(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកស្រី នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំសហការីនាំយកអំណោយចែកជូនប្អូនប្រជាពលរដ្ឋចំនួន ៣៨២គ្រួសារ មកពី២ឃុំ គឺឃុំកំពង់ចិនត្បូង និងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុង មានជីវភាពខ្វះខាត ដោយរងផលប៉ះពាល់ពីការរីករាលដាលនៃមេរោគ Covid-19។
លោក សុខ លូ បានពាំនាំការផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេច ទាំងទ្វេរតែងតែយកចិត្តទុកដាក់ ដល់សុខទុក្ខបងប្អូនជនរួមជាតិទាំងអស់ មិនឱ្យពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយសារទុគ៌តភាពឡើយ។ លោកសង្កត់ធ្ងន់ថា បរិកាស Covid-19 នេះ បានធ្វើឱ្យសេដ្ឋកិច្ចសកលលោក ក៏ដូចជាកម្ពុជា មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលជះឥទ្ធិពលមកដល់ជីវភាពពលរដ្ឋគ្រប់ៗគ្នា។
លោក សុខ លូ បានកោតសរសើរខ្ពស់ដល់រដ្ឋបាលស្រុកស្ទោង ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងធ្វើយុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹងការរីករាលដាលរបស់មេរោគ Covid-19 យ៉ាងមានប្រសិទ្ធភាពគឺគ្មានការរីករាលដាលក្នុងសហគមឡើយ។
លោកបានជំរុញឲ្យឱ្យអាជ្ញាធរបន្តកិច្ចការនេះជានិរន្តរ៍ លើសពីនេះសូមបងប្អូនពលរដ្ឋគ្រប់គ្នារស់នៅប្រកបដោយអនាម័យ និងអនុវត្តវិធានការពារ ការីករាលដាល របស់មេរោគ Covid-19 ឱ្យបានជាប្រចាំហើយបងប្អូនដែលទើបត្រឡប់មកពីបរទេស សូមអនុវត្តចត្តាឡីស័កឱ្យបានត្រឹមត្រូវដើម្បីសុវត្ថិភាពខ្លួនឯង ក្រុមគ្រួសារ និងសហគមយើងគ្មាន Covid-19 ហើយចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់គ្នា។
សូមបញ្ជាក់ថា អំណោយដែលគ្រួសារនីមួយៗ ទទួលបាននៅពេលនេះរួមមាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ សាប៊ូមួយដុំ ច្រាសដុសខោអាវមួយ៕