(ព្រៃវែង)៖ លោក ទ្រី ម៉េង រដ្ឋលេខាធិការ តំណាងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា «នៅលើពិភពលោក អ្នកឆ្លងជំងឺកូវីដ១៩ ជាង១៣លាននាក់ ស្លាប់ប្រមាណ៦០ម៉ឺននាក់ ហើយថ្វីត្បិតតែប្រទេសយើង មិនមានអ្នកស្លាប់ដោយសារជំងឺនេះក៏ដោយ ក៏យើងមិនត្រូវធ្វេសប្រហេសនោះទេ»។
លោកថ្លែងបែបនេះនៅព្រឹកថ្ងៃទ២០ ខែកក្កដា ឆ្នាំ២០២០ ខណៈដែលលោក អាជ្ញាធរខេត្តព្រៃវែង និងដៃគូសហការ បានចុះផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងពីអនាម័យ ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ដែលការចុះអប់រំផ្សព្វផ្សាយនេះ ធ្វើឡើងនៅសាលាស្រុកពាមរក៍ ខេត្តព្រៃវែង។
លោក ទ្រី ម៉េង បានឲ្យដឹងថា ពិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងពីអនាម័យ ថែទាំសុខភាព លាងដៃជាមួយ សាប៊ូ អាល់កុល និងទឹកអាល់កុលជែល កុំឲ្យមានការរីករាលដាលនូវ ជំងឺកូវីដ១៩ តាមសហគមន៍ ដែលជាការរៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឧបត្ថម្ភថវិកា ដោយអង្គការភ្លែនអន្តរជាតិ អង្គការ IDE និងអង្គការ PNKS។
លោកបានបន្តថា បើសិនមានការឆ្លងនៅក្នុងសហគមន៍ទៀតនោះ នឹងមានបញ្ហាប្រឈមច្រើន ដូច្នេះហើយថ្ងៃនេះមានការចុះអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនៅខេត្តព្រៃវែង ក៏ដូចទូទាំងប្រទេសឱ្យបានយល់ដឹងខ្ពស់ អំពីវិធីការការពារកុំឱ្យឆ្លងរីករាលដាលកូវីដ១៩។
សូមបញ្ជាក់ថា ក្នុងការអប់រំផ្សព្វផ្សាយ ដើម្បីទប់ស្កាត់នូវកូវីដ១៩ លើកទី១ បាន៥ស្រុក មានកំពង់ត្របែក បារភ្នំ មេសាង ស្វាយអន្ទរ និងស្រុកកំចាយមារ ហើយលើកទី២ មាន៤ស្រុក គឺស្រុកពាមជរ៍ ពាមរក៍ ព្រះស្តេច និងស្រុកពោធិរៀង។ ការផ្សព្វផ្សាយ ធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ដោយចែកសម្ភារ មានម៉ាស៧០ដុំ ទឹកអាល់កុល ២៨០លីត្រ និង១២០ដប សាប៊ូ៩៩៣៦ដុំ Poster ៣៥៥០០សន្លឹក៕