(ភ្នំពេញ)៖ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) នឹងផ្តល់ជំនួយជូនយុវជនងាយរងគ្រោះ និងបុគ្គលិកដែលមានជំនាញទាបនៅកម្ពុជា ក្នុងដំណាក់កាលទី២ ចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២៤ ដែលនឹងអនុវត្តដោយស្វីសខន់ថាក់ (Swisscontact) និង INBAS សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) និងក្រសួងទេសចរណ៍ (MoT) ។
កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី១ បានគាំទ្រយុវជនងាយរងគ្រោះឲ្យមានឱកាសរកប្រាក់ចំណូល និងឱកាសការងារ ព្រមទាំងបានចូលរួមចំណែក លើកកម្ពស់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានការសម្របសម្រួលល្អ ប្រកបដោយគុណភាព ភាពពាក់ព័ន្ធ និងបរិយាប័ន្ននៅទូទាំងប្រទេស។
កម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី២ ចាប់ផ្តើមនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ដែលមានថវិកាសរុប ៨.៣ លានហ្វ្រង់ស្វីស សម្រាប់ផែនការអនុវត្តរយៈពេល៤ឆ្នាំ។ គោលបំណងរួម នៃកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺដើម្បីបង្កើន ឱកាសការងារសមរម្យ និងប្រាក់ចំណូលដល់យុវជនងាយរងគ្រោះ និងបុគ្គលិកដែលមានជំនាញទាប។
ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) គឺជាវិស័យអាទិភាព នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិរបស់ប្រទេសស្វីស ព្រោះវាជាគន្លឹះក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច និងកាត់ បន្ថយភាពក្រីក្រ និងជាមធ្យោបាយក្នុងការផ្តល់ចំណេះដឹង និងជំនាញដែលពាក់ព័ន្ធដល់ បុរស និងស្ត្រីវ័យក្មេង រួមទាំងជំនាញទន់ដើម្បីចូលទៅកាន់ទីផ្សារការងារដោយមានទំនុកចិត្តលើខ្លួនឯង ព្រមទាំងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។
គោលបំណងសំខាន់របស់គម្រោងនេះ ក៏ដើម្បីលើកកម្ពស់ TVET ជាជម្រើសដែលទាក់ទាញ និងមានតម្លៃសម្រាប់យុវជន ដើម្បីភាពរីកចម្រើនរបស់ពួកគេ ក៏ដូចជាវិបុលភាព នៃប្រទេសកម្ពុជាផងដែរ ។ TVET មិនមែនជាជម្រើសចុងក្រោយទេ ប៉ុន្តែវាជាជម្រើសមួយក្រៅពីជម្រើសផ្សេងទៀត។
លោកស្រី Nadia Ottiger អនុប្រធានកិច្ចសហប្រតិបត្តិការ នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ បានថ្លែងថា កម្មវិធីត្រូវបានរៀបចំជា៤ សមាសភាគ (IA) គឺ៖
* ទី១៖ ការអភិវឌ្ឍគ្រឹះស្ថានបណ្ដុះបណ្ដាល TVET៖ ការអភិវឌ្ឍគុណភាពមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត (PTCs) តាមរយៈដំណើរការអភិវឌ្ឍន៍ គ្រឹះស្ថានបណ្តុះបណ្តាលប្រកបដោយកិច្ចសហការ និងភាពគ្រប់ជ្រុងជ្រោយ។
