(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត និងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្ដកំពត បានស្នើសុំសមាជិកសមាជិកា ពិសេសសមាជិកទើបតែបញ្ចូលថ្មីជិត ១០០០នាក់ ត្រូវតែមានភាពស្មោះត្រង់ និងខិតខំប្រតិបត្តិ រក្សាទំនាក់ទំនងល្អ ជាមួយប្រជាជន និងខិតខំថែរក្សាសាមគ្គី ឯកភាពផ្ទៃក្នុង លើកកម្ពស់សមត្ថភាព និងគុណធម៌ ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ។

ការស្នើបែបនេះរបស់លោក ជាវ តាយ បានធ្វើឡើងនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចូលសមាជិកថ្មី ចំនួន៩៨៥នាក់ ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។

ក្នុងពិធីនោះ លោក ជាវ តាយ និងសមាជិកសមាជិកាគណបក្សពាក់ព័ន្ធជាច្រើនរូប បានស្វាគមន៍ចំពោះសមាជិកថ្មីជិត១,០០០នាក់ ដែលបានស្ម័គ្រចូលរួមក្នុងជីវភាពនយោបាយរបស់បក្ស និងស្នើសុំឱ្យសមាជិកថ្មីទាំងអស់ ត្រូវលើកកម្ពស់មនសិការស្នេហាជាតិ មានវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុងបក្ស ប្រកាន់ជំហរភាពស្មោះត្រង់បក្ស ដោយសមូហភាពដឹកនាំម្នាក់ៗទទួលខុសត្រូវ ដើម្បីរួមដំណើរជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍន៍មូលដ្ឋាន និងសង្គមជាតិ។

លោក ជាវ តាយ បានលើកឡើងទៀតថា មានតែគណបក្សប្រជាជនកម្ពុជាមួយតែប៉ុណ្ណោះ ដែលមានកម្លាំងស្នូល ជាបង្អែក ដ៏រឹងមាំរបស់ប្រជាជន ដោយបានរួមសុខ រួមទុក្ខជាមួយ ប្រជាជនគ្រប់កាលៈទេសៈ។ គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់នូវបទពិសោធន៍ជាច្រើន និងបណ្ដាសមិទ្ធផល ដ៏វិសេសវិសាល ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅនេះ ដោយផ្ដើមចេញពីជ័យជំនះ ៧មករា ឆ្នាំ១៩៧៩។ ប្រទេសជាតិយើងបានអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធ្វើឱ្យមានការរីកចម្រើន ប្រកបដោយចីរភាព បរិយាប័ន សមធម៌ ដោយសម្រេចបាននូវការផ្លាស់ប្ដូរ សង្គមយ៉ាងធំធេងពុំអាចនឹកស្មានដល់។

លោកបានបន្ថែមថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ពីសមរភូមិនៃសង្រ្គាមដ៏រ៉ាំរ៉ៃ ពីគំនរផេះផង់ ទៅជាទឹកដី ដែលមានសន្តិភាព ឯកភាព ស្ថេរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅប្រកបដោយក្ដីសង្ឃឹមយ៉ាងសុខដុមរមនា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ជាពិសេសក្នុងដំណាក់កាលថ្មីនៃប្រទេសជាតិ ជួបវិបត្តិជាសកលនៃជំងឺឆ្លងកូវីដ១៩ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើចំណាត់ការដោះស្រាយប្រកបដោយប្រសិទ្ធភាព ពុំមានប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយជំងឺដ៏កាចសាហាវនេះឡើយ។

ទន្ទឹមនឹងនោះដែរ លោក ជាវ តាយ ក៏បានផ្តាំផ្ញើដល់គណៈកម្មាធិការគណបក្សស្រុកកំពង់ត្រាច ត្រូវយកចិត្តទុកដាក់ថែបំប៉នទាំងសមាជិកចាស់ និងសមាជិកថ្មី អោយបានល្អប្រសើរដូចៗគ្នា ហើយត្រូវខិតខំប្រឹងប្រែងក្នុងការយកជ័យជំនះ ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតឆ្នាំ២០២៣ នាពេលខាងមុខ និងឆ្នាំបន្តបន្ទាប់ទៀត៕