(បន្ទាយមានជ័យ)៖ មានប្រជាពលរដ្ឋចំនួន៣១គ្រួសារ ក្នុងសង្កាត់ភ្នៀត និងឃុំសំបួរ នៅខេត្តបន្ទាយមានជ័យ បានឡើងទៅសាលាខេត្ត សុំឲ្យអភិបាលខេត្តផ្តល់បណ្ណក្រីក្រ ព្រោះសំអាងថា ពួកគាត់ពិតជាជនក្រីក្រពិតប្រាកដ។ ការស្នើសុំបានធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។
លោក លី សារី អភិបាលរងខេត្ត បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង៣១គ្រួសារនេះ មិនដឹងថាជាគ្រួសារក្រីក្រពិតប្រាកដ ឬយ៉ាងណានោះទេ តែប្រជាពលរដ្ឋទាំង៣១គ្រួសារនេះ ក៏មិនត្រូវឡើងមកខេត្តសុំបណ្ណក្រីក្រពីខេត្តនោះដែរ ព្រោះសំអាងថា មេភូមិ មេ ឃុំ ចៅសង្កាត់ជាភ្នែកច្រមុះរបស់ខេត្ត ធ្វើអ្វីមួយពិតជាសុក្រឹតត្រឹមត្រូវណាស់។
លោកបានបន្តថា «ទុកឲ្យប្រធានមន្ទីរផែនការ (ខេត្តបន្ទាយមានជ័យ) ចុះធ្វើអត្តសញ្ញាណកម្មឲ្យបានពិតប្រាកដសិន»។
ចំណែកលោកស្រី ព្រំ ស៉ីណាត ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យ បាននិយាយថា នៅថ្ងៃទី២១ ខែកក្កដានេះ លោកស្រីនឹងចុះធ្វើអត្តសញ្ញាណកម្ម ដល់ប្រជាពលរដ្ឋទាំង៣១គ្រួសារ។ លោកស្រីរំលឹកថា លក្ខណៈទទួលបានបណ្ណក្រីក្រពិតនោះបាន រួមមាន ប្រជាពលរដ្ឋរស់នៅឯកោ គ្មានកូនទីពឹង គ្មានផ្ទះសម្បែងពិត មានជីវភាពតោយ៉ាកជាដើម។
គួរបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឲ្យប្រើជាផ្លូវការនូវ កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩។ ដើម្បីធានាថា ប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដ ទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺធ្វើការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលនេះ។
ដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាព ក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ សម្តេចបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់គឺត្រូវផ្តោតការយកចិត្តទុក ដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាតនូវការគប់គិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូន កូនក្មួយខ្លួនឯង ដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះ ដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ៕