* ទី២៖ ទីពិសោធន៍ នវានុវត្តន៍ TVET៖ ជំរុញវិធីសាស្ត្រនវានុវត្តន៍សម្រាប់ការអភិវឌ្ឍជំនាញ និងស្វែងរកដំណោះស្រាយ លើបញ្ហាជាមូលដ្ឋាននៅក្នុងទីផ្សារការងារ ដោយសហការជាមួយវិស័យឯកជន និងអ្នកផ្តល់សេវាផ្សេងទៀត។
* ទី៣៖ ការបណ្តុះបណ្តាលសម្រាប់យុវជនងាយរងគ្រោះ៖ ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជំនាញទន់ និងជំនាញសហគ្រិនភាពប្រកបដោយគុណភាព ផ្អែកលើទីផ្សារការងារដល់យុវជនក្រីក្រ និងងាយរងគ្រោះ ហើយផ្សារភ្ជាប់ពួកគេទៅនឹងការងារដែលមានប្រាក់ឈ្នួល ឬប្រកបរបរដោយខ្លួនឯង។
* ទី៤៖ បដិសណ្ឋារកិច្ចកម្ពុជា (HoKa)៖ ផ្តល់ការបណ្តុះបណ្តាលផ្នែក បដិសណ្ឋារកិច្ចដល់បុគ្គលិក ដែលមានជំនាញទាប តាមសហគ្រាស និងពង្រឹងសមត្ថភាពដល់ម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្ម ក្នុងវិស័យបដិសណ្ឋារកិច្ច ព្រមទាំងគ្រូបណ្តុះបណ្តាល នៃមន្ទីរទេសចរណ៍ខេត្ត និងវិស័យឯកជន។
នៅក្នុងពិធីប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារ សីហ្វីតែល ភ្នំពេញ ភូគីត្រា លោក ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា កម្មវិធីអភិវឌ្ឍន៍ជំនាញ អន្តរាគមន៍ពីថ្នាក់ក្រោមជាតិដល់ថ្នាក់ជាតិ ដើម្បីធ្វើឲ្យប្រព័ន្ធ TVET មានភាពប្រសើរឡើង ព្រមទាំងបង្កើនប្រសិទ្ធភាព និងភាពពាក់ព័ន្ធនៃការបណ្តុះបណ្តាល ដល់គ្រឹះស្ថានបណ្តុះបណ្តាល។
លោកបានឲ្យដឹងថា កម្មវិធីអភិវឌ្ឍន៍ជំនាញ បានកសាងសមត្ថភាពអ្នកជំនាញទេសចរណ៍ គាំទ្រដល់ការបង្កើតប្រាក់ចំណូល ដល់បុគ្គលិកដែលមានជំនាញទាប និងបានរួមចំណែក ដល់ការអភិវឌ្ឍវិស័យទេសចរណ៍។
លោក ពេជ សោភ័ន បានបន្តថា ក្រសួងទេសចរណ៍ នឹងបន្តគាំទ្រកម្មវិធីអភិវឌ្ឍន៍ជំនាញ តាមរយៈយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ខ្លួន ដើម្បីលើកកម្ពស់សមត្ថភាព របស់អ្នកជំនាញទេសចរណ៍កម្ពុជា និងផ្តល់ឱកាសទទួលបានការវាយតម្លៃ និងការបណ្តុះបណ្តាលនៅនឹងកន្លែង និងតាមអនឡាញ ដែលអាចធានាដល់ការផ្តល់ជំនាញឡើងវិញ និងបន្ថែមជំនាញដល់អ្នកជំនាញទេសចរណ៍។
សូមបញ្ជាក់ថា ស្វីសខន់ថាក់ (មូលនិធិស្វីស សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស) គឺជាមូលនិធិឯករាជ្យ និងមិនរកប្រាក់ចំណេញដែលមានមូលដ្ឋានានៅទីក្រុងហ្សូរីច ប្រទេសស្វីស ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៥៩ ដោយអង្គភាពឈានមុខពីវិស័យឯកជន និងបណ្តាសាកលវិទ្យាល័យនៃប្រទេសស្វីស បានចូលរួមទាំងស្រុង ក្នុងការអភិវឌ្ឍអន្តរជាតិដែលមានវត្តមាននៅ៣៨ប្រទេស ជាមួយ១២០កម្មវិធី ដែលមានបុគ្គលិកសរុបជាង១,៤០០នាក់៕