(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា បងប្អូនគ្រីស្ទសាសនិកនៅក្នុងខេត្ត ជាចំណែកមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ តាមរយៈការចូលរួមសកម្មភាពមនុស្សធម៌ជួយដល់ជនក្រីក្រ រួមនឹងសកម្មភាពផ្សេងៗជួយដល់សង្គមជាតិ។
ការកោតសរសើរបែបនេះរបស់លោកអភិបាលខេត្ត បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញជាអធិបតី ប្រកាសគណៈកម្មការគ្រីស្ទាន ខេត្ត ក្រុង ស្រុក ដែលមានការចូលរួមពីសំណាក់លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនា អភិបាលរងក្រុង-ស្រុក ថ្នាក់ដឹកនាំគ្រីស្ទានខេត្ត មន្ត្រីរាជការ បងប្អូនគ្រីស្ទាន នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។
លោក បៀវ ថាន បានលើកឡើងថា ពិធីប្រកាសតែងតាំងគណៈកម្មការគ្រីស្ទានស្រុក-ក្រុងទូទាំងខេត្តនេះ គឺជាការរៀបចំឱ្យមានរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រងត្រឹមត្រូវ ក្នុងការចូលរួមលើកកម្ពស់ អភិបាលកិច្ចល្អ និងជាកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរធម្មការ និងសាសនារួមជាមួយ នឹងគណកម្មការគ្រីស្ទានខេត្ត ក្នុងការចុះបោះឆ្នោតជ្រើសរើស និងរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំគ្រីស្ទានស្រុក-ក្រុង ហើយជាមោទនភាពបំផុត សម្រាប់ខេត្តបន្ទាយមានជ័យ។
លោក អ៊ុ រាត្រី បានថ្លែងថា ការពង្រឹងគុណភាពលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ជួរគណៈកម្មការគ្រីស្ទាន ត្រូវបានផ្សារភ្ជាប់នឹងបច្ចេកវិទ្យាទំនើប ដើម្បីឱ្យកិច្ចការគោរពជំនឿ និងប្រតិបត្តលើសាសនា មានសណ្តាប់ធ្នាប់ល្អ ធានាបាននូវសាមគ្គីភាពគ្រីស្ទសាសនិកទាំងអស់គួរយកចិត្តទុកដាក់ចំពោះការកំណត់គោលគំនិត នៃជំនឿប្រតិបត្តិតាមព្រះបន្ទូលនៃព្រះយេស៊ូគ្រីស្ទ ជាការចាំបាច់យ៉ាងសំខាន់ត្រូវពង្រឹង និងពង្រីកនៅគ្រប់ទីកន្លែងដែលសមស្រប ហើយទើបត្រូវប្រកាន់យកព្រះបន្ទូលនៃព្រះអម្ចាស់ គឺជាប្រទីបបំភ្លឺផ្លូវសំរាប់អប់រំផ្លូវចិត្ត ជម្រះចោលនូវគំនិតគំគួនឈ្នានីស ប្រកបដោយអហិង្សា។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានកោតសរសើរដល់គណៈគ្រីស្ទានខេត្ត-ស្រុក-ក្រុង បងប្អូនគ្រីស្ទបរិស័ទ ដែលបានខិតខំប្រតិបត្តិខ្លួន និងជួយអប់រំដល់គ្រីស្ទសាសនិក ក្នុងការជួយអភិវឌ្ឍន៍ខ្លួន ក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ចាកចេញឆ្ងាយពីអំពើអាក្រក់នានា តាមព្រះបន្ទូលរនៃព្រះបុត្រាព្រះអង្គម្ចាស់ និងបន្ថែមការប្រមូលផ្ដុំកម្លាំងរក្សាការពារសន្តិភាព ស្ថិរភាព សាមគ្គីភាព ជំរុញការកសាងជាតិឆ្ពោះទៅរកភាពថ្កុំថ្កើនរុងរឿង និងសូមអនុសាសន៍អនុវត្តឱ្យបានត្រឹមត្រូវនូវគោលនយោបាយរបស់រដ្ឋាភិបាលកំណត់ថា «សេរីភាពខាងជំនឿសាសនា និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ»៕