(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងនគរបាលខេត្តកំពង់ធំ និងកម្លាំងអធិការក្រុងស្ទឹងសែន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរកន្ធរ បានចុះជួយលំនៅដ្ឋាន របស់ប្រជាពលរដ្ឋចំនួន ១៥ខ្នង ចំនួន៤ភូមិ នៃសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានរបើកដំបូល និងតួផ្ទះទាំងមូលធ្លាក់ចេញពី ជើងសសរ ដោយសារគ្រោះធម្មជាតិ ភ្លៀងលាយឡំនឹងខ្យល់កន្រ្តាក់កាលពីវេលាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ។
លោក ជីវ គឹមអ៊ុន ចៅសង្កាត់អូកន្ធរ ក្រុងស្ទឹងសែន ប្រាប់ឲ្យដឹងថា បន្ទាប់មកភ្លៀងបានធ្លាក់លាយឡំទៅដោយខ្យល់កន្រ្តាក់ថែមទៀតនោះ បានធ្វើឲ្យលំនៅដ្ឋាន របស់ប្រជាពលរដ្ឋចំនួន ១៥ខ្នង ត្រូវរងការខូចខាតក្នុងនោះមានភូមិព្រែកស្បូវចំនួន ២ខ្នង ភូមិអូរកន្ធរជើងចំនួន១ខ្នង អូរកន្ធរត្បូងចំនួន៤ខ្នង និងភូមិបឹងលៀសចំនួន៨ខ្នង។ ផ្ទះដែលរងគ្រោះខូតខាតទាំងស្រុងចំនួន២ខ្នង ដែលស្ថិតនៅភូមិបឹងលៀស គឺផ្ទះលោកស្រី ឈុំ យី និងផ្ទះលោក សៀន លាប ចំនែកឯផ្ទះចំនួន ១៤ខ្នងផ្ទះទៀត គ្រាន់តែខូចខាតរបើកដំបូងតែប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានឱ្យដឹងថា ដោយមានការណែនាំពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ រូបលោកក៏បានចាត់ឲ្យកម្លាំង នគរបាលស្នងការខេត្ត និងកម្លាំងអធិការក្រុងសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរកន្ធរ ចុះទៅដល់ទីតាំងរងគ្រោះខាងលើដោយបានជួយរុះរើផ្ទះរបស់ប្រជា ពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់បណ្តាលឲ្យរងការខូចខាត ដោយបានប្រមូលស័ង្កសី និងឈើធ្វើ ផ្ទះដាក់ប្រមូលផ្តុំទុកមួយដុំតាមផ្ទះនីមួយៗ ដោយរង់ចាំពួក គាត់សាងសង់ឡើងវិញនៅពេលណាមួយ។
លោកឧត្តមសេនីយ៍ អ៊ុក កុសល ក៏បានជួយឧបត្ថម្ភជាស័ង្កសីចំនួន ៦០សន្លឹក ដល់គ្រួសារចំនួន៥ ក្នុងនោះរួមគ្រួសារឈ្មោះ ឈុំ យី ចំនួន២០សន្លឹក, ឈ្មោះ សៀន លាប ចំនួន ១៥សន្លឹក, ឈ្មោះ ជុក ប៉ុន ចំនួន ១៥សន្លឹក, ឈ្មោះ អ៊ុ អឿន ចំនួន ៦សន្លឹក និង ឈ្មោះ អ៊ុ ង៉ា ចំនួន ៤សន្លឹង ផងដែរ។
លោកឧត្តមសេនីយ៍ អ៊ុក កុសល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិនេះ ពីព្រោះថារដូវនេះជារដូវភ្លៀង ដែលមានភ្លៀងខ្យល់ រន្ទះ លាយឡំជាមួយគ្នាដែលធ្វើឱ្យខូចខាត់ទ្រព្យសម្បត្តិ បើហ៊ានតែប្រហែសបន្តិចអាចធ្វើឱ្យបាត់បង់នៅអាយុជីវិតទៀតផង ជាពិសេសកូនចៅ និងក្រុមគ្រួសារត្រូវ តែថែរក្សាសុខភាពឱ្យបានល្អ៕