(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅសាកលវិទ្យាល័យការពារជាតិ បានរៀបចំពិធីទទួលរថយន្តមេបញ្ជាការមួយគ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក។
លោកឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរងតំណាងនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការ ដែលកំពុងជាប់បំពេញបេសកកម្មក្រុមការងាររាជរដ្ឋាភិបាល ចុះជួយនៅខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនចំពោះឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្តល់រថយន្ត Pick-Up ថ្មីមួយគ្រឿងនេះ សម្រាប់ នាយកមហាវិទ្យាល័យ និងយោធាចារ្យប្រើប្រាស់ជាមធ្យោបាយចុះទំនាក់ទំនង និងពិនិត្យភូមិសាស្ត្រ មុនបញ្ជូន និស្សិតនិងសិក្ខាកាមចុះសិក្សាជាក់ស្តែងនៅទីលាន និងទស្សនកិច្ចសិក្សា តាមបណ្តាខេត្ត។
លោកឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក បានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា រថយន្ត Pick-Up មួយគ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តល់ជូនសាកលវិទ្យាល័យ ការពារជាតិនាពេលនេះ គឺមានសារៈសំខាន់ជាទីបំផុត សម្រាប់ប្រើប្រាស់ជារួម ក្នុងគោលដៅបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យការពារជាតិក្នុងឱកាសមាសនៃសន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងបម្រើឲ្យកំណែទម្រង់លើខ្លឹមសារបណ្តុះបណ្តាល និងហ្វឹកហ្វឺន ប្រចាំឆ្នាំតម្រូវឲ្យនិស្សិតគ្រប់វគ្គសិក្សាចុះសិក្សានៅទីលានភូមិសាស្ត្រជាក់ស្តែង និងទស្សនកិច្ចសិក្សា នៅតាមព្រំដែន និងតំបន់ប្រវត្តិសាស្ត្រយោធាសំខាន់ៗ ជាជំនួយដល់ការសរសេរអត្ថបទ ស្រាវជ្រាវនិងសារណា មុនបញ្ចប់វគ្គ»។
នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ជា តារា និងនាយទាហានជាយោធាចារ្យ និស្សិតនិងសិក្ខាកាម ទូទាំងសាកលវិទ្យាល័យការពារជាតិ គាំទ្ររាល់សកម្មភាពរបស់ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត បានឆ្លុះបញ្ចាំងថា ជាវិរៈកុលបុត្រកម្ពុជាដ៏ឆ្នើម ជាមេបញ្ជាការដ៏ឈ្លាសវៃអង់អាចក្លាហានប្រកបដោយសមត្ថភាព ជាទីសង្ឃឹមរបស់កងយោធពលខេមរភូមិន្ទ នៅពេលបច្ចុប្បន្ន ក៏ដូចជានៅអនាគត ជាពិសេសលោកឧត្តមសេនីយ៍ បានដើរតាមគន្លង នៃការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាស្ថាបនិកសន្តិភាព និងការ អភិវឌ្ឍន៍នៅកម្ពុជា។
ជាក់ស្តែង ក្នុងព្រឹត្តិការណ៍ព្រំដែនតំបន់ប្រាសាទព្រះវិហារឆ្នាំ២០០៨ ប្រៀបការពារជាតិ ត្រូវបានពង្រឹងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់នូវការកសាងហេដ្ឋារចនាសម័ន្ធ ស្ពាន ថ្នល់ ផ្តល់នូវការបំពាក់ដល់កងទ័ពមានគ្រប់លទ្ធភាពសមត្ថភាពប្រយុទ្ធ សង់សាលារៀន មន្ទីរពេទ្យ កសាងអណ្តូងទឹក កសាងផ្ទះស្នាក់នៅគ្រួសារកងទ័ពរាប់ពាន់ខ្នងបង្កើត ជាភូមិអភិវឌ្ឍន៍កងទ័ព តាមតំបន់ព្រំដែន ផ្តល់អង្ករ ផ្តល់មធ្យោបាយដល់គ្រួសារទ័ពបង្កបង្កើនផល។
