(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានប្រគល់ម៉ាសសុខាភិបាល ប្រមាណ ១៨ម៉ឺនម៉ាស ជូនក្រសួងសុខាភិបាលនិងមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ប្រើប្រាស់ និងចែកជូនពលរដ្ឋប្រើប្រាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។
ពិធីប្រគល់ និងទទួលម៉ាស ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា តាមរយៈលោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
ក្នុងពិធីនោះនាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានសម្តែងការកោតសរសើរចំពោះពលីកម្ម និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធទំាងអស់ ដែលបានលះបង់កម្លំាងកាយ ចិត្តនិងស្មារតី ក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងគ្រាលំបាកនេះ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
លោក កែវ ពិសិដ្ឋ បានលើកឡើងថា សម្តេចប្រធានរដ្ឋសភា តែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ នៅក្នុងនោះសម្តេចតែងតែចុះអប់រំ ណែនាំពលរដ្ឋឲ្យគោរពតាមវិធានការការពាររបស់ក្រសួងសុខាភិបាល និងបានជំរុញលើកទឹកចិត្តដល់សមាជិកសមាជិការដ្ឋសភាទំាងអស់ ចុះចែកម៉ាស់ អាកុល ឬជែលលាងដៃ រួមនិងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋជាប្រចំា។
លោកបន្តថា សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញវិធានការអន្តរាគមន៍របស់រដ្ឋាភិបាលបន្តបន្ទាប់នាពេលកន្លងមក មានវិធានការការពារសុខភាពពលរដ្ឋ ក៏ដូចជាការស្តារឡើងវិញនូវជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ពីផលប៉ះពាល់ដោយសារកូវីដ១៩ ដូចជាការផ្តល់បញ្ចប់ប្រាក់ឧបត្ថម្ភដល់កម្មករកម្មការិនីក្នុងឧស្សាហកម្មកាត់ដេរ ទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលបានព្យួរការងារដោយសារជំងឺកូវីដ១៩។ ជាពិសេសការផ្តល់សាច់ប្រាក់ឧបត្ថម្ភ ពលរដ្ឋក្រីក្រ ប្រមាណ ៥៦ម៉ឺនគ្រួសារនៅទូទំាងប្រទេស នៅក្នុងជុំទី១នេះ គិតមកដល់ពេលនេះពលរដ្ឋទាំងអស់នោះបានទទួលប្រាក់ឧបត្ថម្ភសឹងគ្រប់ក្រុមគ្រួសារហើយ ក្នុងនោះរដ្ឋបានចំណាយថវិកាប្រមាណជា ២២លានដុល្លាររួចមកហើយដែរ។
សម្តេចប្រធានរដ្ឋសភា មានជំនឿយ៉ាងមុតមាំថា ម៉ាស ដែលសម្តេចប្រគល់ជូនក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា នាឱកាសនេះ នឹងបានជាប្រយោជន៍ដល់សកម្មភាពការងារការទប់ស្កាត់កុំឲ្យជំងឺកូវីដ១៩នៅកម្ពុជា រីករាលដាលខ្លំាងជាងនេះ បង្កគ្រោះភ័យដល់សុខភាពពលរដ្ឋខ្មែរបន្តទៀតទេ។
តាមរយៈលោក កែវ ពិសិដ្ឋ សម្តេចពញាចក្រី ហេង សំរិន បានអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋ បន្តអនុវត្តវិធានការការពារ ដែលក្រសួងសុខាភិបាលបានដាក់ចេញឲ្យបានខ្ជាប់ខ្ជួន ដូចជាការពាក់ម៉ាស ឧស្សាហ៍លាងសម្អាតដៃ និងសាប៊ូ អាកុល រក្សាគម្លាតសុវត្ថិភាព ដើម្បីធ្វើយ៉ាងណាកុំឲ្យឆ្លងជំងឺកូវីដ១៩ មកដល់ខ្លួន ដល់ក្រុមគ្រួសារខ្លួន និងសហគមន៍ខ្លួន។
សូមជម្រាបថា នៅក្នុងពិធីប្រគល់ និងទទួលម៉ាសដែលជាអំណោយដ៏ថ្លៃថ្លាររបស់សម្តេចប្រធានរដ្ឋសភា នាឱកាសនោះ មានការចូលរួមពីសំណាក់ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងសហការី តំណាងមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