់នៅរបស់ក្រុមគ្រួសារផងដែរ។
លោក សោម ស៊ុន ក៏បានក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋ និងអតីតយុទ្ធជនត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួន និងទប់ស្កាត់ការឆ្លងរីករាលដាលពីជំងឺ កូវីដ១៩ ត្រូវអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយបច្ចុប្បន្ននេះនៅលើពិភពលោកមានមនុស្សជាង១៤លាននាក់ហើយ បានឆ្លងមេរោគ នេះ និងមានមនុស្សស្លាប់ជាង៦០ម៉ឺននាក់ ដោយមិនទាន់រកឃើញថ្នាំការពារឬថ្នាំព្យាបាលនៅឡើយទេ។
សូមបញ្ជាក់ថា ក្នុងពិធីប្រគល់ផ្ទះនៅពេលនេះក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកនូវអំណោយរបស់លោកឧត្ដមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ជូនបន្ថែមរួមមាន៖ អង្ករ ៥០គីឡូក្រាម មី ០២កេស ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន០២យួរ និងថវិកាមួយចំនួនផងដែរ។
គួរបញ្ជាក់ផងដែរថា ពិធីប្រគល់ផ្ទះនេះគឺជាអំណោយផ្ទះទី១៦៥ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនកម្ពុជាក្នុងខេត្តកំពង់ធំ៕