(បាត់ដំបង)៖ សាកលវិទ្យាល័យបាត់ដំបង បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការបង្កើតសេចក្តីព្រាងការសិក្សាស្ថានភាពនិស្សិត ក្រោយបញ្ចប់ការសិក្សា (Tracer Study) នៅសាកលវិទ្យាល័យបាត់ដំបង» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២0 ដល់ ២១ ខែកក្កដា ឆ្នាំ២០២០ នៅសាកលវិទ្យាល័យបាត់ដំបង។
សិក្ខាសាលានេះ ស្ថិតក្រោមគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) ដែលផ្តល់ហិរញ្ញប្បទាន ដោយធនាគារពិភពលោក។ សិក្ខាសាលានេះ មានគោលបំណងសំខាន់ៗចំនួន៣គឺ៖
១៖ សិក្សាពីអត្រាមានការងារធ្វើជាទូទៅរបស់និស្សិត ក្រោយបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ
២៖ សិក្សាពីអត្រាមានការងារធ្វើរបស់និស្សិត ស្របតាមជំនាញដែលនិស្សិតបានសិក្សា
៣៖ សិក្សាពីប្រាក់កម្រៃទទួលបាន និងប្រភេទការងាររបស់និស្សិត ក្រោយបញ្ចប់ការសិក្សា។
លើសពីនេះទៅទៀត សិក្ខាសាលានេះ មានគោលបំណងក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និងកសាងសមត្ថភាពរបស់មន្រ្តីគ្រប់គ្រង និងមន្រ្តីរដ្ឋបាល ដើម្បីបង្កើតនូវគោលការណ៍ណែនាំ ស្តីពីការសិក្សាស្ថានភាពនិស្សិតក្រោយបញ្ចប់ការសិក្សា។
សិក្ខាសាលានេះ នឹងជួយគាំទ្រសាកលវិទ្យាល័យបាត់ដំបង ក្នុងការរៀបចំប្រព័ន្ធនៃការសិក្សាស្ថានភាពនិស្សិត ក្រោយបញ្ចប់ការសិក្សា សម្រាប់ផលិតរបាយការណ៍លទ្ធផល នៃការសិក្សាផ្លូវការមួយ។
សាកលវិទ្យាល័យបាត់ដំបង នឹងដាក់ជូនរបាយការណ៍លទ្ធផល នៃការសិក្សាទៅក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យបាត់ដំបង និងផ្សព្វផ្សាយជូនសាធារណៈជន តាមប្រព័ន្ធទំនាក់ទំនងសង្គម និងគេហទំព័រផ្លូវការ របស់សាកលវិទ្យាល័យបាត់ដំបង។
របាយការណ៍លទ្ធផលនៃការសិក្សានេះ នឹងជួយកែលម្អកម្មវិធីសិក្សា របស់សាកលវិទ្យាល័យបាត់ដំបង ប្រកបដោយគុណភាព ឆ្លើយតបទៅនឹងតម្រូវការសង្គម និងទីផ្សារការងារជាតិ និងអន្តរជាតិ។
លោកស្រី សៀង ឯមទទឹម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបាត់ដំបង បានថ្លែងបើកអង្គសិក្ខាសាលានេះ និងបានមានចំណាប់អារម្មណ៍ថា សិក្ខាសាលានេះ នឹងផ្តល់ចំណេះដឹងជាមូលដ្ឋាន និងធាតុចូលយ៉ាងសំខាន់ ក្នុងការបង្កើតសេចក្តីព្រាងការសិក្សាស្ថានភាព និស្សិតក្រោយការបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ បាត់ដំបង ប្រកបដោយគុណភាព និងប្រសិទ្ធភាពឆ្លើយតប ទៅនឹងផែនការយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យបាត់ដំបង ផែនការយុទ្ធសាស្រ្តអប់រំ ឆ្នាំ២០១៩-២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាយើង។
ក្នុងអង្គសិក្ខាសាលានេះផងដែរ លោកស្រី សាកលវិទ្យាធិការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ធនាគារពិភពលោក ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេស លោកបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ហង់ ជួន ណារ៉ុន លោក យ៉ក់ ង៉ុយ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគម្រោងកែលម្អ ការអប់រំឧត្តមសិក្សា (HEIP) និងលោក ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា និងជាប្រធានគម្រោងកែលម្អការអប់រំឧត្តមសិក្សា។
សូមរំលឹកផងដែរថា ដើម្បីការការពារសុវត្ថិភាពជំងឺកូវីដ១៩ សាកលវិទ្យាល័យបាត់ដំបង បានរៀបចំវាស់កំដៅ លាងដៃនិងអាល់កុល ពាក់ម៉ាស និងមានគម្លាតសុវត្ថិភាព ដល់បុគ្គលិកអប់រំជាសិក្ខាកាម ដែលបានចូលរួមស្របតាមនីតិវិធី របស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាលផងដែរ៕