គ្រប់រដូវកាល នៃបំរែបំរួលអាកាសធាតុជារៀងរាល់ឆ្នាំ សម្តេចទាំងពីរបានផ្តល់រដូវភ្លៀងសម្តេចផ្តល់អាវភ្លៀង រដូវរងាសម្តេចផ្តល់អាវរងា មុង ភួយដល់កងទ័ព។ កត្តានេះបានធ្វើឲ្យកងទ័ពកាន់តែ កក់ក្តៅ កាន់តែមានលំនឹងពង្រីកបាននូវឆន្ទៈប្រយុទ្ធ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង។
រាល់សកម្មភាពខាងលើគឺតែងតែមានវត្តមានឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចទាំងពីរទៅប្រចាំការ នាំសម្ភារផ្តល់ដល់ដៃដល់មាត់កងទ័ព ជាពិសេសវត្តមាន ក្នុងពេល ប្រយុទ្ធទប់ទល់ធំៗទាំង២លើកក្នុងឆ្នាំ២០១១ គឺឯកឧត្តមមេបញ្ជាការតែងតែមានមុខជាប់ជានិច្ច។
សាកលវិទ្យាល័យការពាជាតិដែលមាននាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ជាសាកលវិទ្យាធិការ បានប្តេជ្ញា ដោយមោះមុតអនុវត្តកំណែទម្រង់ឲ្យបានសម្រេចនូវគោលដៅសំខាន់២គឺ៖
*ទី១៖ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ។ ក្នុងនោះកំណែទម្រង់លើការងារ គ្រប់គ្រងដឹកនាំបញ្ជា លើកកម្រិតបណ្តុះបណ្តាល យោធាចារ្យ ធ្វើបច្ចុប្បន្នភាពខ្លឹមសារ ឯកសារសម្រេចឲ្យបាន ប្រកបដោយប្រសិទ្ធិភាពនិងសក្តិសិទ្ធភាពលើការងារបណ្តុះបណ្តាលវិទ្យាសាស្ត្រយោធាជាចម្បង(ព្រោះជាវិទ្យា សាស្ត្រអំពីសឹកសង្គ្រាម ដែលស្រាវជ្រាវអំពីចរិកលក្ខណៈ រាល់ក្រឹត្យក្រមនៃសង្គ្រាម កិច្ចការប្រុងប្រៀបកងកម្លាំង ការកសាងខឿនការពារជាតិ ) វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រនយោបាយ បច្ចេកវិទ្យាយោធានិងភាសាបរទេសដល់និស្សិតនិងសិក្ខាកាម។
*ទី២៖ ជាមជ្ឈមណ្ឌលតម្រង់ទិសគោលជំហរទស្សនៈនយោបាយការពារជាតិចំទិសស្របតាមប្រសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី «កងទ័ពជាខឿនការពារជាតិរបស់ប្រជាជន» ក្នុងនោះ៖
បណ្តុះបណ្តាលឲ្យក្លាយជាកងទ័ពម្នាក់មានសមត្ថភាពដឹកនាំបំពេញភារកិច្ចការពារជាតិ មាតុភូមិ ចូលរួមថែរក្សា សន្តិភាព ប្រឆាំងដាច់ខាតចលនាឧទ្ទាម ចលនាបដិវត្តន៍ពណ៌ ដែលមានចរិកប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់កើតចេញពីការបោះឆ្នោត។
បណ្តុះបណ្តាលឱ្យក្លាយជាកម្លាំងពិតមួយដែលស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិ គោរពជឿជាក់លើការ ដឹកនាំរបស់រាជរដ្ឋាភិបាលដដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា នាយទាហានទាំងអស់នៃ សាកលវិទ្យាល័យការពារជាតិ សូមគោរពថ្លែងអំណរគុណជាថ្មី និងសូមប្រសិទ្ធិពរជ័យជូនឧត្តមសេនីយ៍ ឯកបណ្ឌិត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក មានសុខភាពល្អ បរិបូណ៌សម្រេចបាន ដោយជោគជ័យគ្រប់ភារកិច្ច៕