(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋនៅភូមិក្បាលកោះ និងភូមិប៉ោយប៉ែត ក្នុងសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជិត១០នាក់ កំពុងមានបញ្ហាកើតជំងឺមួយ អាការៈធ្លាក់ខ្លួនឈឺ និងឡើងកម្តៅខុសធម្មតា ខ្លះរហូតប្រកាច់។
ស្រ្តីម្នាក់បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះថា ប៉ុន្មានថ្ងៃនេះមានក្មេងចាស់ប្រុសស្រីក្នុងភូមិទាំង២នេះ បានធ្លាក់ខ្លួន ខណៈមានអ្នកឈឺខ្លះ បញ្ជូនទៅមន្ទីរពេទ្យរដ្ឋនិងភាគច្រើនទៅគ្លីនិកឯកជន។
តែយ៉ាងណាក៏ដោយ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ស្ថានភាពរបស់ប្រជាពលរដ្ឋ ខ្លះបានធូរស្រាលហើយ និងខ្លះទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យយ៉ាងខ្លាំង។
បើតាមលោកអភិបាលខេត្តបន្ទាយមានជ័យ រហូតមកដល់ពេលនេះ ក្រុមគ្រូពេទ្យជំនាញមិនទាន់បានកំណត់ថាជាប្រភេទជំងឺអ្វីនោះទេ តែសង្ស័យថាជំងឺឈីក។
បើតាមប្រជាពលរដ្ឋនៅក្នុងភូមិ ដំបូងជនរងគ្រោះមានអាការៈទន់ដៃទន់ជើង បន្ទាប់មកក្តៅសន្ធំហើយឡើងកន្ទួលលើដងខ្លួន ឬសាច់មានពណ៌ក្រហម ហើយពេលទៅគ្លីនិកឯកជន ពិនិត្យកំដៅខ្លះឡើងដល់ ៤០អង្សា មិនតែប៉ុណ្ណោះគ្រួសាខ្លះអះអាងថា កូនចៅពួកគាត់ប្រកាច់ដោយសារឡើងកម្តៅខ្លាំងពេកក៏មានដែរ។
ចំណែមអាជ្ញាធរ និងក្រុមគ្រូពេទ្យកំពុងដុតដៃជើងចុះទៅដល់ភូមិកើតហេតុ ធ្វើការសាកសួរ និងធ្វើការជួយសង្គ្រោះអ្នកភូមិភ្លាមៗ។ ចំណែកឯអ្នកឡើងកម្តៅខ្លាំង ត្រូវក្រុមគ្រូពេទ្យដឹកតាម រថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល និងតាមដានថា តើអ្នកជំងឺកើតរោគអ្វីឲ្យពិតប្រាកដ។
លោកវេជ្ជបណ្ឌិត ខេ ពិសិដ្ឋ ប្រធានមណ្ឌលសុខភាពប៉ោយប៉ែត១ ដែលចុះផ្ទាល់ដល់ចំណុចកើតហេតុ មិនបានប្រាប់លម្អិតពីអាការៈរោគ ឬអ្នកជំងឺមានប៉ុន្មាននាក់ឡើយ ដោយនិយាយថាលោកមិនសូវច្បាស់ទេ។
ដោយឡែក មន្ត្រីការិយាល័យស្រុកប្រត្តិបត្តិក្រុងប៉ោយប៉ែត លោកវិជ្ជបណ្ឌិត សឹង្ហ សុភាព ប្រាប់តាមទូរស័ព្ទថា លោកមិនបានដឹងពីចំនួនអ្នកជំងឺបញ្ជូនពីភូមិទាំង២ខាងលើ ទៅកាន់មន្ទីរពេទ្យនោះទេ ព្រោះលោកទើបចុះដល់កន្លែងកើតហេតុថ្ងៃនេះ។ លោកថា អ្នកជំងឺបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត នៅថ្ងៃទី២០ ខែកក្កដា គឺមាន៤នាក់ ប្រុស២ ស្រី២ តែ៣នាក់មានសញ្ញាសង្ស័យ ត្រូវតាមដានបន្តដោយឡែកម្នាក់គ្រាន់គ្រុនធម្មតា។
មន្ត្រីក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតប្រាប់ថា អ្នកជំងឺដែលបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី១៩ ខែកក្កដាមានចំនួន៧នាក់ ស្រី៤នាក់ ភាគច្រើនជាកុមារ ហើយលោកលោកវេជ្ជបណ្ឌិតបាននិយាយថា នៅមិនទាន់ដឹងអំពីមូលហេតុទេ ត្រូវពិនិត្យមើលឈាម ឬតាមដានអាការៈរោគអ្នកជំងឺបន្តទៀតសិន៕