(សៀមរាប)៖ លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប និងសហការី នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានចុះជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង ដែលផ្ដួចផ្ដើមឡើងដោយ លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប និងដោយបានការជួយឧបត្ថម្ភពីលោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី។
ផ្ទះមនុស្សធម៌នេះបានប្រគល់ជូនគ្រួសារលោក គី រី អាយុ ៦៥ឆ្នាំ (ពិការជើងឆ្វេង) និងភរិយាឈ្មោះ ញ៉ឹក ម៉ុន អាយុ ៥៩ឆ្នាំ មានសមាជិកគ្រួសារ ៩នាក់ រស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ បច្ចុប្បន្នដើរស៊ីឈ្នួលគេ គ្រាន់បានចំណូលខ្លះដោះស្រាយជីវភាពគ្រួសារ។ ផ្ទះមនុស្សធម៌នេះ មានទំហ៊ំ ៦ម៉ែត្រ x ៦ម៉ែត្រ មានពីរបន្ទប់ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងស្មាតបត ក្រាលការ៉ូ ផុតពីដីកម្ពស់ ០.៤ម៉ែត្រ សង់លើដីផ្ទាល់ខ្លួនរបស់គាត់ទំហ៊ំ ៩ម៉ែត្រ x ១៤ម៉ែត្រ។
ថ្លែងក្នុងឱកាសនោះលោកស្រី ទាង អេង ទៀសីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយដូចដែលលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។
លោកស្រី ក៏បានធ្វើការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋត្រូវចេះដាំដំណាំរួមផ្សំ នៅជិតៗផ្ទះហើយរដូវនេះជារដូវវស្សា សូមមានប្រុងប្រយ័ត្នចំពោះផ្គរ រន្ទះ ត្រូវចេះថែរក្សា សុខភាពពិសេសកូនចៅតូចៗ បើឃើញថាមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ លោកស្រី ក៏បានផ្តាំផ្ញើដល់សហគមន៍ សមាជិកគ្រួសារទាំងអស់ត្រូវចេះសម្អាត ថែរក្សាផ្ទះថ្មីនេះដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ។
លោកឧកញ៉ា ទៀ វិចិត្រ បានលើឡើងដែរថា រូបគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលឃើញសមិទ្ធផលដែលគាត់បានចូលរួមតាមរយៈ កាកបាទក្រហមកម្ពុជា ហើយបានដល់ដៃប្រជាពលរដ្ឋដែលងាយរងគ្រោះ និងជួបការលំបាកពិតប្រាកដ ជាពិសេសផ្ទះដែលបានប្រគល់នាពេលនេះ គឺស្អាតសមរម្យ ហួសពីការគិតរបស់គាត់ទៅទៀត។
សូមបញ្ជាក់ថា នៅក្នុងពិធីប្រគល់ផ្ទះនោះក៏បានបន្ថែមនូវអំណោយមនុស្សធម៌រួមមាន៖ មុង២, ភួយ២, សារុង២, ក្រម៉ា២, កន្ទេល២, អង្ករ ៦០គីឡូក្រាម, មី ២កេស, ត្រីខ ២យួរ, ឡាំងទឹក ២, អាវយឺត១០, សម្ភារៈផ្ទះបាយមួយចំនួន, និងថវិកា ៤សែនរៀល។ សម្រាប់គ្រួសារនេះដែរព្រះតេជគុណ ព្រះអនុប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកពួក បានឧត្ថម្ភបន្ថែមនូវទេយ្យទានមួយចំនួន និងថវិកាចំនួន ១សែនរៀលផងដែរ។
សម្រាប់លោកតា លោកយាយ ដែលចូលរួមក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌នេះចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ១៥គីឡូក្រាម មី ១កេស, ត្រីខ ១យួរ, ក្រមា ១, អាវយឺត ២, និងថវិកា ៤ម៉ឺនរៀល៕