(កំពង់ចាម)៖ ក្នុងគោលបំណងចូលរួមការពារ និងទប់ស្កាត់ជំងឺ COVID-19 ស្រមតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាក់ស្តែងនាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងលោក អែល សារ៉ុម អគ្គនាយកក្រុមហ៊ុន K E P Group និងលោក ប៊ុន វុត្ថា អគ្គនាយកក្រុមហ៊ុន S-Auto បាននាំគ្រឿងឧបភោគ បរិភោគ គ្រឿងភេសជ្ជះ ម៉ាស ថ្នាំពេទ្យ និងថវិកាមួយចំនួនជាអំណោយរបស់ឧត្តមសេនីយ ហ៊ុន ម៉ាណែត ផ្តល់ជូនកងវិស្វកម្មដែលកំពុងឈរជើង បើកការដ្ឋានស្ថាបនាផ្លូវលំ០១ខែ្ស ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លោក ចាស់ ជឿន មេឃុំទងត្រឡាច បានឲ្យដឹងថា ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច និងឧកញ៉ា ឡូវ ហ៊ឹង សូមចងចាំទុកជាប្រវត្តសាស្រ្តចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់អំណោយដ៏ថ្លៃថ្លាដោយជួយឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែ ប្រវែងជិត៧គីឡូម៉ែត្រ និងទទឹង៧តភ្ជាប់ទៅផ្លូវជាតិលេខ៨ នៅក្នុងឃុំទងត្រឡាច។

ឆ្លៀតនាឧកាសនោះដែរ ឧកញ៉ា ឡូវ ហ៊ឹង ជំរាបជូនប្រជាពលរដ្ឋនៅតាមមួលដ្ឋានថា ផ្លូវបេតុងនេះក្រោយពីស្ថាបនារួច មិនត្រឹមជួយសំរួលការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺវានឹងធ្វើឲ្យដី និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋតំបន់នេះមានតម្លៃ ពិសេសដី និងលំនៅដ្ឋានប្រជាពលរដ្ឋដែលនៅអមសង្ខាងផ្លូវ និងទាក់ទាញដៃគូវិនិយោគផងដែរ។

លើសពីនេះទៀត ផ្លូវបេតុងនឹងស្ថាបនារួចរាល់លេចចេញរូបរាងនាពេលខាងមុខ និងមានការរៀបចំការសាងសង់បង្គោលភ្លើងបំភ្លឺផ្លូវដោយបំពាក់ប្រព័ន្ធស៊ុលឡា ក្នុងគោលបំណងឲ្យបងប្អូន ប្រជាពលរដ្ឋកាន់តែងាយស្រួលក្នុងការធ្វើដំណើរ។

ឧកញ៉ា ឡូវ ហ៊ឹង បានណែនាំឲ្យបងប្អូនដែលកំពុងរស់នៅក្នុងភូមិ និងសហគមន៍ សូមចងចាំ និងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជែលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅ ម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗ ពោលការរស់នៅប្រចាំថ្ងៃ ត្រូវអនាម័យរស់នៅល្អ ដើម្បីសុខភាពនិងអាយុជិវិតរស់នៅបានយូរអង្វែង។

ជាចុងក្រោយ ឧកញ៉ា ឡូវ ហ៊ឺង សំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋថែទាំសុខភាពត្រូវអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគ Covid-19 ដែលជាជម្ងឺមួយដែលឆ្លងជាសកល និងបានកំពុងសម្លាប់មនុស្សពីមួយថ្ងៃទៅថ្ងៃ ក្នុងពិភពលោកយើងនេះ។

អំណោយរបស់ឧត្តមសេនីយ ហ៊ុន ម៉ាណែត រួមមាន៖ គ្រឿងឧបភោគ បរិភោគ គ្រឿងភេសជ្ជះ ម៉ាស ថ្នាំពេទ្យ និងថវិកាមួយចំនួនផ្តល់ជូនកងវិស្វកម្មប្រមាណ៥០នាក់ និងប្រជាពលរដ្ឋ ប្រមាណ២៥០គ្រួសារ ទទួលបានថ្នាំពេទ្យ និងថវិកាមួយចំនួនផងដែរ។ ដោយឡែក សីម៉ង់តិ៍១០តោន សម្រាប់ចាក់សាបចិញ្ចើមផ្លូវ គឺជាការឧបត្ថម្ភរបស់នាយឧត្តមសេនីយ៍កត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី៕